ដោយៈ រ៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានមើលឃើញពីនិន្នាការថ្មី នៃការវិនិយោគលើវិស័យដីឡូតិ៍នៅក្នុងប្រទេសកម្ពុជា ជាពិសេសបន្ទាប់ពីមានសន្ទុះនៃការវិនិយោគលើទីផ្សារប្រភេទនេះនៅក្នុងស្រុកមានការរីកចំរើនខ្លាំង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា បានឱ្យដឹងថា និន្នាការថ្មីនេះ គឺម្ចាស់ដីបានចាប់ផ្តើមអភិវឌ្ឍន៍ដីរបស់ខ្លួន តាមរយៈការពុះដីឡូតិ័លក់ ដោយខ្លួនឯង ដោយមិនពឹងផ្អែកលើភ្នាក់ងារលក់ទៀតនោះទេ ។
លោកពន្យល់ថា “ម្ចាស់ដីដែលមានទំហំ២ហិកតា ឬ៣ហិកតា គឺគាត់អភិវឌ្ឍន៍ខ្លួនឯង។ ឥឡូវម្ចាស់ដីពុះដីឡូតិ៍លក់ខ្លួនឯង ហើយដាក់បុគ្គលិក៣ទៅ៥នាក់ អាចលក់ប្រមូលលុយបាន។ មួយទៀត កាលពីមុនគាត់ឱ្យភ្នាក់ងារលក់ ដល់ពេលលក់បានហើយ មិនយកលុយទៅបង់ឱ្យម្ចាស់ដី មានរឿងរ៉ាវប្តឹងផ្តល់គ្នា” ។
បើតាមលោក ឃាង ពុទ្ធី ដោយមើលឃើញនូវស្ថានភាព នៃភ្នាក់ងារលក់មួយចំនួន មិនមានភាពស្មោះត្រង់ និងគ្មានក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងមិនមានអាជ្ញាបណ្ណសម្រាប់ធ្វើអាជីវកម្មបែបនេះ ហើយបានធ្វើឱ្យម្ចាស់ដី អភិវឌ្ឍន៍ដោយដោយខ្លួនឯ។ ជាមួយគ្នានេះ អ្នកទិញក៏មានទំនុកចិត្តខ្លាំងផងដែរ តាមរយៈការពិនិត្យទៅលើប្លង់ និងម្ចាស់ដីផ្ទាល់។
លោកឃាង ពុទ្ធី ថ្លែងបន្តថា “អីចឹងហើយម្ចាស់ដីយល់ថា បើជ្រុលតែហត់ហើយ គាត់ធ្វើខ្លួនឯងវាមិនស្រួលជាង ដោយលក់បានប៉ុន្មានយកប៉ុណ្ណឹងទៅ កាត់បន្ថយប្រមូលលុយពីភ្នាក់ងារលក់ និងលែងមានការប្តឹងផ្តល់តាមតុលាការ។ ស្រពេលដែល ការលក់ដីក្នុងទំហំធំ មិនអាចលក់ចេញ មានតែពុះឡូតិ៍តូច” ។
លោកថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខ្មែរ កំពុងពេញនិយមចំពោះការវិនិយោគទៅលើដីធ្លី ជាពិសេសគឺការប្រភេទពុះដីឡូតិ៍ ដែលមានទំហំល្មមដែលអាចឱ្យពលរដ្ឋ ដែលមានលទ្ធភាពសមរម្យអាចវិនិយោគបាន និងអាចមានឱកាសចំណេញច្រើន ។
ទោះជាយ៉ាងណា លោកបានសង្កត់ធ្ងន់ថា សម្រាប់ការអភិវឌ្ឍន៍ដីឡូតិ៍ជាលក្ខណៈបុគ្គល គឺមានការលក់ក្នុងតម្លៃខ្ពស់ជាងក្រុមហ៊ុន។ លោកពន្យល់ថា ក្រុមហ៊ុនគេគិតពីសេដ្ឋកិច្ចសង្គម និងមានអាជ្ញាបណ្ណ ត្រឹមត្រូវ ដូច្នេះហើយបានគេលក់ក្នុងតម្លៃធូថ្លៃ ។ ចំណែកដីឡូតិ៍ជាលក្ខណៈបុគ្គល គឺគេគិតផលចំណេញខ្ពស់៕