ដោយៈ រ៉ាណេត
សៀមរាបៈ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈម នឹងវិបត្តិសាកលនៅពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តដាក់ ក្នុងការទប់ស្កាត់ស្ថានការណ៍លំបាក ហើយព្យាយាមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងក្រុងសៀមរាប ដើម្បីបង្កើនសោភ័ណភាព ទាក់ទាញការវិនិយោគ ដែលអំណោយផលដល់វិស័យអចលនទ្រព្យ ជាពិសេសនឹងឡើងថ្លៃខ្ពស់ក្រោយពេលវិបត្តិកូវីដត្រូវបានបញ្ចប់។
ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកសំ សុខនឿន បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ថា ការដាក់ចេញលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនាពេលកន្លងមកនេះ គឺសញ្ញាមួយល្អដែលជំរុញឱ្យមានស័យនានាឱ្យមានការរីកចំរើន រួមជាមួយនឹងវិស័យអចលនទ្រព្យផងដែរ។
លោកបន្តថា “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀម វានឹងជួយជំរុញឱ្យវិស័យអលចនទ្រព្យរីកចំរើន ជាពិសេសអចលនទ្រព្យប្រភេទសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូងផងដែរ” ។ លោកបន្តថា “ការអះអាងបែបនេះ ស្របពេលមានគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន ជាពិសេសគម្រោងបង្កើតមជ្ឈមណ្ឌលកម្សាន្ត ដ៏ធំរបស់ក្រុមហ៊ុន Naga Corp រួមជាមួយគម្រោងបង្កើតទីក្រុងរណបរបស់ក្រុមហ៊ុនចិន និងគម្រោងទីក្រុងឆ្លាតវៃ ដែលស្ថិតនៅក្នុងក្រុងសៀមរាប” ។
ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នៅទូទាំងក្រុងសៀមរាប ដែលមានហេដ្ឋារចនាសម្ព័ន្ធល្អច្រើន ហើយមានបន្ថែមផ្លូវថ្មី វាពិតជាជួយលើកស្ទួយតម្លៃដីធ្លីឱ្យមានការកើនឡើង ព្រមគ្នាជាមួយនឹងគម្រោងវិនិយោគថ្មីៗផ្សេងទៀត ក៏នឹងកើនឡើងផងដែរ ខណៈបច្ចុប្បន្ននេះ តម្លៃដីនៅតាមតំបន់មួយចំនួននៅក្នុងក្រុងសៀមរាបមានតម្លៃចាប់ពី ១៨០០ ទៅជាង ២០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។នេះបើតាមលោកសំ សុខនឿន។
លោកបានបញ្ជាក់ទៀតថា “មានហេតុផលសំខាន់ៗជាច្រើន ដែលនឹងជំរុញឱ្យទីផ្សារអចលនទ្រព្យក្នុងក្រុងសៀមរាប ងើបឡើងវិញម្តងទៀត ក្រោយសម័យកាលកូវីដ១៩ ដែលក្នុងនោះរួមមាន ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវបានសាងសង់រួចរាល់ គម្រោងវិនិយោគធំៗកំពុងតែចូលក្នុងក្រុងសៀមរាប ហើយអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាពិសេសអ្នកវិនិយោគចិននឹងមកវិនិយោគ អភិវឌ្ឍអចលនទ្រព្យកាន់តែច្រើនជាងមុន” ។
លោកសុខនឿន បានបន្តទៀតថា សៀមរាប ជាទឹកដីអច្ឆរិយៈដែលទាក់ទាញភ្ញៀវទេសចរមកពីទូរទាំងសកលលោក ដូច្នេះវាក៏ជាចលករមួយយ៉ាងសំខាន់ ក្នុងការទាក់ទាញឱ្យមានការវិនិយោគគំរោង ដែលបម្រើដល់វិស័យទេសចរណ៍ ជាពិសេសការចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលចំពោះខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចជាតិ តាមរយៈគោលនយោបាយបើកចំហ និងសម្រួលដល់ជនបរទេស ដែលជាអ្នកវិនិយោគជាតិ អន្តរជាតិ ឲ្យមកបោះទុនវិនិយោគដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា៕