តម្រូវការ​ដីធ្លី​មាន​ច្រើន​នៅ​ខេត្ត​ចំនួន៣ ប៉ុន្តែ​ការវិនិយោគ​មាន​សភាពផ្សេងៗគ្នា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខុសប្លែក​ពី​បណ្តា​ខេត្ត​មួយចំនួន ដែល​នៅតែ​បន្ត​ភាពស្ងប់ស្ងាត់​ក្រោម​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ សម្រាប់​ខេត្ត​ក្រុង​ចំនួន៣ នៅតែ​បន្ត​មាន​សកម្មភាព​ទិញ​លក់​ក្នុង​ទីផ្សារ​ដីធ្លី រួម​ជាមួយនឹង​សកម្មភាព​អភិវឌ្ឍន៍​គម្រោង​ជាច្រើន​ផងដែរ ដូចជា ខេត្តកំពត ខេត្ត​កែប និង​ខេត្តកំពង់ស្ពឺ។

ខេត្ត​កែប

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា លោក​បណ្ឌិត​តេង រិទ្ធី បាន​មានប្រសាសន៍ថា ខេត្ត​សម្រាប់​ទីផ្សារ​ដីធ្លី​នៅក្នុង​ខេត្ត​កែប ហាក់​មិនសូវ​ជា​ទទួលរង​នូវ​ផលប៉ះពាល់​នោះទេ ព្រោះ​កែប​មិនមែនជា​ខេត្ត​ទាក់ទាញ គម្រោង​អភិវឌ្ឍន៍​សំណង់​ពាណិជ្ជកម្មធំៗ ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ​នោះទេ ប៉ុន្តែ​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់​ទញ ដូច្នេះ​រាល់​ការទិញ​លក់​ដីធ្លី​ភាគច្រើន គឺ​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

លោក​បន្តថា ក្នុងនោះ​វិនិយោគិន​ភាគច្រើន និង​អ្នក​អភិវឌ្ឍន៍​ច្រើន​សាងសង់​ជា​ប្រភេទ​ផ្ទះ​លំហែរ​កាយ នៅតាម​តំបន់​គោលដៅ​ទេសចរណ៍​ក្បែរ​មាត់​ព្រែក តំបន់​ជើងភ្នំ និង​ក្បែរ​តំបន់ឆ្នេរ។ ក្រៅពីនោះ ក៏មាន​គម្រោង​អភិវឌ្ឍន៍​បង្កើតជា​បឹង​ហ្គា​ឡូ និង​តំបន់​ទេសចរណ៍​លក្ខណៈ​ធម្មជាតិ កែច្នៃ។

ខេត្តកំពត

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី​តាំង ហួរ បានទទួល​ស្គាល់ និង​យល់ស្រប​ទៅនឹង​ការលើកឡើង​ខាងលើនេះ ខណៈដែល​លោកស្រី​យល់ថា​ខេត្ត​កែប ជា​ខេត្ត​ដែលមាន​ទំហំ​តូច មិនសូវមាន​ផ្ទៃដី​ទំនេរ​ច្រើន​នោះទេ ដោយឡែក​ដី ដែលមាន​ទីតាំង​ល្អ​មាន​ភាព​ទាក់ទាញ​ខ្លាំង ច្រើនតែ​នៅក្បែរ​តំបន់ឆ្នេរ តែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ដ្ឋ ដែល​មិនអាច​ធ្វើ​ការទិញ​លក់បាន។

លោកស្រី​បន្តថា ខេត្ត​កែប​ខុសពី​ខេត្តកំពត ទាំង​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគ ទាំង​វិសាលភាព​នៃ​ទំហំ​ដីធ្លី ព្រោះ​ខេត្តកំពត​មាន​វិសាលភាព​ធំ​ធឹង ហើយ​តំបន់​ទេសចរណ៍ធម្មជាតិ ទេសចរណ៍​កែ​ច្នែ តំបន់​អភិវឌ្ឍន៍​ជា​លំនៅដ្ឋាន ក៏ដូចជា​តំបន់​ពាណិជ្ជកម្ម​គឺមាន​ច្រើនជាង​ខេត្ត​កែប។

លោកស្រី​បញ្ជាក់ថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ បន្ថែម​ពីលើ​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់ ជាពិសេស​តំបន់ ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ” ។ លោកស្រី​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុង​បន្ត​អភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ដោយឡែក​សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ​សម្រាប់​លំនៅដ្ឋាន​បែប​លំហែរ​មួយ​ខ្នង។

ខេត្តកំពង់ស្ពឺ

ឧកញ៉ា​ម៉ន សុខា ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​គេហទំព័រ propertyarea.asia កាលពីពេល​ថ្មី​នេះ​ថា ខេត្តកំពង់ស្ពឺ បាន​ទាក់ទាញ​គម្រោង​អភិវឌ្ឍន៍ លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន ទាំង​តូច ទាំង​ធំ ពី​វិនិយោគិន​ជាតិ និង​អ្នក​អភិវឌ្ឍន៍​នៅក្នុង​វិបត្តិ​នេះ។

លោក​ថ្លែងថា លោក​សង្កេតឃើញ​មាន​គម្រោង​អភិវឌ្ឍន៍ធំៗ ជាច្រើន​រួមមាន​គម្រោង​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដែលមាន​ផ្ទៃដី​រាប់រយ​ហិកតា គម្រោង​អគារ និង​គួបផ្សំ​ជាមួយនឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​ខេត្ត​មួយ​នេះ​មាន​ស្ថានភាព​ធំ​ទូលាយ និង​ស្ថាបនា​បាន​ច្រើន​ខ្សែ ដែល​ទាំងនេះ បានធ្វើឱ្យ​ខេត្ត​កំពុងមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង។

ម្យ៉ាងទៀត លោក​ក៏​ឃើញ​មាន​ក្រុមហ៊ុនធំៗជាច្រើន បាន​ចាប់អារម្មណ៍​សាងសង់​លើ​អគារខ្ពស់ៗតំបន់​សេដ្ឋកិច្ច​ពិសេស តំបន់​លំហែ​រហែ​កាយ។

លោក​បន្តថា និយាយ​ជារួម ខេត្តកំពង់ស្ពឺ មានការ​ចាប់អារម្មណ៍​ខ្លាំង​មែន​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​ក្រៅ​ស្រុក និង​ម្យ៉ាងទៀត​ខេត្ត​នេះ ក៏មាន​ដង់ស៊ីតេ​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន និង​មាន​កម្មករ​កម្មការិនី បំរើការ​នៅក្នុង​រោងចក្រ​ច្រើន បើ​ធៀប​ជាមួយនឹង​ប  ណ្តា​ខេត្ត​មួយចំនួន​របស់​កម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here