អ្នកជំនាញៈព្រឹត្តិការណ៍២០កុម្ភៈមិនរុញច្រានឱ្យតម្លៃដីធ្លីធ្លាក់ចុះនោះទេ

0

ដោយៈ ប៊ី

ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា បើទោះបីព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលសហគន៍ តម្លៃដីធ្លីមិនមានការធ្លាក់ចុះ ហើយមិនទាន់មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានណាមួយ ប្រកាសផ្អាកដំណើរការនោះទេ។

លោកឌឹត ចណ្ណានាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ព្រឹត្តិការណ៍២០កុម្ភៈ នៃការឆ្លងជំងឺកូវីដ១៩ចូលសហគន៍ជាថ្មី មិនមែនជាត្រឹមព្រឹត្តិការណ៍ ដែលកើតឡើ​ងលើកទី១នោះទេ ដោយមិនទាន់អាចវាយតម្លៃបានថា តើអាចប៉ះពាល់កម្រិតណាដល់វិស័យអចលនទ្រព្យប៉ុណ្ណានោះទេ។

ប៉ុន្តែលោកបានថ្លែងថា “រដ្ឋាភិបាលនឹងគ្រប់គ្រងព្រឹត្តិការណ៍នេះ ដូចទៅនឹងព្រឹត្តិ​ការណ៍មុនៗ ប៉ុន្តែទាមទារឱ្យមានការចូលរួម ពីប្រជាជនទាំងនៅកម្ពុជាយើង”។ លោកបន្តថា “ទោះបីព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ កើតឡើងក៏ដោយ ក៏មិនទាន់មានគម្រោងណាមួយ ដូចគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបុរី ប្រកាសផ្អាកឬបញ្ឈប់ដំណើរសាងសង់នៅឡើ​យទេ”។

លោកបានបន្តទៀតថា ទាក់ទងនឹងការទិញលក់ដីធ្លីវិញ នៅតែមានចរន្តធម្មតា ពិ​សេសនៅតំបន់ជាយក្រុង ដែលនៅតែមានសកម្មភផុលផុសរវាងអ្នកលក់ និងអ្នកទិញ។ មួយវិញទៀត តម្លៃដីធ្លីទាំងនៅក្នុងក្រុង និងជាយក្រុងមានទាន់សញ្ហាណាមួយ ដែលធ្លាក់ថ្លៃនោះទេ។

លោកឌឹត ចណ្ណាបានបន្តថា “កត្តាដែលធ្វើឱ្យតម្លៃដីធ្លីមិនធ្លាក់ចុះ និងគម្រោងអភិវឌ្ឍន៍នៅតែបន្តដំណើរការ ដោយសារការវិនិយោគដីធ្លី ជាការរយៈវិនិយោគរយៈធម្យម និងវែង ហើយគម្រោងអភិវឌ្ឍន៍គឺសម្រាប់រយៈពេលវែង ប៉ុន្តែព្រឹតិ្តការណ៍២០កុម្ភៈគឺរយៈពេលខ្លីប៉ុណ្ណោះ”។

ជាមួយគ្នានេះដែរ លោកបានថ្លែងទៀតថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ របស់កម្ពុជាគឺជាជំហានមួយដ៏ល្អសម្រាប់វិស័យសេដ្ឋកិច្ច ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា ព្រោះនៅពេលប្រជាជនទទួលបានវ៉ាក់សំាងគ្រប់គ្រាន់ ទាំងអ្នករកស៊ីទទួលបានក្នុងវិស័យអចលនទ្រព្យ និងអ្នកទេសចរណ៍ស្វែងរកអចលនទ្រព្យ សម្រាប់វិនិយោគចាប់ផ្តើមមានទំនុកចិត្ត ក្នុងការធ្វើប្រតិបត្តិការវិនិយោគរបស់ពួកគេឡើងវិញ។

ទោះបីជាស្ថិតក្នុងស្ថានភាពបែបនេះ អ្នកជំនាញបានលើកឡើងថា វិនិយោគិនអច​លនទ្រព្យអាចទាញយកឱកាសនេះ ទៅជាការវិនិយោគសម្រាប់ ផលចំណេញនាពេលអនាគត ពិសេសការវិនិយោគលើដីធ្លី។

អ្នកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ក្នុងស្ថានភាពមានវិបត្តិជំងឺកូវីដបែបនេះ ការវិនិយោគអចលនទ្រព្យជាឱកាសល្អបំផុត ព្រោះអចលនទ្រព្យដែលត្រូវការលក់ប្រញាប់នាពេលនេះ មានតម្លៃក្រោមទីផ្សារប្រមាណ៣០ភាគរយ។

អ្នកស្រីបន្តថា “នេះជាករណីអចលនទ្រព្យលក់ប្រញាប់ មិនមែនអចលនទ្រព្យទាំងអស់នោះទេ ប៉ុន្តែបើនិយាយពីស្ថានភាពទីផ្សារ វិលមករកភាពប្រក្រតីវិញនាពេលណា វាអាស្រ័យលើស្ថានភាពពិភពលោក”។

អ្នកស្រីបន្តទៀតថា “ទោះជាវិបត្តិកូវីដនៅកម្ពុជា មានភាពធូរស្រាលក៏ដោយ ក៏អ្នកវិនិយោគអន្តរជាតិ នៅតែមិនទាន់ចូលមកកម្ពុជានោះទេ ដោយសារពួកគេ មានអារម្មណ៍មិនទាន់មានសុវត្ថិភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here