តើម៉ាកយីហោល្បីៗប៉ុន្មានបានហក់ចូលទីផ្សារកម្ពុជា និងម៉ាកយីហោប៉ុន្មានបានចាកចេញ

0

ដោយៈ ប៊ី

ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ប៊្រែនផ្សារលក់រាយថ្មី មានចំនួន២៦ប៊្រែន និងពង្រីកសាខាចំនួន៤០កន្លែង នៅទីផ្សារកម្ពុជា ខណៈប៊្រែនផ្សារលក់រាយចំនួន៩ ត្រូវបានបិទ និងចំនួន៧បានចាក់ចេញ គិតរហូតដ់ដើមឆ្នាំនេះ។

លោកស្រីអាន សុធីតាអគ្គនាយកាក្រុមហ៊ុន CBRE Cambodia បានមានប្រសា​សន៍ប្រាប់កាលពីថ្មីៗនេះថា បញ្ហាចម្បង ដែលប្រ៊ែនត្រូវបានបិទ និងចាកចេញ គឺកត្តា “កម្លាំ​ងទិញ” ដោយសារឥទ្ធិពលនៃការទិញរបស់ប្រជាជនយើង នៅមានកម្រិតនៅឡើយ។ តួលេខខាងលើនេះ ជារបាយការណ៍ដែលបានកត់ត្រា កាលពីឆ្នាំ២០២០កន្លងមកនេះ ខណៈឆ្នាំ២០២១មិនទាន់ឃើញសញ្ញាវិជ្ជមាននៅឡើយទេ។

លោកស្រីបានព្រមានថា “ការផ្គត់ផ្គង់ទីផ្សារលក់រាយ នឹងអាចលើសតម្រូវការនៅឆ្នាំ២០២១ ខណៈអត្រាទីផ្សារលក់រាយនៅឆ្នាំ២០២១នេះ រំពឹងថានឹងមានកំណើនកើនដល់១៨៦ ០០០ម៉ែត្រការ៉េ ដែលជាទំហំមួយដ៏ធំ សម្រាប់ការផ្គត់ផ្គង់”។

លោកស្រីអាន សុធីតាបានថ្លែងថា ការផ្គត់ផ្គង់ទីផ្សារលក់រាយទំហំ១៨៦ ០០០ម៉ែ​ត្រការ៉េ គឺតួលេខធំ ដែលពិបាក ក្នុងការទាញយកអត្រាប្រើប្រាស់ពីអតិថិជន ហើយកាលពីឆ្នាំ២០២០ មានប៊្រែនមួយចំនួនត្រូវបានបិទ ប៉ុន្តែប៊្រែនថ្មីៗមួយចំនួនបានចូលមកដែរ។

លោកស្រីបានលើកឡើងថា “ការផ្គត់ផ្គង់ថ្មីៗ មិនអាចឈរជំហររ៉ឹងមាំបានទេ ប្រសិ​ន បើការផ្គត់ផ្គង់នៅតែបន្តកើនឡើងដូច្នេះ ព្រោះមនុស្សម្នាក់អាចចូលផ្សារពីរក្នុងពេលតែមួយបានទេ ហើយអាចទៅផ្សារបានរាល់ថ្ងៃនោះទេ”។

លោកស្រីបានថ្លែងថា កន្លងមក ទីផ្សារលក់រាយ គឺជាទីផ្សារមួយ ដែលមានសក្តានុពលធ្វើឱ្យអ្នកអភិវឌ្ឍន៍ ស្រូបទាញផលចំណេញបានខ្ពស់ បើប្រៀបនឹងផ្នែកផ្សេងៗ។ ដោយឡែកផ្នែកនេះត្រូវការមានជំនាញ និងបច្ចេកទេស ជាមួយដើមទុនគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍ផ្សារមួយបាន ហើយគាត់ (អ្នកអភិវឌ្ឍន៍) ចាប់ផ្តើមប្រកួតប្រជែងអភិវឌ្ឍន៍ ប៉ុន្តែភ្លេចគិតពីចំនួននៃការផ្គត់ផ្គង់ និងអតិថិជនជួល។

លោកស្រីបានថ្លែងទៀតថា “ខ្ញុំមើលឃើញថា ទីតាំងខ្លះ មានផ្សាររហូតដល់ទៅ៣នៅទីតាំងក្បែរៗគ្នា ហើយនេះគឺជាកត្តាហានិភ័យ និងកត្តាព្រួយបារម្ភបំផុត ហើយអ្នកអភិវឌ្ឍន៍ ទោះបីដឹងថា ខ្លួនឯងអាចធ្វើផ្សារបាន តែមិនគួរធ្វើទេ បើសិនជាវាមានការផ្គត់ផ្គង់លើសតម្រូវការ”។

លោកស្រីបានបន្តទៀតថា គម្រោងទីផ្សារលក់រាយមានទំហំ១៨៦ ០០០ម៉ែត្រការ៉េក្នុង ដែលរពឹងទុកថានឹងបញ្ចប់ឆ្នាំ២០២១ នឹងត្រូវបានពន្យាពេល ប្រសិនបើអ្នកអភិវឌ្ឍន៍មិនអាចស្វែងរកអតិថិជនជួលបាន ហើយមានយឺតយ៉ាវក្នុងការសាងសង់ ដូច្នេះប្រហែ​លជាការផ្គត់ផ្គង់ មិនអាចមានទំហំដល់១៨៦ ០០០ម៉ែត្រការ៉េនោះទេក្នុងឆ្នាំ២០២១ និងអាចពន្យាពេលដល់២០២២ ឬ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here