ដោយៈ រ៉ាណេត
ភ្នំពេញៈ ខុសប្លែកពីបណ្តាខេត្តមួយចំនួន ដែលនៅតែបន្តភាពស្ងប់ស្ងាត់ក្រោមឥទ្ធិពលនៃវិបត្តិជំងឺកូវីដ សម្រាប់ខេត្តក្រុងចំនួន៣ នៅតែបន្តមានសកម្មភាពទិញលក់ក្នុងទីផ្សារដីធ្លី រួមជាមួយនឹងសកម្មភាពអភិវឌ្ឍន៍គម្រោងជាច្រើនផងដែរ ដូចជា ខេត្តកំពត ខេត្តកែប និងខេត្តកំពង់ស្ពឺ។
ខេត្តកែប
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោកបណ្ឌិតតេង រិទ្ធី បានមានប្រសាសន៍ថា ខេត្តសម្រាប់ទីផ្សារដីធ្លីនៅក្នុងខេត្តកែប ហាក់មិនសូវជាទទួលរងនូវផលប៉ះពាល់នោះទេ ព្រោះកែបមិនមែនជាខេត្តទាក់ទាញ គម្រោងអភិវឌ្ឍន៍សំណង់ពាណិជ្ជកម្មធំៗ ដែលមានតម្លៃរាប់សិបលានដុល្លារនោះទេ ប៉ុន្តែជាគោលដៅទេសចរណ៍ដ៏ទាក់ទញ ដូច្នេះរាល់ការទិញលក់ដីធ្លីភាគច្រើន គឺបម្រើដល់វិស័យទេសចរណ៍។
លោកបន្តថា ក្នុងនោះវិនិយោគិនភាគច្រើន និងអ្នកអភិវឌ្ឍន៍ច្រើនសាងសង់ជាប្រភេទផ្ទះលំហែរកាយ នៅតាមតំបន់គោលដៅទេសចរណ៍ក្បែរមាត់ព្រែក តំបន់ជើងភ្នំ និងក្បែរតំបន់ឆ្នេរ។ ក្រៅពីនោះ ក៏មានគម្រោងអភិវឌ្ឍន៍បង្កើតជាបឹងហ្គាឡូ និងតំបន់ទេសចរណ៍លក្ខណៈធម្មជាតិ កែច្នៃ។
ខេត្តកំពត
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រីតាំង ហួរ បានទទួលស្គាល់ និងយល់ស្របទៅនឹងការលើកឡើងខាងលើនេះ ខណៈដែលលោកស្រីយល់ថាខេត្តកែប ជាខេត្តដែលមានទំហំតូច មិនសូវមានផ្ទៃដីទំនេរច្រើននោះទេ ដោយឡែកដី ដែលមានទីតាំងល្អមានភាពទាក់ទាញខ្លាំង ច្រើនតែនៅក្បែរតំបន់ឆ្នេរ តែស្ថិតក្រោមការគ្រប់គ្រងរដ្ឋ ដែលមិនអាចធ្វើការទិញលក់បាន។
លោកស្រីបន្តថា ខេត្តកែបខុសពីខេត្តកំពត ទាំងភាពទាក់ទាញលើគម្រោងវិនិយោគ ទាំងវិសាលភាពនៃទំហំដីធ្លី ព្រោះខេត្តកំពតមានវិសាលភាពធំធឹង ហើយតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នែ តំបន់អភិវឌ្ឍន៍ជាលំនៅដ្ឋាន ក៏ដូចជាតំបន់ពាណិជ្ជកម្មគឺមានច្រើនជាងខេត្តកែប។
លោកស្រីបញ្ជាក់ថា “បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ បន្ថែមពីលើតំបន់ទេសចរណ៍ដែលមានស្រាប់ ជាពិសេសតំបន់ ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ” ។ លោកស្រីបន្តថា “ជាមួយនឹងសកម្មភាពដែលកំពុងបន្តអភិវឌ្ឍន៍ ក៏មានគម្រោងថ្មីបន្តបន្ទាប់ទៀត ដែលមិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពជាក់មិនខាន” ។
ដោយឡែកសម្រាប់ការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន បែបលំហែរកាយនៅពេលបច្ចុប្បន្ន ត្រូវបានធ្វើឡើងជាច្រើនគម្រោង និងច្រើនកម្រិត ហើយតម្លៃក៏អាស្រ័យទៅតាមគម្រោងផងដែរ ដែលក្នុងនោះមានតម្លៃចាប់ពីជាង៣-៤ម៉ឺនដុល្លារឡើងទៅសម្រាប់លំនៅដ្ឋានបែបលំហែរមួយខ្នង។
ខេត្តកំពង់ស្ពឺ
ឧកញ៉ាម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយគេហទំព័រ propertyarea.asia កាលពីពេលថ្មីនេះថា ខេត្តកំពង់ស្ពឺ បានទាក់ទាញគម្រោងអភិវឌ្ឍន៍ លើវិស័យអចលនទ្រព្យជាច្រើន ទាំងតូច ទាំងធំ ពីវិនិយោគិនជាតិ និងអ្នកអភិវឌ្ឍន៍នៅក្នុងវិបត្តិនេះ។
លោកថ្លែងថា លោកសង្កេតឃើញមានគម្រោងអភិវឌ្ឍន៍ធំៗ ជាច្រើនរួមមានគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានផ្ទៃដីរាប់រយហិកតា គម្រោងអគារ និងគួបផ្សំជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តមួយនេះមានស្ថានភាពធំទូលាយ និងស្ថាបនាបានច្រើនខ្សែ ដែលទាំងនេះ បានធ្វើឱ្យខេត្តកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ម្យ៉ាងទៀត លោកក៏ឃើញមានក្រុមហ៊ុនធំៗជាច្រើន បានចាប់អារម្មណ៍សាងសង់លើអគារខ្ពស់ៗតំបន់សេដ្ឋកិច្ចពិសេស តំបន់លំហែរហែកាយ។
លោកបន្តថា និយាយជារួម ខេត្តកំពង់ស្ពឺ មានការចាប់អារម្មណ៍ខ្លាំងមែនពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក និងម្យ៉ាងទៀតខេត្តនេះ ក៏មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅច្រើន និងមានកម្មករកម្មការិនី បំរើការនៅក្នុងរោងចក្រច្រើន បើធៀបជាមួយនឹងប ណ្តាខេត្តមួយចំនួនរបស់កម្ពុជា”៕