ដោយគង់ សូរិយា
ភ្នំពេញៈ វាមិនមែនជាសុបិនទេ ប៉ុន្តែវាជាការពិត ដែលកម្ពុជាបានឈានមុខគេក្នុង តំបន់អាស៊ាន ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ នោះគឺល្បឿនដ៏លឿននៃការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលបានបង្ហាញថា កម្ពុជាទទួលបានទុនវិនិយោគពីវិស័យសំណង់ទូទាំងប្រទេស ចំនួនប្រមាណ៦០,៨៧ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០០០ ដល់ដំណាច់ឆ្នាំ២០២០ ខណៈគម្រោងសាងសង់សរុបទូទាំងប្រទេសមានចំនួន៥៣ ២៨៧គម្រោង នៅលើផ្ទៃក្រឡាសរុបចំនួន១៥៣,៦២លានម៉ែត្រក្រឡា។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងទៀតថា គម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើង នៅទូទាំងប្រទេសមានចំនួន២ ១៨០អគារ ក្នុងនោះខេត្តព្រះសីហនុ មាន៦១៥អគារ។
អគារខ្ពស់ៗចាប់ពី៥ជាន់ ដល់៩ជាន់ មានចំនួន១ ១៧៦អគារ ហើយអគារចាប់ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន៦២៥អគារ អគារកំពស់ពី២០ជាន់ ដល់២៩ជាន់ មានចំនួន២០៧អគារ កំពស់ពី៣០ជាន់ ដល់៣៩ជាន់ មាន១២២អគារ និងអគារកំពស់ចាប់ពី៤០ជាន់ឡើង មានចំនួន៥០អគារ។
ក្រៅពីសំណង់អគារខ្ពស់ៗ កម្ពុជាក៏មានការវិនិយោគច្រើនទៅលើបុរីលំនៅឋានផងដែរ ដោយក្នុងនោះ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន៣៩៣គម្រោង។
ដោយឡែកគិតចាប់ពីឆ្នាំ២០០៨ ដល់ដំណាច់ឆ្នាំ២០២០ សំណង់សណ្ឋាគារវិញមានចំនួន១ ៩៣៧គម្រោង សំណង់អគារពាណិជ្ជកម្មមានចំនួន ២ ៦៥១គម្រោង សំណង់អគាររោងចក្រមានចំនួន១០ ៤២២គម្រោង និងសំណង់អគារពហុមុខងារ មានចំនួន២០៧គម្រោង។
លោកយិន លាងគង់ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល និងជាអ្នកបានតាមដាន និងវិភាគពីការវិវត្តន៍នៃសេដ្ឋកិច្ចកម្ពុជាបានថ្លែងថា វាមិនមែនជាសុបិនទេ ប៉ុន្តែវាជាការដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ឋសាស្ត្រ និងរៀបចំនូវមូលដ្ឋានក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្តិច្បាស់លាស់ពីរដ្ឋាភិបាល ទើបកម្ពុជាបានស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកវិនិយោគមកពីជុំវិញពិភពលោក ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
លោកបន្តថា “កត្តាសន្តិភាព ស្ថេរភាពនយោបាយដើរតួនាទីមុនគេ បន្ទាប់មកស្ថេរភាពសង្គម កំណើនសេដ្ឋកិច្ចដែលកម្ពុជា សម្រេចបានជាង៧ភាគរយក្នុងរយៈពេលវែង ការកែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល ពិតជាគាំទ្រដល់ការអភិវឌ្ឍទាំងនេះ” ។
លោកយិន លាងគង់ បានបន្តថា ការអនុម័តច្បាប់សហកម្មសិទ្ឋឆ្នាំ២០១០ ដោយអនុញ្ញាត្តឲ្យជនបរទេស អាចមានសិទ្ឋទិញផ្ទះចាប់ពីជាន់ទី១ឡើង ការធ្វើវិសោធនកម្មច្បាប់វិនិយោគ ដោយអនុញ្ញាត្តឲ្យជនបរទេស អាចបើកក្រុមហ៊ុននៅកម្ពុជា ដោយប្រើប្រាស់ទុនរបស់ខ្លួនបាន ១០០ភាគរយ ការមិនមាននិតិវិធីស្មុគ្រស្មាញ លើប្រព័ន្ឋបង់ពន្ឋ និងការរីកចម្រើន នៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពិតជាតម្លៃស្នូល ដែលរដ្ឋាភិបាលបានខិតខំយ៉ាងសកម្ម ដោយមិនខ្លាចនឿយហត់ ដើម្បីនាំកម្ពុជាឆ្ពោះទៅមុខ។
លោកបន្តថា “វាមិនមែនមិត្តភាពមួយមុខ ធ្វើឲ្យគេមកវិនិយោគនៅប្រទេសកម្ពុជាទេ ប៉ុន្តែការដែលម្ចាស់ផ្ទះបានរៀបចំខ្លួនរួចជាស្រេច និងមានមាយាទល្អផងដែរ ទើបអាចទាក់ទាញទុនវិនិយោគដ៏សម្បើមនេះ” ។ លោកបន្តថា “សុបិនរបស់សម្តេចតេជោ ដែលចង់ប្រែក្លាយកម្ពុជា ជាខ្លាសេដ្ឋកិច្ចនៅអាស៊ី បានសម្រេចកាលពីឆ្នាំ២០១៥ ដោយធនាគារអភិវឌ្ឍន៍អាស៊ី បានហៅកម្ពុជាជាខ្លាថ្មីរបស់អាស៊ី ព្រោះកំនើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា ដែលរុញប្រទេសនេះពីប្រទេសក្រីក្រ មានការអភិវឌ្ឍតិចតួច មកជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប” ៕