អ្នកជំនាញ៖ ការវិនិយោគ​សំណង់ធំៗ អាច​ប្រសើរ​ឡើងវិញ​អាស្រ័យ​លើ​កំណើនសេដ្ឋកិច្ច​ជា​សាកល

0

ដោយៈ រ៉ា​ណេ​ត 

ភ្នំពេញៈ វិស័យ​សំណង់ និង​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្មធំៗ ដែល​កំពុង​ទទួលរង​នូវ​ផលប៉ះពាល់ ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​នាពេល​បច្ចុប្បន្ន អាច​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​បាន គឺ​អាស្រ័យទៅលើ​កត្តាសេដ្ឋកិច្ច​នៅ​កម្ពុជា​ទាំងស្រុង ថា​តើ​អាច​ស្រោចស្រង់​សេដ្ឋកិច្ច ឱ្យមាន​ភាពល្អ​ប្រសើរឡើង​វិញ​បាន​នៅពេលណា។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Advance បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ថា នៅក្នុង​វិស័យ​អចលនទ្រព្យ ត្រូវបាន​គេ​បែងចែក​ប្រភេទ និង​ផ្នែកផ្សេងៗពីគ្នា ហើយ​ផ្នែកនីមួយៗ ក៏​ទទួលរង​នូវ​ផលប៉ះពាល់​មិន​ដូចគ្នា​នោះដែរ។

លោក​បន្តថា “វា​មាន​ផ្នែកផ្សេងៗពីគ្នា ហើយ​ការ​ទទួលរង​នូវ​ផលប៉ះពាល់​ក៏មាន​កម្រិត​ខុសគ្នា​ដែរ។ មាន​ផ្នែក​ខ្លះ​ប៉ះពាល់​ខ្លាំង ដែល​ត្រូវ​ចំណាយពេល​យូរ ទម្រាំ​អាចមាន​ភាពល្អ​ប្រសើរឡើង​វិញ​បាន ហើយ​ផ្នែក​ដទៃទៀត​ប៉ះពាល់​តិចតួច និង​អាចមាន​លទ្ធភាព​វិល​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី” ។

លោក​ឡុង គឹមសួគ៌ បាន​បន្តថា ទីផ្សារ​ដីធ្លី​ក្នុង​ទ្រង់ទ្រាយ​តូច ឬ​សម្រាប់​សាងសង់​លំនៅដ្ឋាន និង​សម្រាប់​ការអភិវឌ្ឍន៍​ក្នុង​រូបភាព​អាជីវកម្មតូចៗ វា​ស្រដៀង​គ្នា​ទៅនឹង​ទីផ្សារ​លំនៅដ្ឋាន​ផ្ទាល់​ដី ដែលមាន​តម្លៃ​សមរម្យ​ដែរ ដែល​មិនសូវ​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ។ព្រោះ​វា​មាន​តម្រូវការ​ជាក់ស្ដែង​ច្រើន​ពី​អ្នក​ក្នុងស្រុក ដូច្នេះ​ទោះជា​គ្មាន​អ្នកវិនិយោគ​ដែលជា​ជនជាតិ​បរទេស​ចូលមក​កម្ពុជា ក៏​ទីផ្សារ​ទាំង២ផ្នែក​នេះ អាច​បន្ត​ដំណើរការបាន​រលូន សំខាន់​ឱ្យតែ​សភាពការណ៍​នាពេល​បច្ចុប្បន្ន ត្រូវបាន​ទប់ស្កាត់ និង​មាន​ភាព​ធូរស្រាល មនុស្ស​អាច​ចេញ​ដើរ​ច្រើន​វិញ នោះ​ទីផ្សារ​ទិញ​លក់​ក៏​ដើរ​វិញ​ដែរ។

ដោយឡែក​ពាក់ព័ន្ធ​ការវិនិយោគ និង​អភិវឌ្ឍន៍​ទៅលើ​គម្រោងធំៗ ដែលមាន​ទុន​រាប់លាន​ដុល្លារ អាច​ដំណើរការ​ល្អ្រ​សើរ​ឡើងវិញ បាន​នៅពេលណា​នោះ ត្រូវបាន​អ្នកជំនាញ​រូបនេះ​បញ្ជាក់ថា នៅ​មិនទាន់​អាច​សន្ម​ត់​ច្បាស់​បាន​នោះទេ​ថា វា​នឹង​ល្អប្រសើរ​នៅពេលណា​ឱ្យ​ប្រាកដ បើទោះជា​កម្ពុជា​នាំយក​វ៉ាក់សាំង មកចាក់​ជូន​ប្រជាជន​កម្ពុជា​ឥតគិតថ្លៃ​ក្នុងដំណាក់កាល​ដំបូង​នាពេលនេះ​ក៏ដោយ ព្រោះ​គម្រោង​វិនិយោគធំៗ ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ ច្រើនតែ​ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស ដូច្នេះ​ខណៈពេល​នៅតាម​ប្រទេស​មួយចំនួនធំ ហាក់​មិនទាន់មាន​ភាព​ធូរស្រាល​នៅឡើយ​នោះទេ។

លោក ឡុង គឹមសួគ៌ បាន​បញ្ជាក់ថា “ទោះជា​នៅក្នុង​ប្រទេស​យើង អាច​បញ្ចប់​ការឆ្លង​រាលដាល ហើយ​នៅតាម​បណ្តា​ប្រទេស​នានា ចាប់ផ្ដើម​ប្រើប្រាស់​វ៉ាក់សាំង​នៅ​ឆ្នាំ២០២១ក៏ដោយ ក៏​មិនអាច​ជំ​រុញឱ្យ​អ្នកវិនិយោគ​អន្តរជាតិ នៅតាម​ប្រទេស​ទាំងនោះ​ចូលមក​វិនិយោគ​នៅ​កម្ពុជាភ្លាមៗនោះដែរ” ។

លោក​បន្តថា ពួកគេ​ក៏ត្រូវ​ការ​ពេលវេលា​មួយ សម្រាប់​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ឡើងវិញ បន្ទាប់ពី​ជួប​វិបត្តិ​អស់​រយៈពេល​ជាង១ឆ្នាំ​កន្លងទៅនេះ។ ឥឡូវ​យើង​មើល​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា មាន​អ្នករកស៊ី និង​អ្នកវិនិយោគ​ច្រើនណាស់​ដែល​ជួប​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ ដោយសារតែ​ការយាយី​ពី​វិបត្តិ​ជា​សាកល​នេះ។ ដូច្នេះ​អ្នកវិនិយោគ​ទាំងនោះ​ក៏​ដូចគ្នា ធំ​ខាត​បង់ធំ តូច​ខាតបង់​តិច ចឹ​ង​ពួកគេ​ក៏ត្រូវ​ការ​ពេលវេលា​ដែរ។

លោក​បន្តថា “ខ្ញុំ​គិតថា​គម្រោង​វិនិយោគ​លើ​សំណង់​អគារធំៗ ដែលមាន​តម្លៃ​រាបលាន​ដុល្លារ​នៅ​កម្ពុជា អាចមាន​សន្ទុះ​ឡើងវិញ យ៉ាងហោចណាស់២-៣ឆ្នាំ​ទៀត ខណៈដែល​សេដ្ឋកិច្ច​សាកល​ចាប់ផ្តើម​មាន​ភាពរឹងមាំ​ឡើងវិញ” ។

ជាមួយគ្នានេះ អ្នកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បានលើកឡើង​ដ​ស្រដៀង​គ្នា​ថា បណ្តា​អ្នកវិនិយោគធំៗ ពួកគេ​មិនទាន់បាន​រៀបចំខ្លួន​រួចរាល់​សម្រាប់​ចេញ​វិនិយោគ​នៅ​បរទេស ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​ផងដែរ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ មិនទាន់មាន​ភាពប្រាក​ដ​ប្រជា ពិសេស​ប្រ​សិ​ទ្ឋ​ភាព​នៃ​វ៉ាក់សាំង​កូ​វីដ។

អ្នកស្រី​បន្តថា “បញ្ហា​សុវត្ថិភាព​របស់​ពួកគេ​ជា​រឿង​ចម្បង ដែល​អ្នកវិនិយោគធំៗតែង​គិតគូរ​ជា​ចម្បង ហេតុនេះ​ការមកដល់​របស់​អ្នកវិនិយោគ​បរទេសធំៗ ត្រូវការ​ពេលវេលា​ច្រើន​បន្ថែមទៀត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here