សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានអញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រនៅព្រឹកនេះ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (អាស្ត្រាហ្សេនីកា AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រៅពីវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិបណ្ឌិត ក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលសំខាន់ៗដទៃទៀតផងដែរ ដូចជាសម្ដេចក្រឡា លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ៉ារីទ្ធ រួមទាំងថ្នាក់ដឹកនាំក្រសួង និងស្ថាប័ននានាជាច្រើននាក់ទៀត។

បន្ទាប់ពីចាក់វ៉ាក់សាំងហើយ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងវ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។

វ៉ាក់សាំង AstraZeneca/SII គឺជាវ៉ាក់សាំងជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន (៣២៤,០០០ ដូស) កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានបំណងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឈ្មោះ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនផងដែរ ប៉ុន្តែត្រូវបានអាក់ខានទៅវិញដោយសារតែវ៉ាក់សាំងនេះ បានកំណត់អាយុរបស់អ្នកចាក់ត្រឹម៥៩ឆ្នាំប៉ុណ្ណោះ។ ដោយឡែក វ៉ាក់សាំងឈ្មោះ អាស្ត្រាហ្សេនីកា (AstraZeneca/SII) មិនបានកំណត់អាយុអ្នកចាក់នោះឡើយ។ ហេតុដូច្នេះហើយទើប សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចចាក់វ៉ាក់សាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here