ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅដើមឆ្នាំ២០២១នេះ បើទោះជាស្ថានភាពប្រឈមនឹងជំងឺកូវីដ១៩ នៅតែបន្ត ប៉ុន្តែចំពោះការអភិវឌ្ឍលើវិស័យលំនៅដ្ឋាននៅកម្ពុជា នៅតែបន្តសកម្មភាពជាមួយនឹងការប្រកួតប្រជែងគ្នា ដើម្បីអាចទទួលបានភាពជោគជ័យ ទៅលើគម្រោងវិនិយោគរបស់ខ្លួន។
អគ្គនាយកក្រុមហ៊ុន Premium Group លោកម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះថា ការប្រកួតប្រជែង បាននាំយកមកនូវភាពល្អប្រសើរ ដែលក្រៅពីផ្តល់ជម្រើសល្អសម្រាប់អតិថិជន វាក៏បានចូលរួមពង្រឹងកេរ្តិ៍ឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍កាន់តែខ្លាំង និងបង្កើនការផ្តល់ទំនុកចិត្តពីអតិថិជន ហើយអ្វីដែលសំខាន់គឺអាចពង្រឹងនូវគុណភាព វិស័យសំណង់នៅកម្ពុជាថែមទៀត ដូច្នេះការប្រកួតប្រជែងមានភាពចាំបាច់បំផុត។
លោកបានបញ្ជាក់ថា បច្ចុប្បន្នតំបន់ ដែលមានគម្រោងអភិវឌ្ឍន៍វិស័យសំណង់ និងលំនៅដ្ឋានគឺមាននៅជុំវិញរាជធានីភ្នំពេញ ដូចជា នៅតំបន់ផ្លូវជាតិលេខ៦ក្នុងខណ្ឌជ្រោយចង្វារ នៅតំបន់ផ្លូវ៥១ នៅព្រែកព្នៅ នៅតំបន់ផ្លូវជាតិលេខ៣ នៅតំបន់ព្រៃស នៅក្បែរផ្លូវ៦០ម៉ែត្រ ក៏ដូចជានៅតំបន់ផ្លូវជាតិលេខ១ ដែលមានទាំងគម្រោងលំនៅដ្ឋានកម្រិតសមរម្យ និងគម្រោងលំនៅដ្ឋានកម្រិតអភិជន ហើយគម្រោងសាងសង់ទាំងអស់នេះនៅមិនទាន់ឈានដល់ចំណុចឆ្អែតនៅឡើយនោះទេ។
ជាមួយគ្នានេះ លោកបណ្ឌិតគីម ហ៊ាង ប្រធានKw Cambodia និងជាអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យលំនៅដ្ឋានបានមានប្រសាសន៍ថា នៅពេលដែលវិស័យសំណង់កាន់តែមានភាពរីកចម្រើនខ្លាំង ការប្រកួតប្រជែងនៅលើទីផ្សារវិស័យមួយនេះ កាន់តែមានភាពតាន់តឹងខ្លាំង ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍ចាំបាច់ ត្រូវតែមានការយកចិត្តខ្ពស់ ទៅលើគុណភាពសំណង់ និងលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានទំនុកចិត្តពីអតិថិជន។
លោកបន្តទៀតថា “នៅលើទីផ្សាររួម មិនថាចំពោះតែវិស័យអ្វីនោះទេ ការប្រកួតប្រជែងគឺចាំចាប់ត្រូវតែខ្លាំងជាងដៃគូ និងប្រកបដោយទំនុកចិត្តខ្ពស់ ទើបអាចទទួលជោគជ័យ។ ឧទាហរណ៍ដូចជាវិស័យសំណង់លំនៅដ្ឋានជាដើម”។ លោកបន្តថា “ក្នុងខណៈពេលទីផ្សារអចលទ្រព្យ កំពុងមានការប្រកួតប្រជែងគ្នា អ្នកមានទុនវិនិយោគគ្រប់គ្រាន់នឹងទទួលបានជោគជ័យ។ ផ្ទុយទៅវិញ អ្នកប្រកាសគម្រោងហើយរង់ចាំប្រាក់ពីអតិថិជនយកទៅសាងសង់ មិនទទួលបានជោគជ័យនោះទេ ហើយថែមទាំងអាចប្រឈមមុខនឹងការសាងសង់មិនចប់ទៀតផង”។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា មានន័យថា ចំពោះអ្នកមានលុយសាងសង់គ្រប់គ្រាន់ដើម្បីលក់ គឺមិនប្រឈមនឹងបញ្ហានោះទេ ដែលពេលពួកគេសាងសង់ចប់ គម្រោងរបស់ពួកគេនឹងទទួលបានជោគជ័យ មិនមានបញ្ហាក្នុងទីផ្សារនោះឡើយ៕