ដោយស៊ីវ ម៉េង
ភ្នំពេញៈ ការសម្រេចបានជោគជ័យរបស់ក្រុមហ៊ុនណាមួយ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែយុទ្ធសាស្ត្រនៃការប្រើប្រាស់មនុស្ស ក្នុងភាពជាអ្នកដឹកនាំមានសារៈសំខាន់ណាស់ ដើម្បីឲ្យក្រុមហ៊ុនមួយសម្រេចបានជោគជ័យ។
ផ្តើមពីក្រុមហ៊ុនតូចមួយកាលពីឆ្នាំ២០១៥ បច្ចុប្បន្នក្រុមហ៊ុន Century21 Mekong បានពង្រីកខ្លួនជាមួយចំនួនបុគ្គលិកកាន់តែច្រើន ដោយបច្ចុប្បន្នមានបុគ្គលិកកើនឡើងដល់ជាង ៣០០នាក់ (ទាំងបបុគ្គលិកពេញម៉ោង និងបុគ្គលិកធ្វើការក្រៅម៉ោង)។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Century21 Mekong បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញថា ក្នុងការប្រឡូកលើវិស័យអចលនទ្រព្យជាង ១០ឆ្នាំ ទើបលោកបានសម្រេចចិត្ត បើកក្រុមហ៊ុននៅឆ្នាំ២០១៥ ជាមួយក្រុមការងារដែលមានភាពជឿជាក់ យើងផ្តល់ឳកាសឲ្យគ្នាទៅវិញទៅមក ដោយរៀនផង ធ្វើផង។លោកបន្តថា ជាមួយនឹងក្រុមការងារមានភាពស្រុះស្រួល និងផែនការការងារច្បាស់លាស់ បច្ចុប្បន្ន Century21 Mekong បានពង្រីកសាខាចំនួន៤ មានបុគ្គលិកបំពេញការងារពេញម៉ោងចំនួន១៧០នាក់ និងបុគ្គលិកធ្វើការក្រៅម៉ោងចំនួនជាង ១០០នាក់ សរុបជាង ៣០០នាក់។
លោកបន្តថា “ យើងធ្វើការដោយផ្តោតលើមនុស្សបួនប្រភេទ ព្រោះតាមការសិក្សាមនុស្សមានចំនួន ៤ប្រភេទ គឺក្រុមមនុស្ស D.I.S.C ដែលក្រុមមនុស្សប្រភេទនេះមានសមត្ថភាព និងភាពវាងវៃខុសៗគ្នា” ។
មនុស្សប្រភេទ D គឺជាមនុស្ស Dry ដែលយើងត្រូវប្រើគាត់ ជាមនុស្សជួរមុខ ដែលពួកគាត់តែងតែឆ្ពោះទៅមុខ ជាមួយការសម្រេចចិត្តច្បាស់លាស់ និងលឿន និងពុះពារទៅមុខ។
មនុស្សប្រភេទI គឺ Intelligent ដែលជាមនុស្សមានភាពឈ្លាសវៃ វាងវៃឈានមុខគេ និងមានគំនិតថ្មីៗជាប្រចាំ បង្កើតទំនិតថ្មី ដែលពួកគេមិនចូលចិត្តគំនិតចាស់ៗទេ តែពួកគេបង្កើតគំនិតថ្មីៗ ដើម្បីកែតម្រូវក្រុមហ៊ុន កែតម្រូវបែបផែនធ្វើការ ឲ្យមានភាពរីកចម្រើនរបស់ក្រុមហ៊ុន។
មនុស្សប្រភេទ S គឺជាក្រុម Supportive ដែលជាក្រុមមនុស្សកាន់ការងារផ្នែករដ្ឋបាល ឯកសារច្បាប់ និងការងារទាក់ទងនឹងឯកសារជាច្រើនទៀត។ មនុស្សប្រភេទនេះតែងតែជួយសម្រូលនិតិវិធីការងារបានល្អ និងមានភាពវាងវៃ។
មនុស្ស C ជា Compliance ជាក្រុមមនុស្សដែលតែងតែគិតពីច្បាប់ បទដ្ឋានគតិយុត្តិនានា ដោយពួកគាត់ជាអ្នករៀបចំយុទ្ធសាស្ត្រ និងធ្វើអ្វីមួយដោយផ្តោតលើការងារតាមច្បាប់ និងមូលដ្ឋានគតិយុត្តិនានា។
លោកច្រឹក សុខនីមបានបន្តថា “ក្រុមមនុស្សប្រភេទនេះ យើងអាចធ្វើតេស្តពួកគេតាមរយៈសំណួរ និងសង្កេតពីអត្តចរិករបស់គាត់ ហើយក្រុមមនុស្សប្រភេទ I និង D ពួកគាត់អាចធ្វើជាភ្នាក់ងារលក់ពូកែ ព្រោះមនុស្សប្រភេទនេះ មិនចូលចិត្តធ្វើអ្វីតាមគេនោះទេ” ។ លោកបន្តថា “ម្យ៉ាងទៀត ក្រុម Supportive នៅពេលក្រុមផ្សេងមានបញ្ហា ពួកគេតែងតែទៅស្វែងរកដំណោះស្រាយ និងសម្របសម្រួល” ។
លោកបន្តថា ក្រុមមនុស្សប្រភេទនេះ ជាក្រុមដែលត្រូវជ្រើសរើសមកធ្វើការក្នុងវិស័យអចលនទ្រព្យ ព្រោះពួកគេដឹងកន្លុកន្លៀត ច្បាប់ទម្លាប់ និងយល់ពីតម្រូវការរបស់អតិថិជនរបស់ពួកគាត់។លោកបន្តថា ការធ្វើការងារជាក្រុមបែបនេះ បុគ្គលិកមិនមានអារម្មណ៍ឯកាឡើយ ព្រោះពួកគេរង់ចាំគាំទ្រគ្នាទៅវិញទៅមក ឧទាហរណ៍អ្នកណាបោះភ្ញៀវមក មានក្រុមចាំជួយទំនាក់ទំនងការលក់តែម្តង៕