អ្នកជំនាញ​មើលឃើញ​និន្នាការ​ថ្មី​នៃ​ការវិនិយោគ​លើ​គំរោង​ដី​ឡូ​តិ៍​នៅក្នុង​ប្រទេស

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​បាន​មើលឃើញ​ពី​និន្នាការ​ថ្មី នៃ​ការវិនិយោគ​លើ​វិស័យ​ដី​ឡូ​តិ៍​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​បន្ទាប់ពី​មាន​សន្ទុះ​នៃ​ការវិនិយោគ​លើ​ទីផ្សារ​ប្រភេទ​នេះ​នៅក្នុង​ស្រុក​មានការ​រីក​ចំរើន​ខ្លាំង នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

ឧកញ៉ា​ឃាង ពុ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹងថា  និន្នាការ​ថ្មី​នេះ គឺ​ម្ចាស់​ដី​បានចាប់ផ្តើម​អភិវឌ្ឍន៍​ដី​របស់ខ្លួន តាមរយៈ​ការ​ពុះ​ដី​ឡូ​តិ័​លក់ ដោយ​ខ្លួនឯង ដោយ​មិន​ពឹង​ផ្អែកលើ​ភ្នាក់ងារ​លក់​ទៀត​នោះទេ ។

លោក​ពន្យល់ថា “ម្ចាស់​ដី​ដែលមាន​ទំហំ២ហិកតា ឬ៣ហិកតា គឺ​គាត់​អភិវឌ្ឍន៍​ខ្លួនឯង។ ឥឡូវ​ម្ចាស់​ដី​ពុះ​ដី​ឡូ​តិ៍លក់​ខ្លួនឯង   ហើយ​ដាក់​បុគ្គលិក៣ទៅ៥នាក់ អាច​លក់​ប្រមូល​លុយ​បាន។ មួយទៀត កាលពីមុន​គាត់​ឱ្យ​ភ្នាក់ងារ​លក់  ដល់ពេល​លក់បាន​ហើយ មិន​យកលុយ​ទៅ​បង់​ឱ្យ​ម្ចាស់​ដី មាន​រឿងរ៉ាវ​ប្តឹងផ្តល់​គ្នា” ។

បើតាម​លោក ឃាង ពុ​ទ្ធី ដោយ​មើលឃើញ​នូវ​ស្ថានភាព នៃ​ភ្នាក់ងារ​លក់​មួយចំនួន មិនមាន​ភាពស្មោះត្រង់  និង​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ  ព្រមទាំង​មិនមាន​អាជ្ញា​បណ្ណ​សម្រាប់ធ្វើ​អាជីវកម្ម​បែបនេះ ហើយ​បានធ្វើឱ្យ​ម្ចាស់​ដី  អភិវឌ្ឍន៍​ដោយ​ដោយ​ខ្លួន​ឯ។ ជាមួយគ្នានេះ អ្នកទិញ​ក៏មាន​ទំនុកចិត្ត​ខ្លាំង​ផងដែរ តាមរយៈ​ការពិនិត្យ​ទៅលើ​ប្លង់ និង​ម្ចាស់​ដី​ផ្ទាល់។

លោក​ឃាង ពុ​ទ្ធី ថ្លែងបន្តថា “អីចឹង​ហើយ​ម្ចាស់​ដី​យល់ថា បើ​ជ្រុល​តែ​ហត់​ហើយ គាត់​ធ្វើ​ខ្លួនឯង​វា​មិន​ស្រួល​ជាង  ដោយ​លក់បាន​ប៉ុន្មាន​យក​ប៉ុណ្ណឹង​ទៅ កាត់បន្ថយ​ប្រមូល​លុយ​ពី​ភ្នាក់ងារ​លក់ និង​លែង​មានការ​ប្តឹងផ្តល់​តា​ម​តុលាការ។ ស្រ​ពេលដែល ការលក់​ដី​ក្នុង​ទំហំ​ធំ មិនអាច​លក់​ចេញ មានតែ​ពុះ​ឡូ​តិ៍​តូច” ។

លោក​ថា បច្ចុប្បន្ននេះ​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​ពេញនិយម​ចំពោះ​ការវិនិយោគ​ទៅលើ​ដីធ្លី ជាពិសេស​គឺ​ការ​ប្រភេទ​ពុះ​ដី​ឡូ​តិ៍ ដែលមាន​ទំហំ​ល្មម​ដែល​អាចឱ្យ​ពលរដ្ឋ ដែលមាន​លទ្ធភាព​សមរម្យ​អាច​វិនិយោគ​បាន និង​អាច​មានឱកាស​ចំណេញ​ច្រើន ។

ទោះជា​យ៉ាងណា លោក​បាន​សង្កត់ធ្ងន់ថា សម្រាប់​ការអភិវឌ្ឍន៍​ដី​ឡូ​តិ៍​ជា​លក្ខណៈ​បុគ្គល គឺមាន​ការលក់​ក្នុងតម្លៃ​ខ្ពស់ជាង​ក្រុមហ៊ុន។ លោក​ពន្យល់ថា ក្រុមហ៊ុន​គេ​គិតពី​សេដ្ឋកិច្ចសង្គម និង​មាន​អាជ្ញា​បណ្ណ ត្រឹមត្រូវ  ដូច្នេះហើយ​បាន​គេ​លក់​ក្នុងតម្លៃ​ធូ​ថ្លៃ ។ ចំណែក​ដី​ឡូ​តិ៍​ជា​លក្ខណៈ​បុគ្គល គឺ​គេ​គិត​ផលចំណេញ​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here