អ្នកជំនាញៈ សកម្មភាពវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ផ្នែកកំពុងជួយជម្រុញវិស័យនេះឆ្ពោះទៅមុខ

0

ដោយៈរ៉ាណេត

ភ្នំពេញៈ ទោះជាស្ថិតនៅក្នុងបរិបថ ដែលកំពុងប្រឆាំងជាមួយនឹងព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍នាពេលបច្ចុប្បន្ន គេសង្កេតឃើញថាសកម្មភាពនៃការទិញលក់លំនៅដ្ឋានតម្លៃសមរម្យ ជាពិសេសគម្រោងដីឡូតិ៍នៅតែបន្តមាន ដែលជាចរន្តមួយជួយទ្រទ្រង់ និងជំរុញឱ្យទីផ្សារអចលនទ្រព្យនៅកម្ពុជានៅតែបន្តភាពរឹងមាំ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅរសៀថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ថា គ្រប់សកម្មភាពទិញលក់ជួលនៃផ្នែកណាមួយក្នុងទីផ្សារអចលនទ្រព្យ សុទ្ធតែជាចំណុចល្អ ដែលជួយធ្វើឱ្យវិស័យមួយនេះមានភាពរឹងមាំ ជាពិសេសចូលរួមជួយទ្រទ្រង់ទីផ្សារអចលនទ្រព្យ ដែលកំពុងប្រឈមនឹងវិបត្តិនាពេលបច្ចុប្បន្ន។

លោកបន្តថា “ទោះស្ថិតនៅក្នុងវិបត្តិនឹងជំងឺកូវីដ១៩ ក៏វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មិនការធ្លាក់ចុះមកនៅក្នុងកម្រិតសូន្យនោះទេ ពោលវាបាននឹងកំពុងមានដំណើរការទៅមុខ និងមានការគាំទ្រពីប្រជាពលរដ្ឋ”។លោកបន្ថែមថា “វិស័យអចលនទ្រព្យបានទទួលរងនូវផលប៉ះពាល់យ៉ាង ខ្លាំងចាប់តាំពីដើមឆ្នាំ២០២០នេះ(ការរីករាលដាលនៃជំងឺកូវីដ១៩) តាមរយៈការធ្លាក់ចុះនូវការទិញលក់ ប៉ុន្តែមិនធ្លាក់ថ្លៃ ហើយបច្ចុ​ប្បន្ននេះវិនិយោគិន ក្នុងវិស័យនេះក្នុងស្រុកនៅតែបន្តសកម្មភាពដដែល”។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកច្រឹក សុខនីម បានបញ្ជាក់ថា សម្រាប់វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នៅតែមានសកម្មភាព ដោយសារមានការគាំទ្រពីអតិថិជននៅក្នុងស្រុក ជាពិសេសដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយដីធ្លី និងមួយទៀត ការគាំទ្រពីធនគារនៅក្នុងស្រុក ដោយនៅតែបន្តផ្តល់កម្ចីនៅក្នុងវិស័យអចលនទ្រព្យ ហើយនេះគឺជារឿងល្អ ដែលធ្វើឱ្យវិស័យនេះនៅតែមានភាពល្អប្រសើរ បើទោះបីស្ថិតនៅក្នុងវិបត្តិយ៉ាងណាក៏ដោយ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់គេហទំព័រPropertyarea.asia កាលពីពេលថ្មីៗនេះថា ការចូលរួមទិញ និងវិនិយោគគ្រប់រូបភាព នៅក្នុងវិស័យអចលនទ្រព្យ ពីសំណាក់ប្រជាពលរដ្ឋ ដូចជា ទិញផ្ទះល្វែង ខុនដូ ទិញដីឡូតិ៍ និងដីធ្លីសម្រាប់បម្រើដល់ឧស្សាហកម្ម ក្នុងតម្លៃណាមួយនោះនឹងធ្វើឱ្យវិស័យនេះនៅតែឆ្ពោះទៅមុខ។

លោកបណ្ឌិតបន្តថា “ជាទូទៅយើងមើលឃើញថា តម្លៃអចលនទ្រព្យគ្រប់ប្រភេទនៅក្នុងដំណាក់កាលនេះ ហាក់មិនឡើងថ្លៃនោះទេ  ឬមានអ្នកខ្លះដែលបន្ទាន់លុយអាចលក់ក្នុងតម្លៃមួយក្រោមទីផ្សារ”។លោកបន្តថា “ដូច្នេះកាលណាតម្លៃអចលនទ្រព្យមិនទាន់បានឡើង និងមិនទាន់មានសន្ទុះឡើងលឿន ដោយសារកត្តាបែបនេះ(កូវីដ១៩) វាក៏ជាឱកាសសម្រាប់អ្នករកស៊ីក្នុងវិស័យនេះ ដែលមានលុយគ្រប់គ្រាន់ទិញទុកលក់បន្តយកចំណេញ ក្រោយពេលដែលវិបត្តិត្រូវបានបញ្ចប់”។

លោកបន្តថា ក្រោយពេលបញ្ហាត្រូវបានបញ្ចប់ទាំងស្រុង លោកជឿជាក់ថា១០០ភាគរយ តម្លៃអចលនទ្រព្យនឹងឡើងថ្លៃខ្ពស់ ដូច្នេះការទិញលក់អចលនទ្រព្យ នៅក្នុងរដូវកាលនេះ គឺជាឱកាសចំណេញនៅថ្ងៃក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here