រដ្ឋាភិបាលបោះទុន២លានដុល្លារសាងសង់ផ្សារនៅតំបន់ព្រែកចាក ព្រំប្រទល់កម្ពុជា វៀតណាម

0

ដោយគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបានវិនិយោគទឹកប្រាក់២លានដុល្លារ ដើម្បីសាងសង់ផ្សារមួយ នៅតំបន់ព្រែកចាក ជាប់ព្រំប្រទល់ប្រទេសកម្ពុជា វៀតណាម ដែលគំរោងនេះបាននិងកំពុងដំណើរការ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកជាវ តាយអភិបាលខេត្តកំពតបានចុះចុះពិនិត្យទីតាំង សាងសង់ផ្សារគំរូ ព្រំដែន ជិតច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកកាលពីចុងសប្តាហ៍មុន។

ទីតាំងគម្រោងអភិវឌ្ឍសាងសង់ ផ្សារគំរូព្រំដែននេះគឺស្ថិតនៅ ក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត លើផ្ទៃដីចំនួន ២ ហ.ត ជាជំហានដំបូង តាមគម្រោងផែនការគឺក្នុងទំហំផ្ទៃដីសរុប៥០ ហ.ត។ គម្រោងនេះទៀតសោត គឺជាគម្រោងអាទិភាពទី២ បន្ទាប់ពីផ្សារគំរូព្រំដែនបានកសាងរួចរាល់នៅក្នុងខេត្ត ត្បូងឃ្មុំ ក្នុងចំណោមខេត្តនានាជាប់ព្រំដែនវៀតណាម។

នៅក្នុងជំហានដំបូងនេះដែរ គម្រោងនេះអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធ មានការកសាងតភ្ជាប់ផ្លូវ ក្នុងតំបន់ព្រំដែនរវាងកម្ពុជា វៀតណាម អគារផ្សារកម្ពស់២ជាន់រួមនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលប្រមាណ២លានដុល្លារ និងអាចសាងសង់បញ្ចប់នៅដើមឆ្នាំ ឬពាក់កណ្ដាលឆ្នាំ២០២២ខាងមុខនេះ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសនោះក៏បាន ស្នើដល់ អភិបាលខេត្ត ក៏ដូចអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ជួយសម្រួលនិងសហការបានល្អ ជាមួយនឹងក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការគម្រោងសាងសង់នេះ បានសម្រេចលទ្ធផលជោគជ័យឆាប់រហ័ស តាមគោលការណ៍របស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល។

លោកជាវ តាយ អភិបាលខេត្ត បានសំដែងការអបអរសាទរ និងគាំទ្រ សហការ ព្រមទាំងសង្ឃឹមថា សមិទ្ធផលនៃគម្រោងនេះ បន្ទាប់ពីកសាងរួចរាល់ហើយ នឹងអាចធ្វើ   ឱ្យការដោះដូរទំនិញតាមព្រំដែន មានលក្ខណៈកាន់តែល្អប្រសើរថែមទៀត នឹងធ្វើឲ្យជីវ​ភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងមួយកំរឹតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here