ប្រធាន GRA : ក្រោយ​បញ្ចប់​វិបត្តិ​កូ​វីដ19 តម្លៃ​អចលនទ្រព្យ​ក្រុង​សៀមរាបនឹង​ឡើងថ្លៃ​ខ្ពស់

0

ដោយៈ រ៉ា​ណេ​ត

សៀមរាបៈ ស្ថិតនៅក្នុង​ស្ថានភាព​ដែល​កំពុង​ប្រឈម នឹង​វិបត្តិ​សាកល​នៅពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្ត​ដាក់ ក្នុងការ​ទប់ស្កាត់​ស្ថានការណ៍​លំបាក ហើយ​ព្យាយាម​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ទូទាំង​ក្រុង​សៀមរាប ដើម្បី​បង្កើន​សោភ័ណភាព ទាក់ទាញ​ការវិនិយោគ ដែល​អំណោយផល​ដល់​វិស័យ​អចលនទ្រព្យ ជាពិសេស​នឹង​ឡើងថ្លៃ​ខ្ពស់​ក្រោយពេល​វិបត្តិ​កូ​វីដ​ត្រូវ​បានបញ្ចប់។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) លោក​សំ សុខ​នឿន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា ការដាក់ចេញ​លើ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​នាពេល​កន្លងមកនេះ គឺ​សញ្ញា​មួយ​ល្អ​ដែល​ជំរុញឱ្យមាន​ស័​យ​នានា​ឱ្យមាន​ការរីកចំរើន រួមជាមួយ​នឹង​វិស័យ​អចលនទ្រព្យ​ផងដែរ។

លោក​បន្តថា “ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​សៀម វា​នឹង​ជួយ​ជំរុញ​ឱ្យ​វិស័យ​អ​ល​ចនទ្រ​ព្យ​រីកចំរើន ជាពិសេស​អចលនទ្រព្យ​ប្រភេទ​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ឡូង​ផងដែរ” ។ លោក​បន្តថា “ការអះអាង​បែបនេះ ស្របពេល​មាន​គម្រោង​អភិវឌ្ឍន៍ធំៗជាច្រើន ជាពិសេស​គម្រោង​បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត ដ៏​ធំ​របស់​ក្រុមហ៊ុន​ Naga Corp រួមជាមួយ​គម្រោង​បង្កើត​ទីក្រុង​រណប​រប​ស់​ក្រុមហ៊ុន​ចិន និង​គម្រោង​ទីក្រុង​ឆ្លាត​វៃ ដែល​ស្ថិតនៅក្នុង​ក្រុង​សៀមរាប” ។

ភ្ជាប់​ជាមួយ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា នៅ​ទូទាំង​ក្រុង​សៀមរាប ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ច្រើន ហើយ​មាន​បន្ថែម​ផ្លូវ​ថ្មី វា​ពិតជា​ជួយ​លើកស្ទួយ​តម្លៃ​ដីធ្លី​ឱ្យមាន​ការកើនឡើង ព្រម​គ្នា​ជាមួយនឹង​គម្រោង​វិនិយោគថ្មីៗផ្សេងទៀត ក៏​នឹង​កើនឡើង​ផងដែរ ខណៈ​បច្ចុប្បន្ននេះ តម្លៃ​ដី​នៅតាម​តំបន់​មួយចំនួន​នៅក្នុង​ក្រុង​សៀមរាប​មានតម្លៃ​ចាប់ពី ១៨០០ ទៅ​ជាង ២០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ។នេះ​បើតាម​លោក​សំ សុខ​នឿន។

លោក​បាន​បញ្ជាក់ទៀតថា “មាន​ហេតុផលសំខាន់ៗជាច្រើន ដែល​នឹង​ជំ​រុញឱ្យ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ក្រុង​សៀមរាប ងើប​ឡើងវិញ​ម្តងទៀត ក្រោយ​សម័យកាល​កូ​វីដ១៩ ដែល​ក្នុងនោះ​រួមមាន ផ្លូវ៣៨ខ្សែ​ក្នុង​ក្រុង​សៀមរាប ត្រូវបាន​សាងសង់​រួចរាល់ គម្រោង​វិនិយោគធំៗកំពុងតែ​ចូលក្នុង​ក្រុង​សៀមរាប ហើយ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ ជាពិសេស​អ្នកវិនិយោគ​ចិន​នឹង​មក​វិនិយោគ អភិវឌ្ឍ​អចលនទ្រព្យ​កាន់តែ​ច្រើនជាង​មុន” ។

លោក​សុខ​នឿន ​បាន​បន្តទៀតថា សៀមរាប ជា​ទឹកដី​អច្ឆរិយៈ​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ទូរ​ទាំង​សកលលោក ដូច្នេះ​វា​ក៏​ជា​ចលករ​មួយ​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​ឱ្យមាន​ការវិនិយោគ​គំរោង ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍ ជាពិសេស​ការ​ចិត្ត​ទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ចំពោះ​ខេត្តសៀមរាប ដែលជា​ប៉ូល​សេដ្ឋកិច្ចជាតិ តាមរយៈ​គោលនយោបាយ​បើកចំហ និង​សម្រួល​ដល់​ជនបរទេស ដែលជា​អ្នកវិនិយោគ​ជាតិ អន្តរជាតិ ឲ្យ​មក​បោះទុន​វិនិយោគ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here