ដោយគង់ សូរិយា
ភ្នំពេញៈ ប្រភពព៌តមានពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានឲ្យដឹងថា តំបន់ភ្នំប្រសិទ្ធ និងតំបន់ជុំវិញមួយចំនួន នឹងត្រូវកាត់ចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ នៅឆ្នាំ២០២៥ឬយ៉ាងយូរនៅឆ្នាំ២០៣០ខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់ដែលបាននិយាយ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ការពិតតំបន់ភ្នំប្រសិទ្ធ បានក្លាយជាទឹកដីរាជធានីភ្នំពេញរួចទៅហើយ ដែលបច្ចុប្បន្នស្ថិតក្នុងខ័ណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ហើយតំបន់នេះបាននិងកំពុងរីកចម្រើនយ៉ាងលឿន ដែលមានអ្នកវិនិយោគក្នុងស្រុកជាច្រើន បានសាងសង់លំនៅដ្ឋាន និងបុរីនានា។
លោកបន្តថា “ក្នុងគោលដៅពង្រីកទីក្រុង តាមការរីកចម្រើននៃនគរូបនីយកម្ម រដ្ឋាភិបាលកំពុងរៀបចំផែនការ ពង្រីកក្រុងបន្ថែមទៀត នាពេលអនាគត ដែលការពង្រីកទីក្រុងធ្វើឲ្យចំណេញសេដ្ឋកិច្ច ពិសេសលើកកំពស់ជីវភាពប្រជាពលរដ្ឋ និងធ្វើឲ្យតំបន់ដែលកាត់ចូលក្រុងរីកចម្រើនលឿន” ។
មន្ត្រីដដែលបានបន្តថា ដូចដែលបានដឹងហើយ ក្រសួងមហាផ្ទៃក៏បាននិងកំពុងរៀបចំទីរួមស្រុក ឃុំមួយចំនួនឲ្យក្លាយជាទីក្រុង ដែលមានឋានៈស្មើនឹងស្រុកផងដែរ ព្រោះការរៀបចំបែបនេះ នឹងធ្វើឲ្យមូលដ្ឋានរីកចម្រើនលឿន និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ និងអន្តរជាតិ។
យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជារស់នៅរាជធានីភ្នំពេញ និងតាមតំបន់ទីក្រុងនានានឹងកើនឡើងដល់ ៧លាននាក់នៅឆ្នាំ២០៣០ខាងមុខនេះ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ថា ការពង្រីកទីក្រុង ជារឿងល្អ វាប្រៀបបីដូចព្រួញមួយបាញ់បានសត្វពីរ ទី១ ចំណេញដល់រដ្ឋាភិបាល ងាយស្រួលអភិវឌ្ឍន៍ប្រទេស ស្របតាមគោលនយោបាយរបស់សម្តេចតេជោ ក្នុងការបង្ខិតតំបន់ជនបទមកកៀកនឹងទីក្រុង ពិសេសកាត់បន្ថយចំណាកស្រុក ធ្វើឲ្យដីឡើងថ្លៃ ដែលរដ្ឋាភិបាលអាចប្រមូលពន្ឋបានកាន់តែច្រើន។
លោកបន្តថា ហេតុផលទី២ ការពង្រីកក្រុង នឹងធ្វើឲ្យប្រជាពលរដ្ឋកាន់តែសប្បាយរីករាយ ដោយសារពួកគេទទួលបានផល ពីការអភិវឌ្ឍរបស់រដ្ឋាភិបាល ព្រោះនៅពេលដែនដីណាកាត់ចូលទីក្រុង នឹងធ្វើឲ្យតំបន់នោះមានការរីកចម្រើនលឿន ទាំងហេដ្ឋារចនាសម្ព័ន្ឋ សកម្មភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគពីវិស័យឯកជន។
កាលពីចុងឆ្នាំ២០២០កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំតំបន់មួយចំនួននៅជុំវិញភ្នំប្រសិទ្ធ ដូចជារមណីយដ្ឋានភ្នំរាប ភ្នំប្រសិទ្ធជាដើមឲ្យមានសោភ័ណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងផ្តល់ផលចំណូលដល់ប្រជាពលរដ្ឋ៕