ដោយៈ រ៉ាណេត
កណ្តាលៈ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានបង្ហាញខ្លួននៅខេត្តកណ្តាល ដែលបានធ្វើឲ្យខេត្តមានភូមិសាស្ត្រព័ទ្ឋជុំវិញរាជធានីនេះ ទាក់ទាញគំរោងអភិវឌ្ឍន៍លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មកាន់តែច្រើន។
លោកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ស្ទើរតែគ្រប់តំបន់នៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាមតំបន់មួយចំនួន ដែលស្ថិតនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍក្នុងវិស័យសំណង់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះវិស័យលំនៅដ្ឋានកម្រិតមធ្យម និងសមរម្យបានដើរតួឈានមុខគេ ស្របពេលដែលកំណើន នៃចំនួនប្រជាជនបានកើនឡើងរហូតដល់ជាង១លាននាក់។
លោកបន្តថា “ក្រៅពីក្រុងតាខ្មៅ ដែលជាមណ្ឌលពាណិជ្ជកម្មប្រចាំខេត្ត គម្រោងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានជាច្រើន បានបង្ហាញវត្តមាននៅតាមតំបន់ ដែលមានសក្ដានុពលនានា ជាពិសេសតំបន់ដែលស្ថិតនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ” ។ លោកបានបន្តទៀតថា “ភាពរីកចម្រើននិងអភិវឌ្ឍន៍ទាំងអស់នេះ កើតឡើងដោយសារតែភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាក្នុងតំបន់ជ្រកក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា” ។
ជាក់ស្តែងបុរីថ្មី GB Resident ដែលគ្រោងសាងសង់លើផ្ទៃដីជាង១០ហិកតា បាននិងកំពុងបង្ហាញរូបរាងនៅតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាតំបន់មានសក្តានុពល និងមានទីតាំងនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកបណ្ឌិតតេង រិទ្ធី បានមានប្រសាសន៍ឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ ស្ទើរតែគ្រប់តំបន់ទូទាំងខេត្តកណ្តាល សុទ្ធតែមានសក្ដានុពល ស្របពេលដែលគម្រោងនៃការអភិវឌ្ឍជាច្រើន ត្រូវបានចាប់អនុវត្ត។
លោកបណ្ឌិតបន្តថា “ក្រៅពីតំបន់កណ្តាលក្រុងតាខ្មៅ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍វិស័យសំណង់ រួមមានគម្រោងលំនៅដ្ឋានកម្រិតមធ្យមនិងកម្រិតខ្ពស់ ក៏មានគម្រោងសាងសង់អគារពាណិជ្ជកម្មមួយចំនួនផងដែរ” ។
លោកបណ្ឌិតបានបន្តថា តំបន់ដែលត្រូវបានក្លាយជាគោលដៅវិនិយោគ ក្នុងវិស័យលំនៅដ្ឋាន រួមមានតំបន់ជាយក្រុងតាខ្មៅដូចជាតំបន់ព្រែកហូរ ព្រែកកំពឺស និងតំបន់ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ២១A (ស្រុកស្អាង) ហើយក្រៅពីនេះនៅចមានតំបន់ផ្លូវជាតិលេខ២ (ម្ដុំរង្វង់មូលគួរស្រូវ) តំបន់ផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង តំបន់ផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល តំបន់ផ្លូវជាតិលេខ៥ ស្រុកពញាឮ តំបន់ផ្លូវជាតិលេខ៦ ស្រុកមុខកំពូល និងតំបន់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងស្រុកកៀនស្វាយ” ។
ជាមួយគ្នានេះ លោកឧកញ៉ាឡាយ លន់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Black Eagle International Co.,Ltd ធ្លាប់បានបង្ហាញពីសក្ដានុពល និងការអភិវឌ្ឍយ៉ាងលឿននៅទូទាំងខេត្តកណ្តាលកាលពីពេលកន្លងទៅថា ខេត្តកណ្តាកមានកត្តាភូមិសាស្ត្រល្អ ជាពិសេស បណ្តាស្រុកមួយចំនួនរបស់ខេត្ត គឺស្ថិតនៅព័ន្ធជុំវិញរាជធានីភ្នំពេញ ហើយនៅពេលបច្ចុប្បន្ននេះ មានតំបន់មួយចំនួនបានកាត់ចូលមកចំណុះរាជធានីភ្នំពេញ ហើយសល់ប៉ុន្មានបានក្លាយជាជាតំបន់ជាយក្រុង ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោកឧកញ៉ាបន្តថា “ភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ខេត្តកណ្តាល មានលក្ខណៈពិសេសខុសពីខេត្តផ្សេង ហើយតម្លៃក៏មានការកើនឡើងគួរឱ្យកត់សម្គាល់” ។ លោកបន្តថា “តម្លៃដីធ្លីដែលស្ថិតនៅក្នុងតំបន់មិនទាន់មានការអភិវឌ្ឍ គិតជាមធ្យមអាចឡើងក្នុងអត្រា១០ទៅ២៥ភាគរយ។ ដោយឡែកតម្លៃដី ដែលស្ថិតនៅក្នុងតំបន់មានការអភិវឌ្ឍ គិតជាមធ្យមមានកំណើនក្នុងចន្លោះចាប់ពី៥០-១២០ភាគរយក្នុងមួយឆ្នាំ” ៕