តំបន់​ជុំវិញ​ភ្នំ​ប្រសិទ្ធ​នឹងត្រូវ​កាត់​ចូលក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេល​អនាគត?

0

ដោយ​គង់ សូរិយា

ភ្នំពេញៈ ប្រភព​ព៌​ត​មាន​ពី​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា តំបន់ភ្នំ​ប្រសិទ្ធ និង​តំបន់​ជុំវិញ​មួយចំនួន នឹងត្រូវ​កាត់​ចូលក្នុង​ដែន​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ២០២៥ឬ​យ៉ាងយូរ​នៅ​ឆ្នាំ២០៣០ខាងមុខនេះ។

មន្ត្រីជាន់ខ្ពស់​ដែល​បាន​និយាយ ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការពិត​តំបន់ភ្នំ​ប្រសិទ្ធ បាន​ក្លាយជា​ទឹកដី​រាជធានី​ភ្នំពេញ​រួចទៅហើយ ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​ខ័​ណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ហើយ​តំបន់​នេះ​បាននិងកំពុង​រីកចម្រើន​យ៉ាង​លឿន ដែលមាន​អ្នកវិនិយោគ​ក្នុងស្រុក​ជាច្រើន បាន​សាងសង់​លំនៅដ្ឋាន និង​បុរី​នានា។

លោក​បន្តថា “ក្នុង​គោលដៅ​ពង្រីក​ទីក្រុង តាម​ការរីកចម្រើន​នៃ​នគរូបនីយកម្ម រដ្ឋាភិបាល​កំពុង​រៀប​ចំ​ផែនការ ពង្រីក​ក្រុង​បន្ថែមទៀត នាពេល​អនាគត ដែល​ការពង្រីក​ទីក្រុង​ធ្វើ​ឲ្យ​ចំណេញ​សេដ្ឋកិច្ច ពិសេស​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​តំបន់​ដែល​កាត់​ចូល​ក្រុង​រីកចម្រើន​លឿន” ។

មន្ត្រី​ដដែល​បាន​បន្តថា ដូចដែល​បានដឹង​ហើយ ក្រសួងមហាផ្ទៃ​ក៏​បាននិងកំពុង​រៀបចំ​ទីរួមស្រុក ឃុំ​មួយចំនួន​ឲ្យ​ក្លាយជា​ទីក្រុង ដែលមាន​ឋានៈ​ស្មើនឹង​ស្រុក​ផងដែរ ព្រោះ​ការរៀបចំ​បែបនេះ នឹងធ្វើ​ឲ្យ​មូលដ្ឋាន​រីកចម្រើន​លឿន និង​ទាក់ទាញ​ការវិនិយោគ​ពី​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​តំបន់​ទីក្រុង​នានា​នឹង​កើន​ឡើងដល់ ៧លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខនេះ។

សហ​ស្ថាបនិក និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia លោក​យិន លាង​គង់ បាន​មានប្រសាសន៍ថា ការពង្រីក​ទីក្រុង ជា​រឿង​ល្អ វា​ប្រៀប​បីដូច​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ទី១ ចំណេញ​ដល់​រដ្ឋាភិបាល ងាយស្រួល​អភិវឌ្ឍន៍​ប្រទេស ស្របតាម​គោលនយោបាយ​របស់​សម្តេច​តេ​ជោ ក្នុងការ​បង្ខិត​តំបន់​ជនបទ​មក​កៀក​នឹង​ទីក្រុង ពិសេស​កាត់បន្ថយ​ចំណាកស្រុក ធ្វើ​ឲ្យ​ដី​ឡើងថ្លៃ ដែល​រដ្ឋាភិបាល​អាច​ប្រមូល​ព​ន្ឋ​បាន​កាន់តែច្រើន។

លោក​បន្តថា ហេតុផល​ទី២ ការពង្រីក​ក្រុង នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​សប្បាយរីករាយ ដោយសារ​ពួកគេ​ទទួលបាន​ផល ពី​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល ព្រោះ​នៅពេល​ដែនដី​ណា​កាត់​ចូល​ទីក្រុង នឹងធ្វើ​ឲ្យ​តំបន់​នោះ​មានការ​រីកចម្រើន​លឿន ទាំង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ សកម្មភាព​សេដ្ឋកិច្ច និង​ទាក់ទាញ​ការវិនិយោគ​ពី​វិស័យ​ឯកជន។

កាលពី​ចុងឆ្នាំ២០២០កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​តំបន់​មួយចំនួន​នៅ​ជុំវិញ​ភ្នំ​ប្រសិទ្ធ ដូចជា​រមណីយដ្ឋាន​ភ្នំ​រាប ភ្នំ​ប្រសិទ្ធ​ជាដើម​ឲ្យ​មាន​សោភ័ណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ និង​ផ្តល់​ផល​ចំណូល​ដល់​ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here