ដោយៈគង់ សូរិយា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានបង្ហើបឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋាន ខេត្តមណ្ឌលគិរី គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក។
លោកស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១ មិនាកន្លងមកថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស និងក្រុមហ៊ុន Power China Group កំពុងសិក្សារួមគ្នា មុនឈានដល់ការចុះ កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាល ដើម្បីអាចចាប់ផ្តើមសាងសង់គំរោងនេះនៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ខាងមុខ។
លោកបន្តថា “ផែនការនេះមិនមានការប្រែប្រួលនោះទេ ការសាងសង់នឹងដំណើរការតាមការគ្រោងទុក ដោយទុនវិនិយោគព្រលាននេះ អាចមានទំហំទឹកប្រាក់កើនដល់១០០លានដុល្លារ” ។
នៅពេលលើកឡើងពីភាពជោគជ័យ របស់អាកាសយានដ្ឋាននេះ លោកស៊ិន ចាន់សិរីវុត្ថា បានជំរុញឲ្យពិនិត្យមើលផែនការ អភិវឌ្ឍន៍របស់ក្រសួងទេសចរណ៍ ដែលគ្រោងប្រែក្លាយខេត្តនេះជាតំបន់កសិឧស្សាហកម្ម ផ្តល់សេវាកម្មផ្គត់ផ្គង់បន្លែ បង្កាទៅកាន់មូលដ្ឋានទេសចរណ៍ទូទាំងប្រទេស ក៏ដូចជា ការលើកកំពស់វិស័យអេកូទេសចរណ៍។
ក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការមេរបស់ខ្លួន ដោយគ្រោងប្រែក្លាយខេត្តមណ្ឌលគិរីជាតំបន់់សេដ្ឋកិច្ចពហុបំណង គ្រោងប្រែក្លាយតំបន់ជុំវិញព្រលានយន្តហោះជាតំបន់ឧស្សាហកម្ម និងគ្រោងប្រែក្លាយតំបន់ធម្មជាតិក្នុងខេត្ត ជាមូលដ្ឋានសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍លំហែរកាយកម្រិតខ្ពស់មួយ។
រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែនបានអនុញ្ញាត្តឲ្យក្រុមហ៊ុន Power China Group វិនិយោគសាងសង់គំរោងនេះ តាមបែប BOT ហើយកាលពីពេលថ្មីៗនេះ សម្តេចតេជោបានបង្កើតគណកម្មការអន្តរក្រសួង ដើម្បីរៀបចំសហការជាមួយក្រុមហ៊ុនខាងលើ ក្នុងគោលដៅពន្លឿនការសាងសង់ព្រលានយន្តហោះនេះ៕