ដោយៈ សហសេវិក
ភ្នំពេញៈ ថ្វីត្បិតតែ កម្ពុជាជួបវិបត្តិដោយសារតែកូវីដ១៩យ៉ាងណាក្ដី តែគេបានមើលឃើញគម្រោងអភិវឌ្ឍន៍ ដោយមានវិនិយោគិនបន្តដាក់ទុនវិនិយោគ ជាបន្តបន្ទាប់ ជាមួយនឹងក្ដីរំពឹងថា ស្ថានភាពនៃវិបត្តិដោយសារតែកូវីដ១៩ នឹងបានបញ្ចប់ហើយធ្វើឱ្យសេដ្ឋកិច្ចវិលទៅរកភាពដើមឡើងវិញ។
លោកង៉ែត ជូ សេដ្ឋវិទូមួយរូបនៅកម្ពុជា និងជាអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យបានឱ្យដឹងថា វិស័យអចលនវត្ថុកាលពីមុនមានវិបត្តិ គឺមានការកើនឡើងខ្ពស់ និងសកម្មភាពមមាញឹកខ្លាំង ដោយមានវិនិយោគិនក្នុង និងក្រៅប្រទេសជាច្រើនចូលមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះនៅពេលមានវិបត្តិដោយសារតែកូវីដ១៩ សកម្មភាពទាំងនោះ មិនបានផ្អាកទាំងស្រុងឬបញ្ឈប់នោះឡើយ ពោលគឺនៅតែមានសកម្មភាពវិនិយោគជាហូរហែ។
លោកបន្តថា “ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានច្រើនផ្នែកក្នុងនោះ មានដីធ្លីសម្រាប់កសិកម្ម សំណង់ រោងចក្រ និងការអភិវឌ្ឍអគារខ្ពស់ៗក្នុងរាជធានីភ្នំពេញជាដើម”។ លោកថា “អ្នកវិនិយោគដែលគិតតែផលចំណេញ វានឹងពិបាកបន្តិចក្នុងរយៈពេលនេះ តែអ្នកដែលវិនិយោគដែលគិតពីការវិនិយោគយូរអង្វែង គេនៅតែបន្តអភិវឌ្ឍន៍គម្រោងរបស់គេដដែល ដោយរំពឹងថាអ្វីៗនឹងប្រសើរ”។
ជាមួយគ្នានេះ អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា សកម្មភាពនៃការវិនិយោគលើវិស័យអចលនទ្រព្យ មិនបានផ្អាកនោះទេ ពិសេសគំរោងសាងសង់លំនៅដ្ឋាននានា ព្រោះគំរោងមួយមិនបញ្ចប់រយៈពេលពីរ ទៅបីខែនោះទេ ប៉ុន្តែសកម្មភាពនៃគំរោងវិនិយោគថ្មី អ្នកវិនិយោគហាក់កំពុងរង់ចាំមើលស្ថានភាពថា តើមានសភាពដូចម្តេចលើការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩។
លោកបន្តថា “លោកជឿថារដ្ឋាភិបាលនឹងអាចគ្រប់គ្រងស្ថានភាពនេះបាន ព្រោះយើងមានបទពិសោធន៍គ្រប់គ្រងបានល្អនាពេលកន្លងមក”៕