ដោយៈ ប៊ី
ភ្នំពេញៈ គម្រោងវិនិយោគអន្តរជាតិធំៗចំនួន៤ បានបោះទីតាំងវិនិយោគ និងប្រកាសទុនវិនិយោគ រាប់ពាន់លានដុល្លារនៅកម្ពុជា ទោះបីជាស្ថិតវិបត្តិកូវីដ១៩ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
គម្រោងវិនិយោគអន្តរជាតិធំៗទាំង៤នេះរួមមានៈ
ទី១) គម្រោងអភិវឌ្ឍន៍ទីក្រុងរាមថ្មី
ក្រុមហ៊ុន Canopy Sands Development សមាជិកនៃក្រុមហ៊ុន Prince Holding Group បានអនុម័តប្លង់មេសម្រាប់ទីក្រុងរាមថ្មី ដែលនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុនប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Canopy Sands Development នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។
គម្រោងទីក្រុងរាមថ្មីនេះ នឹងអភិវឌ្ឍន៍លើផ្ទៃដីទំហំ៨៣៤ហិកតា ដែលមានទុនវិនិយោគសរុបប្រមាណ១៦ពាន់លានដុល្លារ ហើយនឹងត្រូវអភិវឌ្ឍលើតំបន់ ដែលចំណាយពេល១០នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។
ទី២) គម្រោងអភិវឌ្ឍន៍វីឡារបស់ក្រុមហ៊ុនចិន
ក្រុមហ៊ុនវិនិយោគទុនមកពីប្រទេសចិនចំនួនពីរ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានរួមគ្នាបង្កើតគម្រោងអភិវឌ្ឍន៍វីឡាមួយ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារក្នុងប្រទេសកម្ពុជា ខណៈជំនាញលើកឡើងថា ការផ្គត់ផ្គង់លំនៅឋានក្នុងប្រទេសកម្ពុជា មិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។
ការបង្កើតផ្ទះវីឡារួមគ្នា រវាងក្រុមហ៊ុនMorgan Group និងក្រុមហ៊ុនJavan Group និងការបង្កើតគម្រោងនេះឡើង ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ដើម្បីសម្រេចនូវក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ទាំងប្រជាជនកម្ពុជា និងប្រជាជនបរទេសរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
គម្រោងដែលនឹងបង្កើត នៅក្នុងប្រទេសកម្ពុជានេះមានឈ្មោះថា Morgan Park Villa ស្ថិតនៅប៉ែកខាងកើត នៃរាជធានីភ្នំពេញ និងស្ថិតនៅតំបន់មាត់ទឹក នៃដងទន្លេមេគង្គដែលជាតំបន់ពេញនិយម សម្រាប់អភិវឌ្ឍន៍លំនៅឋានទំនើប។
ទី៣) សណ្ឋាគារលំដាប់ផ្កាយ៥នៅក្រុងព្រះសីហនុ
ក្រុមហ៊ុន Wyndham Hotels & Resorts ដែលជាក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ចដ៏ធំលើពិភពលោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសបើកដំណើរការសណ្ឋាគារលំដាប់ផ្កាយ៥របស់ខ្លួននៅក្រុងព្រះសីហនុ។
ក្រុមហ៊ុននេះ ជាប្រភេទក្រុមហ៊ុសណ្ឋាគារ និងផ្តល់សេវាកម្ម គ្រប់គ្រងសណ្ឋាគារធំជាងគេបំផុតលើពិភពលោក និងមានសណ្ឋាគារចំនួន៨៩០០កន្លែង នៅទូទាំងប្រទេសចំនួន៩៥នៅទ្វីបចំនួន៦ ។
ក្រុមហ៊ុននេះ បានបើកដំណើរសណ្ឋាគារដំបូងរបស់ខ្លួន (Howard Johnson Plaza by Blue Bay Sihanoukville) នៅប្រទេសកម្ពុជា។
សណ្ឋាគារ Wyndham Blue Bay Sihanoukville ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ មានកម្ពស់៣៦ជាន់ និងមានបន្ទប់៣២២ ដែលមានទីតាំងយ៉ាងល្អឥតខ្ចោះនៅឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន នៅយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។
ទី៤) គម្រោងផលិតវត្ថុធាតុដើមរបស់កាណាដា
ក្រុមហ៊ុន AREV Cambodia Brands Inc ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាដា AREV Nanotec Brand បានចាប់ផ្តើមដំណាក់កាលដំបូង នៃប្រតិបត្តិការផលិតវត្ថុធាតុដើម ដើម្បីគាំទ្រដល់ការផលិតអាហារបំប៉នរបស់ខ្លួន នៅជិតរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
គម្រោងនេះ នឹងប្រតិបត្តិការលើផ្ទៃដីទំហំ២០ហិកតា ដែលជាមូលដ្ឋានគាំទ្រដល់ការអភិវឌ្ឍវត្ថុធាតុដើម សម្រាប់ការច្នៃប្រឌិតផលិតផល អាហារបំប៉នរបស់ខ្លួន ដែលមានលើទីផ្សារនៅក្នុងត្រីមាសទី៣ឆ្នាំនេះ៕