ដោយៈ រ៉ាណេត
ភ្នំពេញៈ ខណៈដែលផ្លូវជាតិលេខ3 បានស្ថាបនាសារឡើងស្ទើររួចរាល់100ភាគរយទៅហើយនោះ គេសង្កេតឃើញមានគម្រោងអភិវឌ្ឍន៍ និងវិនិយោគសំណង់ផ្ទះល្វែង វីឡាកូនកាត់ រោងចក្រ សហគ្រាសធំៗ បាននិងកំពុងសម្រុកសាងសង់យ៉ាងសកម្ម ជាពិសេសនៅត្រឹមគីឡូម៉ែត្រលេខ៣០ គិតពីរង្វង់មូលចោមចៅ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន DEYTHMEY REAL ESATATE លោក វិន ឈុនហ៊ាត បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ដោយមើលឃើញសក្តានុពលផ្លូវជាតិលេខ3 ជាសរសៃឈាមយ៉ាងសំខាន់ ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅក្នុងខេត្តកំពត ក៏ដូចជា កំពង់ផែទឹកជ្រៅទៅនៅក្នុងខេត្តព្រះសីហនុ បានធ្វើឱ្យគម្រោងបណ្តុំផ្ទះល្វែង រោងចក្រ សហគ្រាស និងសួនឧស្សាហកម្ម កំពុងចាក់ដីសាងសង់សំណង់តូចធំជាច្រើន នៅតាមបណ្តោយផ្លូវជាតិ ដែលមានសក្ដានុពលមួយនេះគួរឱ្យកត់សម្គាល់។
លោកបញ្ចាក់ “បើនិយាយពីរង្វង់មូលចោមចៅ ទៅដល់ចំណុចផ្សារថ្នល់ព្រៃទទឹង ឬផ្លូវរថភ្លើង ឃើញថាគម្រោងរោងចក្រ សហគ្រាស ក៏ដូចជា សួនឧស្សាហកម្មមួយចំនួនបានដំណើរការជាច្រើនរួចជាស្រេច ហើយមួយចំនួនទៀតកំពុងដំណើរការសាងសង់” ។ លោកបន្តថា “ក្រៅពីនេះ ក៏មានគម្រោងអភិវឌ្ឍន៍ដីឡូត៍ និងផ្ទះល្វែងជាច្រើនគម្រោងផងដែរ ដូចជាបុរីឡេងណាវ៉ាត្រា គម្រោងផ្ទះល្វែង Shaw Up និងគម្រោងបណ្តុំផ្ទះល្វែងគីមហួតជាដើម” ។
លោកបន្តថា បើមើលចន្លោះពីគីឡូម៉ែត្រលេខ៣០ ដល់លេខ៣២ ហួសផ្លូវរថភ្លើងបន្តិចគេឃើញមានផ្ទះល្វែង និងរោងចក្រកំពុងសាងសង់បន្ថែមទៀត មានគម្រោងបុរីម៉ន ដានី លើផ្ទៃដីប្រមាណជា៣០០ហិកតា គម្រោងផ្សារទំនើបខ្នាតយក្សរបស់ចិន ហើយនៅជាប់គ្នានោះ ក៍មានគម្រោងផ្ទះល្វែងលឹម ឈាងហាក់ បុរីសួ សុវណ្ណ ជាពិសេសមានគម្រោងផែស្ងួតសូងួន ដែលកំពុងសាងសង់នៅទីនោះ លើផ្ទៃដីរាប់សិបហិកតា ជាពិសេសសួនឧស្សាហកម្ម MJ Park ដ៏ធំក្រោមការវិនិយោគរួមគ្នា រវាងមហាសេដ្ឋីក្នុងស្រុក និងក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន។
ហេតុផលដែលអ្នកវិនិយោគទាំង ក្នុងវិស័យសំណង់លំនៅដ្ឋាន ក៏ដូចជា វិស័យឧស្សាហកម្មសម្រុកមកតំបន់នេះ ព្រោះនៅពេលដ៏ខ្លីខាងមុខនេះ តំបន់ផ្លូវជាតិលេខ៣ នឹងក្លាយជាតំបន់សួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ដោយសារកត្តាភូមិសាស្ត្រជាពិសេសផ្លូវថ្នល់អំណោយផលដល់ការដឹកជញ្ជូន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីពេលកន្លងមកនេះថា ការចូលខ្លួនទៅវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋានផ្លូវជាតិលេខ៣នាពេលនេះ គឺមានឱកាសល្អច្រើន។
លោកបានបន្តទៀតថា “ជាធម្មតាទាល់តែគេសម្លឹងឃើញ ពីឱកាសទទួលបានប្រយោជន៍ និងចំណេញ ទើបគេបណ្តាក់ទុនវិនិយោគ” ។ លោកបានបន្តទៀតថា “ផ្លូវជាតិលេខ៣ពេលនេះ កាន់តែមានភាពល្អប្រសើរជាងពេលមុន ជាពិសេសក្រោយពេលរដ្ឋាភិបាលបានកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន” ។
លោកច្រឹក សុខនីម បន្តទៀតថា “តំបន់ដែលមានចម្ងាយប្រមាណ២០-៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ នៅតែមានភាពល្អប្រសើរលើការវិនិយោគទាំងអស់” ។ លោកបានបញ្ជាក់ទៀតថា “ហេតុផលដែលអ្នកវិនិយោគ សម្រុកទៅធ្វើការអភិវឌ្ឍនៅតំបន់ខាងលើនេះ ដោយសារតែកត្តាភូមិសាស្ត្រល្អ វិសាលភាពដីនៅទូលាយច្រើន ហើយតម្លៃដីនៅមានកម្រិតទាប ដែលអំណោយផលដល់គម្រោងអភិវឌ្ឍរបស់ពួកគេ” ៕