ដោយៈ រ៉ាណេត
ភ្នំពេញៈ តំបន់ដែលស្ថិតនៅត្រើយម្ខាង ប៉ែកខាងកើតរាជធានីភ្នំពេញ ដែលរដ្ឋាភិបាលគ្រោងនឹងសាងសង់ស្ពានតភ្ជាប់ ក្នុងពេលឆាប់ៗខាងមុខ ដែលជាទូទៅត្រូវបានគេផ្តោតទៅលើតំបន់អរិយក្សត្រ ស្វាយជ្រុំ និងល្វាឯម ដោយអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានអះអាងថា តំបន់ទាំងអស់នេះគឺជាគោលដៅចម្បង ដែលអ្នកវិនិយោគមិនគួរមើលរំលង ខណៈដែលសកម្មភាពទិញលក់ដីធ្លី និងការអភិវឌ្ឍគម្រោងសាងសង់នានាកំពុងមានភាពមមាញឹក។
ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Kw Sam Sn Realty លោកសំ សុខនឿន បានមានប្រសាសន៍ប្រាប់Property Area ឱ្យដឹងថា តំបន់អរិយក្សត្រ ល្វាឯម និងតំបន់ក្បែរខាងមួយចំនួនទៀតគឺជាគោលដៅសំខាន់ ដែលអ្នកវិនិយោគអចលនវត្ថុ គ្រប់ប្រភេទមិនគួរមើលរំលងក្នុងការវិនិយោគនោះទេ។
លោកបានបន្តថា “អរិយក្សត្រ ល្វាឯង និងតំបន់ជាប់ ឬជាយអារីក្សត្រនិងល្វាឯម ជាតំបន់មួយដែលស្ថិតនៅជិតនឹងរាជធានីភ្នំពេញ ប៉ុន្តែស្ថានភាពទីផ្សារ និងតម្លៃដីធ្លីនៅតំបន់ទាំងនេះនៅធូរថ្លៃនៅឡើយ ដែលអាចផ្តល់ឱកាសឱ្យអ្នកវិនិយោគ ទទួលបានចំណេញខ្ពស់ពីការទិញទុកវិនិយោគបន្តនៅថ្ងៃខាងមុខ”។
លោកសំ សុខនឿនបានបញ្ជាក់ថា “អរិយក្សត្រ ល្វាឯម និងតំបន់ជាប់នឹងអរិយក្សត្រ ក៏ដូចជាល្វាយឯម នឹងក្លាយជាតំបន់មួយដូចតំបន់ជ្រោយចង្វារ ដែលតំបន់ខ្លះនៃតំបន់ជ្រោយចង្វារ មានតំលៃរហូតទៅដល់៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
លោកបន្តថា “តម្លៃដីតាមបណ្តោយផ្លូវជាតិ៣៨០ ដែលជាផ្លូវមេមានតម្លៃពី៧០០-១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើចុះពីផ្លូវជាតិលេខ៣៨០ ចាប់ពី១-៤គីឡូម៉ែត្រ តម្លៃដីអាចមានចាប់ពី១៣០- ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងចំងាយពីផ្លូវជាតិលេខ ២៨០ ចាប់ពី៤-៨គីឡូម៉ែត្រ តម្លៃអាចចាប់ពី៨០-១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចំងាយពី៨- ២០គីឡូម៉ែត្រ តម្លៃចាប់ពី២៥-៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ”។ ប្រៀបធៀបទៅនឹងតំបន់ជ្រោយចង្វារ ចំងាយមិនខុសគ្នាទេទៅនឹងកណ្តាលក្រុងភ្នំពេញ ប៉ុន្តែតម្លៃដីគឺពិតជាខុសគ្នាខ្លាំងណាស់”។
លោក សុខនឿន បានពន្យល់ថា ជ្រាយចង្វារ និងអរិយក្សត្រ ឬល្វាឯម គឺខុសគ្នាត្រង់ថា ជ្រោយចង្វារមានស្ពានឆ្លង ហើយអរិយក្សត្រឬល្វាឯម មិនទាន់មានស្ពានឆ្លងតែប៉ុណ្នោះ។
លោកសំ សុខនឿនបានបន្ថែមថា លោកបានសម្លឹងមើលឃើញថា តំបន់អរិយក្សត្រ និងល្វាឯមឬតំបន់ជាប់នឹងល្វាឯម នឹងក្លាយជាក្រុងរណបសម្រាប់ការរស់នៅថ្មីមួយទៀតក្នុងពេលឆាប់ៗ ព្រោះសម្អាងទៅលើកត្តារួមផ្សំមួយចំនួនដូចជា ទី១ នៅពេលមានស្ពានឆ្លង នោះតំបន់នេះងាយស្រួចេញចូលមកកណ្តាលក្រុងភ្នំពេញ។ ទី២ បើមើលតាមភូមិសាស្ត្រ ល្វាឯម និងតំបន់ជាប់ល្វាឯម ពិតជាជិតទៅនឹងប្រលានយន្តហោះអន្តរជាតិភ្នំពេញណាស់។ ទី៣ ប្រសិនបើរាជរដ្ឋាភិបាលបង្កើតផ្លូវថ្មី១ តភ្ជាប់ពីមហាវិថីឈ្នះឈ្នះ កាត់តាមតំបន់ល្វាឯម និងតំបន់ជាប់ល្វាឯម ឆ្ពោះទៅប្រលានយន្តហោះថ្មី នោះតំបន់នេះនឹងក្លាយជាតំបន់ ដែលមានសក្ដានុពលផ្នែកខាងកើតនៃរាជធានីភ្នំពេញ ដែលអាចឆ្ពោះទៅប្រលានយន្តហោះបាន ដោយមិនចាំបាច់ឆ្លងកាត់តាមក្រុងភ្នំពេញ នាំឱ្យចំណាយពេលយូរ និងដោយការកកស្ទះចរាចរណ៍នោះទេ៕