ភាពអំណោយ​ផល​នៃ​ភូមិសាស្ត្រ​បានធ្វើ​ឲ្យ​ខេត្តកណ្តាល​ស្រូប​ទាញ​គំរោង​អភិវឌ្ឍ​ផ្នែក​លំនៅដ្ឋាន​ច្រើន

0

ដោយៈ រ៉ា​ណេ​ត

កណ្តាលៈ ហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន បានបង្ហាញ​ខ្លួន​នៅ​ខេត្តកណ្តាល ដែល​បានធ្វើ​ឲ្យ​ខេត្ត​មាន​ភូមិសាស្ត្រ​ព័​ទ្ឋ​ជុំវិញ​រាជធានី​នេះ ទាក់ទាញ​គំរោង​អភិវឌ្ឍន៍​លំនៅដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កាន់តែច្រើន។

លោក​អភិបាល​ខេត្តកណ្តាល លោក គង់ សោ​ភ័​ណ្ឌ បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ស្ទើរតែ​គ្រប់​តំបន់​នៅក្នុង​ខេត្តកណ្តាល ជាពិសេស​នៅតាម​តំបន់​មួយចំនួន ដែល​ស្ថិតនៅ​ហ៊ុ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ គឺ​កំពុង​តែមាន​សក្ដានុពល​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍ​ក្នុង​វិស័យ​សំណង់​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​វិស័យ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​សមរម្យ​បាន​ដើរតួ​ឈានមុខ​គេ ស្រប​ពេលដែល​កំណើន នៃ​ចំនួន​ប្រជាជន​បាន​កើនឡើង​រហូតដល់​ជាង១លាន​នាក់។

លោក​បន្តថា “ក្រៅពី​ក្រុង​តាខ្មៅ ដែលជា​មណ្ឌល​ពាណិជ្ជកម្ម​ប្រចាំខេត្ត គម្រោង​អភិវឌ្ឍន៍​ក្នុង​វិស័យ​លំនៅដ្ឋាន​ជាច្រើន បានបង្ហាញ​វត្តមាន​នៅតាម​តំបន់ ដែលមាន​សក្ដានុពល​នានា ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ” ។ លោក​បាន​បន្តទៀតថា “ភាព​រីកចម្រើន​និង​អភិវឌ្ឍន៍​ទាំងអស់នេះ កើតឡើង​ដោយសារតែ​ភាពល្អប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ក្នុង​តំបន់​ជ្រក​ក្រោម​ម្លប់​សន្តិភាព ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា” ។

ជាក់ស្តែង​បុរី​ថ្មី GB Resident ដែល​គ្រោង​សាងសង់​លើ​ផ្ទៃដី​ជាង១០ហិកតា បាននិងកំពុង​បង្ហាញ​រូបរាង​នៅ​តំបន់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ ដែលជា​តំបន់​មាន​សក្តានុពល និង​មាន​ទីតាំងនៅ​ជិត​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ R Investment Group លោក​បណ្ឌិត​តេង រិទ្ធី បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ននេះ ស្ទើរតែ​គ្រប់​តំបន់​ទូទាំង​ខេត្តកណ្តាល សុទ្ធ​តែមាន​សក្ដានុពល ស្រប​ពេលដែល​គម្រោង​នៃ​ការអភិវឌ្ឍ​ជាច្រើន ត្រូវបាន​ចាប់​អនុវត្ត។

លោក​បណ្ឌិត​បន្តថា “ក្រៅពី​តំបន់​កណ្តាល​ក្រុង​តាខ្មៅ ដែល​កំពុង​តែមាន​សក​ម្ម​ភាព​អភិវឌ្ឍន៍ ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល និង​គម្រោង​អភិវឌ្ឍន៍​វិស័យ​សំណង់ រួមមាន​គម្រោង​លំនៅដ្ឋាន​កម្រិត​មធ្យម​និង​កម្រិត​ខ្ពស់ ក៏មាន​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​មួយចំនួន​ផងដែរ” ។

លោក​បណ្ឌិត​បាន​បន្តថា តំបន់​ដែល​ត្រូវបាន​ក្លាយជា​គោលដៅ​វិនិយោគ ក្នុង​វិស័យ​លំនៅដ្ឋាន រួមមាន​តំបន់​ជាយក្រុង​តាខ្មៅ​ដូចជា​តំបន់​ព្រែក​ហូរ ព្រែក​កំ​ពឺ​ស  និង​តំបន់​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ២១A (ស្រុក​ស្អាង) ហើយ​ក្រៅពីនេះ​នៅ​ច​មាន​តំបន់​ផ្លូវជាតិ​លេខ២ (ម្ដុំ​រង្វង់​មូល​គួរ​ស្រូវ) តំបន់​ផ្លូវជាតិ​លេខ៣ ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង តំបន់​ផ្លូវជាតិ​លេខ៤ ក្នុងស្រុក​អង្គស្នួល តំបន់​ផ្លូវជាតិ​លេខ៥ ស្រុក​ពញាឮ តំបន់​ផ្លូវជាតិ​លេខ៦ ស្រុក​មុខកំពូល និង​តំបន់​ផ្លូវជាតិ​លេខ១ ស្ថិតនៅ​ក្នុងស្រុក​កៀនស្វាយ” ។

ជាមួយគ្នានេះ លោក​ឧកញ៉ា​ឡាយ លន់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Black Eagle International Co.,Ltd ធ្លាប់បាន​បង្ហាញ​ពី​សក្ដានុពល និង​ការអភិវឌ្ឍ​យ៉ាង​លឿន​នៅ​ទូទាំង​ខេត្តកណ្តាល​កាលពីពេល​កន្លងទៅ​ថា ខេត្ត​កណ្តា​កមាន​កត្តា​ភូមិសាស្ត្រ​ល្អ ជាពិសេស បណ្តា​ស្រុក​មួយចំនួន​របស់​ខេត្ត គឺ​ស្ថិតនៅ​ព័ន្ធ​ជុំវិញ​រាជធានី​ភ្នំពេញ ហើយ​នៅពេល​បច្ចុប្បន្ននេះ មាន​តំបន់​មួយចំនួន​បាន​កាត់​ចូលមក​ចំណុះ​រាជធានី​ភ្នំពេញ ហើយ​សល់​ប៉ុន្មាន​បានក្លាយ​ជា​ជា​តំបន់​ជាយក្រុង ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស។

លោក​ឧកញ៉ា​បន្តថា “ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​របស់​ខេត្តកណ្តាល មាន​លក្ខណៈពិសេស​ខុសពី​ខេត្ត​ផ្សេង ហើយ​តម្លៃ​ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់” ។ លោក​បន្តថា “តម្លៃ​ដីធ្លី​ដែល​ស្ថិតនៅក្នុង​តំបន់​មិនទាន់មាន​ការអភិវឌ្ឍ គិត​ជា​មធ្យម​អាច​ឡើង​ក្នុង​អត្រា១០ទៅ២៥ភាគរយ។ ដោយឡែក​តម្លៃ​ដី ដែល​ស្ថិតនៅក្នុង​តំបន់​មានការ​អភិវឌ្ឍ គិត​ជា​មធ្យម​មាន​កំណើន​ក្នុង​ចន្លោះ​ចាប់ពី៥០-១២០ភាគរយ​ក្នុង​មួយឆ្នាំ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here