អ្នកជំនាញ៖ តើ​ភាពរ​រីកចម្រើន និង​ការអភិវឌ្ឍ​សំណង់ខ្ពស់ៗនៅ​រាជធានី​ភ្នំពេញ ប្រឈម​បញ្ហា​អ្វីខ្លះ?

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅត្រឹម​រយៈពេល​ជិត២ទសវត្សរ៍​ចុងក្រោយ​នេះ វិស័យ​អចលនទ្រព្យ​កម្ពុ​ជាមាន​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​យ៉ាងខ្លាំង ជាពិសេស​បាន​កែប្រែ​តំបន់​ដាច់ស្រយាល តំបន់​ដី​ទំនេរ​ទៅ ជា​បណ្តុំ​សំណង់​អគារ​យ៉ាង​ស្អេកស្កះ។

ប៉ុន្តែ​ជាមួយនឹង​វឌ្ឍនភាព​ទាំងអស់នេះ អ្នកជំនាញ​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​បាន​លើកឡើងថា ភាព​រីកចម្រើន​នៃ​វិស័យ​អចលនទ្រព្យ ជាពិសេស​ផ្នែក​សំណង់​នាពេល​បច្ចុប្បន្ននេះ គឺ​នៅតែ​ប្រឈម​ទៅនឹង​បញ្ហា​នៅឡើយ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា CBRE Cambodia លោកស្រី​អាន សុធី​តា បាន​មានប្រសាសន៍​ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្នុង  រយៈពេល​ជិត២០ឆ្នាំ​ចុង​ក្រោយនេះ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ពិតជា​មាន​ភាព​រីកចម្រើន​ខ្លាំង ជាមួយនឹង​ការកកើត​នូវ​សំណង់​អាគារ​តូច ធំ​យ៉ាង​ស្អេកស្កះ ជាពិសេស​សំណង់​អគារខ្ពស់ៗ បាន​សាងសង់​ព្រោងព្រាត នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុងនាម​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​ប្រចាំ​ប្រទេស។

លោកស្រី​បាន​បញ្ជាក់ថា “កាលពី​ប្រមាណ២០ឆ្នាំមុន នៅពេល​និយាយ​ពី​ទីផ្សារ​អចលនទ្រព្យ ហាក់​មិនមាន​អ្នក​ស្គាល់​ច្បាស់​ច្រើន​នោះទេ ហើយ​ចំពោះ​អ្នករកស៊ី​នៅក្នុង​វិស័យនេះ ភាគច្រើន​អ្នកមាន​លុយ គឺមាន​ទិញ​ទុក​សម្រាប់​លក់​បន្ត​តែប៉ុណ្ណោះ ដោយ​មិនមាន​គំនិត ឬ​គម្រោង​អភិវឌ្ឍ​ដី​ទំនេរ​ឱ្យ​លេចចេញ​ជា​សំណង់ សម្រាប់​បម្រើ​ផលប្រយោជន៍​ក្នុង​វិស័យ​ណាមួយ​នោះទេ” ។

លោកស្រី​បន្តថា អ្វីដែល​ជាការ​គួរឱ្យកត់សម្គាល់​ខ្លាំង គឺ​ទើបតែ​ប្រមាណ១០មុននេះ ក្រោយពេល​មាន​ក្រុមហ៊ុន​បរទេស​ចូលមក​វិនិយោគ និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដែល​ក្រៅពី​នាំយក​ទុន បច្ចេកទេស និង​ជំនាញ​មកជា​មួយ​នោះ បាន​ជួយផ្តល់​ជា​បទពិសោធន៍​ដល់​អ្នក​ក្នុងស្រុក​ឱ្យមាន​គំនិត និង​គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​បន្តិចម្ដងៗដោយ ផ្តើមចេញពី​ការអភិវឌ្ឍ​ផ្នែក​លំនៅដ្ឋាន ក្រោយមក​មាន​ផ្នែក​សណ្ឋាគារ ផ្សារ​សហគមន៍ អគារ​ការិយាល័យ និង​ផ្សារ​ទំនើប​ជា​បន្តបន្ទាប់​រហូតមក​ដល់​សព្វថ្ងៃនេះ។

ជាមួយនឹង​ការលើកឡើង​ពី​ភាព​រីកចម្រើន និង​ការអភិវឌ្ឍន៍​ខាងលើនេះ លោកស្រី​អាន សុធី​តា បានលើកឡើង​ផងដែរ​ថា បើទោះជា​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុ​ជាមាន​ភាព​រីកចម្រើន ដូច​ការមើលឃើញ​នាពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​បញ្ហា​និង​ភាព​ប្រឈម​នៅក្នុង​ភាព​រីកចម្រើន​នេះ​នៅតែមាន ដែល​អាច​បង្ក​ជា​បញ្ហា​នៅពេល​អនាគត។

លោកស្រី​បញ្ជាក់ថា សម្រាប់តែ​ក្នុង​រាជធានី​ភ្នំពេញ ដោយសារ​មិនទាន់មាន​ការកំណត់​តំបន់ និង​ទំហំ​នៃ​ការអភិវឌ្ឍ យើង​ឃើញ​មាន​សំណង់​អគារ​តូចធំ ទាប​ខ្ពស់ ហាក់​មាន​ភាព​រប៉ាត់រប៉ាយ​លាយឡំ​គ្នា ដែល​មិនទាន់​មានការ​កំណត់ឱ្យ​បានច្បាស់លាស់​ថា តំបន់​សម្រាប់​អភិវឌ្ឍ​សំណង់​អគារ​ការិយាល័យ​ជួល តំបន់​ណា​ជា​សំណង់​ខុន​ដូ តំបន់​ជា​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ពោលគឺ​អាស្រ័យ​តែ​លើ​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ដែល​ចង់បាន​ទីតាំង​ណា​សង់​នៅ​ទីតាំង​នោះបាន ដែល​វា​អាច​នឹង​កើតមាន​ជា​បញ្ហា​នៅ​ថ្ងៃក្រោយ ហើយ​ទាំងអស់នេះ ជា​កំហុស​ដែល​កើតមានឡើង​ពី​អ្នកវិនិយោគ និង​អភិវឌ្ឍន៍ កំហុស​ពី​ក្រុមហ៊ុន​ផ្តល់យោបល់ ក៏ដូចជា​កើតចេញពី​ស្ថាប័ន ដែល​ពាក់ព័ន្ធ​ផងដែរ​ដោយសារតែ​មិនមាន​ការគ្រប់គ្រង​ច្បាស់លាស់​នៅឡើយ។

លោកស្រី​ថា “នេះ​ជា​បញ្ហា​ធំ​ដែល​យើង​មើលរំលង ប្រសិនបើ​នៅ​តំបន់​មួយ​ដែល​មិនមាន​ការបែងចែក និង​កំណត់​គ្រប់គ្រង​ឱ្យបាន​ច្បាស់លាស់ នោះ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទាំងនោះ មិនអាច​ទទួលយកបាន​នោះទេ និយាយ​តែ​ការ​ចរាចរណ៍​តែមួយ​មុខ​ក៏​ជា​បញ្ហា ដែល​កើតចេញពី​ការមើលរំលង​បញ្ហា​មួយ​នេះដែរ” ។ លោកស្រី​បន្ថែមថា “ ដូច្នេះ​ត្រូវតែមាន​ការកំណត់​នូវ​ប្រភេទ​សំណង់ កំណត់​នូវ​ទំហំ​នៃ​ការសាងសង់​អាគារ​ឱ្យបាន​ត្រឹមត្រូវ ទើប​មានការ​អភិវឌ្ឍ​រក្សាបាន​នូវ​ភាពល្អប្រសើរ​ជា​និរន្តរភាព” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here