ដោយ:គង់ សូរិយា
ភ្នំពេញៈ បណ្តាខេត្តជាប់តំបន់ឆ្នេរកម្ពុជា ឬតំបន់K4 បាននិងកំពុងពង្រីកមូលដ្ឋានទេសចរណ៍របស់ខ្លួន ដើម្បីទាក់ទាញទេសចរណ៍តាមផ្លូវទឹក ជាមួយបណ្តាប្រទេសជិតខាង។
ខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតជប៉ុនបានចុះហត្ថលេខា ដើម្បីទទួលជំនួយជាង១១លានដុល្លារអាមេរិក ដើម្បីទទួលជំនួយពីភាគីជប៉ុន ដែលជំនួយនេះ នឹងផ្តោតលើការអភិវឌ្ឍនាវាទេសចរណ៍ នៅខេត្តដ៏ល្បីល្បាញ និងជាខេត្តដែលមានការរីកចម្រើនយ៉ាងលឿននេះ។
កំពង់ផែស្វ័យត្ន ខេត្តព្រះសីហនុ ក៏បានកែលំអរដើម្បីជួយលើកកំពស់ និងសម្រូលការចូលចតនាវាទេសចរណ៍ធំៗពីអន្តរជាតិផងដែរ។
ខេត្តកំពត
ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ក្រសួងសាធារណៈការបាននិងកំពុងជម្រុញការសាងសង់កំពង់ផែ ដ៏ស្រស់ស្អាតដើម្បីទាក់ទាញកប៉ាល់តេសចរណ៍ពីប្រទេសវៀតណាម ប្រទេសថៃ ដើម្បីចូលចតផងដែរ។ កំពង់ផែដែលមានរាងដូចត្របកផ្កាឈូកនេះ បាននិងកំពុងសាងសង់ ដែលគ្រោងបញ្ចប់ក្នុងឆ្នាំនេះ។
ខេត្តកែប
ខេត្តតូចច្រឡឹងនេះ ក៏បាននិងកំពុងសាងសង់កំពង់ផែ ដែលមានរូបរាងដូចក្តាមថ្ម របស់ខ្លួនផងដែរ ដែលកំពង់ផែនេះ មានទីតាំងស្ថិតនៅក្បែរកំពង់ផែឆ្លង ទៅកាន់កោះទន្សាយសព្វថ្ងៃនេះ។
កំពង់ផែនេះបាននិងកំពុងសាងសង់ ដើម្បីជួយសម្រួលការតភ្ជាប់ជាមួយនឹងកំពង់ផែខេត្តកំពត ក៏ដូចជាលើកកំពស់បរិស្ថាន សោភ័ណភាព និងភាពប្រទាក់ក្រឡាគ្នាជាមួយនឹងកំពង់ផែនានាផងដែរ។
ខេត្តកោះកុង
បើតាមអភិបាលខេត្តកោះកុង លោកស្រីភូថង មិថុនាបានមានប្រសាសន៍ឲ្យដឹងថា ក្រសួងសាធារណៈការបានចុះសិក្សាពិនិត្យលទ្ឋភាព ដើម្បីសាងសង់កំពង់ផែទេសចរណ៍ថ្មីមួយ នៅក្រុងខេមរភូមិន្ទ ក្នុងទីរួមខេត្តកោះកុងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាលោកស្រីមិនបញ្ជាក់ឲ្យដឹងថា កំពង់ផែទេសចរណ៍ក្នុងខេត្តដែលធ្លាប់ដាច់ស្រយាលនេះ នឹងសាងសង់នាពេលណានោះទេ៕