តើ​កត្តាសំខាន់ៗអ្វីខ្លះ​បានធ្វើ​ឲ្យ​កម្ពុជា​ទាក់ទាញ​ទំហំ​ទុនវិនិយោគ ៦០ពាន់​លាន​ដុល្លារ​លើ​វិស័យ​អចលនទ្រព្យ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ វា​មិនមែនជា​សុបិន​ទេ ប៉ុន្តែ​វា​ជាការ​ពិត ដែល​កម្ពុជា​បាន​ឈានមុខ​គេ​ក្នុង តំបន់​អាស៊ាន ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ នោះ​គឺ​ល្បឿន​ដ៏​លឿន​នៃ​ការអភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ។

យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញថា កម្ពុជា​ទទួលបាន​ទុនវិនិយោគ​ពី​វិស័យ​សំណង់​ទូទាំងប្រទេស ចំនួន​ប្រមាណ៦០,៨៧ពាន់​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ២០០០ ដល់​ដំណាច់ឆ្នាំ២០២០ ខណៈ​គម្រោង​សាងសង់​សរុប​ទូទាំងប្រទេស​មាន​ចំនួន៥៣ ២៨៧គម្រោង នៅលើ​ផ្ទៃក្រឡា​សរុប​ចំនួន១៥៣,៦២លាន​ម៉ែត្រក្រឡា។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​អគារខ្ពស់ៗចាប់ពី ៥ជាន់ឡើង នៅ​ទូទាំងប្រទេស​មាន​ចំនួន២ ១៨០អគារ ក្នុងនោះ​ខេត្ត​ព្រះសីហនុ មាន៦១៥អគារ។

អគារខ្ពស់ៗចាប់ពី៥ជាន់ ដល់៩ជាន់ មាន​ចំនួន១ ១៧៦អគារ ហើយ​អគារ​ចាប់ពី១០ជាន់ ទៅ១៩ជាន់ មាន​ចំនួន៦២៥អគារ អគារ​កំពស់​ពី២០ជាន់ ដល់២៩ជាន់ មាន​ចំនួន២០៧អគារ កំពស់​ពី៣០ជាន់ ដល់៣៩ជាន់ មាន១២២អគារ និង​អគារ​កំពស់​ចាប់ពី៤០ជាន់ឡើង មាន​ចំនួន៥០អគារ។

ក្រៅពី​សំណង់​អគារខ្ពស់ៗ កម្ពុជា​ក៏មាន​ការវិនិយោគ​ច្រើន​ទៅលើ​បុរី​លំនៅឋាន​ផងដែរ ដោយ​ក្នុងនោះ គម្រោង​បុរី​លំនៅឋាន និង​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​មាន​ចំនួន៣៩៣គម្រោង។

ដោយឡែក​គិត​ចាប់ពី​ឆ្នាំ២០០៨ ដល់​ដំណាច់ឆ្នាំ២០២០ សំណង់​សណ្ឋាគារ​វិញ​មាន​ចំនួន១ ៩៣៧គម្រោង សំណង់​អគារ​ពាណិជ្ជកម្ម​មាន​ចំនួន ២ ៦៥១គម្រោង សំណង់​អគារ​រោងចក្រ​មាន​ចំនួន១០ ៤២២គម្រោង និង​សំណង់​អគារ​ពហុ​មុខងារ មាន​ចំនួន២០៧គម្រោង។

លោក​យិន លាង​គង់ ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល និង​ជា​អ្នក​បាន​តាមដាន និង​វិភាគ​ពី​ការវិវត្តន៍​នៃ​សេដ្ឋកិច្ចកម្ពុជា​បាន​ថ្លែងថា វា​មិនមែនជា​សុបិន​ទេ ប៉ុន្តែ​វា​ជាការ​ដាក់ចេញ​នូវ​គោលនយោបាយ ផែនការ​យុ​ទ្ឋ​សាស្ត្រ និង​រៀបចំ​នូវ​មូលដ្ឋាន​ក្របខ័ណ្ឌ​ច្បាប់ បទដ្ឋាន​គតិយុត្តិ​ច្បាស់លាស់​ពី​រដ្ឋាភិបាល ទើប​កម្ពុជា​បាន​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​អ្នកវិនិយោគ​មកពី​ជុំវិញ​ពិភពលោក ក្នុង​រយៈពេល​ជាង២០ឆ្នាំ​កន្លងមកនេះ។

លោក​បន្តថា “កត្តា​សន្តិភាព ស្ថេរភាព​នយោបាយ​ដើរតួនាទី​មុនគេ បន្ទាប់មកស្ថេរភាព​សង្គម កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា សម្រេចបាន​ជាង៧ភាគរយ​ក្នុង​រយៈពេល​វែង ការកែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល ពិតជា​គាំទ្រ​ដល់​ការអភិវឌ្ឍ​ទាំងនេះ” ។

លោក​យិន លាង​គង់ បាន​បន្តថា ការអនុម័ត​ច្បាប់​សហកម្ម​សិ​ទ្ឋ​ឆ្នាំ២០១០ ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាចមាន​សិ​ទ្ឋ​ទិញ​ផ្ទះ​ចាប់ពី​ជាន់​ទី១ឡើង ការធ្វើ​វិសោធនកម្ម​ច្បាប់​វិនិយោគ ដោយ​អនុ​ញ្ញា​ត្ត​ឲ្យ​ជនបរទេស អាច​បើក​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយ​ប្រើប្រាស់​ទុន​របស់ខ្លួន​បាន ១០០ភាគរយ ការមិន​មាន​និតិ​វិធី​ស្មុ​គ្រ​ស្មាញ លើ​ប្រ​ព័​ន្ឋ​បង់​ព​ន្ឋ និង​ការរីកចម្រើន នៃ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ ពិតជា​តម្លៃ​ស្នូល ដែល​រដ្ឋាភិបាល​បាន​ខិតខំ​យ៉ាងសកម្ម ដោយ​មិន​ខ្លាច​នឿយហត់ ដើម្បី​នាំ​កម្ពុជា​ឆ្ពោះទៅមុខ។

លោក​បន្តថា “វា​មិនមែន​មិត្តភាព​មួយ​មុខ ធ្វើ​ឲ្យ​គេ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ការដែល​ម្ចាស់ផ្ទះ​បានរៀបចំ​ខ្លួន​រួចជាស្រេច និង​មាន​មាយា​ទ​ល្អ​ផងដែរ ទើប​អាច​ទាក់ទាញ​ទុនវិនិយោគ​ដ៏​សម្បើម​នេះ” ។ លោក​បន្តថា “សុបិន​របស់​សម្តេច​តេ​ជោ ដែល​ចង់​ប្រែក្លាយ​កម្ពុជា ជា​ខ្លា​សេដ្ឋកិច្ច​នៅ​អាស៊ី បានសម្រេច​កាលពី​ឆ្នាំ២០១៥ ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​ហៅ​កម្ពុជា​ជា​ខ្លា​ថ្មី​របស់​អាស៊ី ព្រោះ​កំនើន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​ប្រជាជន​កម្ពុជា ដែល​រុញ​ប្រទេស​នេះ​ពី​ប្រទេស​ក្រីក្រ មានការ​អភិវឌ្ឍ​តិចតួច មកជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here