គម្រោង​អភិវឌ្ឍន៍​ផ្ទះល្វែង និង​រោងចក្រធំៗកំពុង​បង្ហាញ​វត្ត​មាននៅ​តំបន់ផ្លូវជាតិ​លខ3 កាន់តែច្រើន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ខណៈដែល​ផ្លូវជាតិ​លេខ3 បាន​ស្ថាបនា​សារ​ឡើង​ស្ទើរ​រួចរាល់100ភាគរយ​ទៅហើយនោះ គេ​សង្កេតឃើញ​មាន​គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគ​សំណង់ផ្ទះ​ល្វែង វីឡា​កូនកាត់ រោងចក្រ សហគ្រាសធំៗ បាននិងកំពុង​សម្រុក​សាងសង់​យ៉ាងសកម្ម ជាពិសេស​នៅត្រឹម​គីឡូម៉ែត្រ​លេខ៣០ គិតពី​រង្វង់​មូល​ចោមចៅ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន DEYTHMEY REAL ESATATE លោក វិ​ន ឈុន​ហ៊ា​ត បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ​ថា  ដោយ​មើលឃើញ​សក្តានុពល​ផ្លូវជាតិ​លេខ3 ជា​សរសៃឈាម​យ៉ាងសំខាន់ ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ខេត្តកំពត ក៏ដូចជា កំពង់ផែ​ទឹក​ជ្រៅ​ទៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ បានធ្វើឱ្យ​គម្រោង​បណ្តុំ​ផ្ទះល្វែង រោងចក្រ សហគ្រាស និង​សួន​ឧស្សាហកម្ម កំពុង​ចាក់ដី​សាងសង់​សំណង់​តូចធំ​ជាច្រើន នៅតាម​បណ្តោយ​ផ្លូវជាតិ ដែលមាន​សក្ដានុពល​មួយ​នេះ​គួរឱ្យកត់សម្គាល់។

លោក​បញ្ចាក់ “បើ​និយាយ​ពី​រង្វង់​មូល​ចោមចៅ ទៅដល់​ចំណុច​ផ្សារ​ថ្នល់​ព្រៃទទឹង ឬ​ផ្លូវ​រថភ្លើង ឃើញថា​គម្រោង​រោងចក្រ សហគ្រាស ក៏ដូចជា សួន​ឧស្សាហកម្ម​មួយចំនួន​បាន​ដំណើរការ​ជាច្រើន​រួចជាស្រេច ហើយ​មួយចំនួនទៀត​កំពុងដំណើរការ​សាងសង់” ។ លោក​បន្តថា “ក្រៅពីនេះ ក៏មាន​គម្រោង​អភិវឌ្ឍន៍​ដីឡូត៍ និង​ផ្ទះល្វែង​ជាច្រើន​គម្រោង​ផងដែរ ដូចជា​បុរី​ឡេង​ណា​វ៉ា​ត្រា គម្រោង​ផ្ទះល្វែង Shaw Up និង​គម្រោង​បណ្តុំ​ផ្ទះល្វែង​គីម​ហួត​ជាដើម” ។

លោក​បន្តថា បើ​មើល​ចន្លោះ​ពី​គីឡូម៉ែត្រ​លេខ៣០ ដល់​លេខ៣២ ហួស​ផ្លូវ​រថភ្លើង​បន្តិច​គេ​ឃើញ​មានផ្ទះ​ល្វែង និង​រោងចក្រ​កំពុង​សាងសង់​បន្ថែមទៀត មាន​គម្រោង​បុរី​ម៉ន ដា​នី លើ​ផ្ទៃដី​ប្រមាណ​ជា៣០០ហិកតា គម្រោង​ផ្សារ​ទំនើប​ខ្នាត​យក្ស​របស់​ចិន ហើយ​នៅជាប់​គ្នា​នោះ ក៍មាន​គម្រោង​ផ្ទះល្វែង​លឹម ឈាង​ហាក់ បុរី​សួ សុវណ្ណ ជាពិសេស​មាន​គម្រោង​ផែស្ងួត​សូ​ងួន ដែល​កំពុង​សាងសង់​នៅ​ទីនោះ លើ​ផ្ទៃដី​រាប់សិប​ហិកតា ជាពិសេស​សួន​ឧស្សាហកម្ម MJ Park ដ៏​ធំ​ក្រោម​ការវិនិយោគ​រួមគ្នា រវាង​មហាសេដ្ឋី​ក្នុងស្រុក និង​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ចិន។

ហេតុផល​ដែល​អ្នកវិនិយោគ​ទាំង ក្នុង​វិស័យ​សំណង់​លំនៅដ្ឋាន ក៏ដូចជា វិស័យ​ឧស្សាហកម្ម​សម្រុក​មក​តំបន់​នេះ ព្រោះ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ តំបន់​ផ្លូវជាតិ​លេខ៣ នឹង​ក្លាយជា​តំបន់​សួន​ឧស្សាហកម្ម និង​តំបន់​សេដ្ឋកិច្ច​ពិសេស ដោយសារ​កត្តា​ភូមិសាស្ត្រ​ជាពិសេស​ផ្លូវថ្នល់​អំណោយផល​ដល់​ការដឹកជញ្ជូន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពីពេល​កន្លងមក​នេះ​ថា ការចូល​ខ្លួន​ទៅ​វិនិយោគ និង​អភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​ផ្លូវជាតិ​លេខ៣នាពេលនេះ គឺមាន​ឱកាសល្អ​ច្រើន។

លោក​បាន​បន្តទៀតថា “ជាធម្មតា​ទាល់តែ​គេ​សម្លឹង​ឃើញ ពី​ឱកាស​ទទួលបាន​ប្រយោជន៍ និង​ចំណេញ ទើប​គេ​បណ្តាក់ទុន​វិនិយោគ” ។ លោក​បាន​បន្តទៀតថា “ផ្លូវជាតិ​លេខ៣ពេលនេះ កាន់​តែមាន​ភាពល្អប្រសើ​រ​ជាង​ពេលមុន ជាពិសេស​ក្រោយពេល​រដ្ឋាភិបាល​បាន​កសាង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន” ។

លោក​ច្រឹ​ក សុខ​នី​ម បន្តទៀតថា “តំបន់​ដែលមាន​ចម្ងាយ​ប្រមាណ២០-៣០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ នៅតែមាន​ភាពល្អប្រសើរ​លើ​ការវិនិយោគ​ទាំងអស់” ។ លោក​បាន​បញ្ជាក់ទៀតថា “ហេតុផល​ដែល​អ្នកវិនិយោគ សម្រុក​ទៅធ្វើ​ការអភិវឌ្ឍ​នៅ​តំបន់​ខាងលើនេះ ដោយសារតែ​កត្តា​ភូមិសាស្ត្រ​ល្អ វិសាលភាព​ដី​នៅ​ទូលាយ​ច្រើន ហើយ​តម្លៃ​ដី​នៅមានកម្រិត​ទាប ដែល​អំណោយផល​ដល់​គម្រោង​អភិវឌ្ឍ​របស់​ពួកគេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here