តំបន់មួយចំនួនក្នុងរាជធានីភ្នំពេញកំពុងមានតម្រូវការផ្សារទំនើប ខណៈដែលការផ្គត់ផ្គង់រួមកំពុងប្រឈមនឹងភាពលើស

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖នៅក្នុងឆ្នាំ២០២១នេះប្រសិនបើការផ្គត់ផ្គង់ទីតាំងលក់រាយនៃផ្សារទំនើបត្រូវបានដាក់បញ្ចូលបន្ថែមថ្មីដូចការគ្រោងទុក អ្នកជំនាញបានព្រមានថាអាចនឹងលើសពីតម្រូវការជាក់ស្ដែង ប៉ុន្តែទោះជាយ៉ាងណា នៅតាមបណ្តាទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញ នៅតែទាមទារឱ្យមានការផ្គត់ផ្គង់បន្ថែមស្របពេលដែលកំណើននៃចំនួនប្រជាជនដែលមានកម្រិតជីវភាពធូរធាមានកំណើនខ្ពស់។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះថា ប្រសិនបើនៅដំណាច់ឆ្នាំ២០២១នេះ កំណើនថ្មីនៃការផ្គត់ផ្គង់ទីតាំងលក់រាយនៃផ្សារទំនើបគ្រប់កម្រិតត្រូវបានដាក់បញ្ចូលដូចការគ្រោងទុកនោះវានឹងកើនចំនួនសរុបរហូតដល់ជាង៦៨ម៉ឺនម៉ែត្រដែលអាចនឹងប្រឈមភាពលើសតម្រូវការយ៉ាងប្រាកដ។

លោកស្រីបន្តថា “បើយើងនិយាយពីចំនួនសរុបវាអាចនឹងលើសពីតម្រូវការជាក់ស្ដែង ប៉ុន្តែនៅតាមទីប្រជុំជនមួយចំនួនក្នុងរាជធានីភ្នំពេញនៅតែទាមទារឱ្យមានការផ្គត់ផ្គង់បន្ថែម។ ជាក់ស្ដែងដូចជានៅតំបន់ផ្លូវជាតិលេខ១ ផ្សារទំនើបក្នុងទ្រង់ទ្រាយធំនៅមិនទាន់មាននោះទេ ក្រៅតែពីគម្រោងរបស់ផ្សារប៉េងហួតដែលកំពុងបន្តការសាងសង់ ហើយក្រៅពីនេះឃើញមានប្រភេទផ្សារទំនើបបែបសហគមន៍តែប៉ុណ្ណោះ”។

លោកស្រីបន្តថា “ផ្សារទំនើបបែបសហគមន៍ដែលកំពុងដំណើរការនៅពេលបច្ចុប្បន្ននេះអាចជាមិនមែនតម្រូវការពិតប្រាកដរបស់អ្នកដែលរស់នៅក្នុងតំបន់នេះទាំងស្រុងនោះទេ ព្រោះភាគច្រើនផ្តោតតែទៅលើការផ្តល់សេវាផ្នែកចំណីអាហារតែប៉ុណ្ណោះ ដោយឡែកសម្រាប់ការផ្គត់ផ្គង់ទៅលើសម្ភារៈប្រើប្រាស់ទូទៅប្រចាំថ្ងៃដូចជាមិនសូវមាននោះទេក្រៅតែពីហាងលក់បែបទំនើបតែប៉ុណ្ណោះ”។

សម្រាប់ការផ្គត់ផ្គង់លើផ្នែកទីតាំងលក់រាយនៃផ្សារទំនើបបែបសហគមន៍នៅតំបន់ផ្លូវជាតិលេខ១ម្តុំបឹងស្នោរ គេឃើញមាន The PARK ដែលជាបណ្តុំនៃហាងអាហារបែបទំនើប រួមជាមួយនឹងគម្រោងផ្សារសហគមន៍ បឹងស្នោរ ហ្វូតផ្លាហ្សា ដែលនៅមិនទាន់បញ្ចប់សាងសង់ទាំងស្រុងនៅឡើយ ហើយក្រៅពីនេះជាប្រភេទផ្សារទំនើបខ្នាតតូចដែលស្ថិតនៅក្នុងគម្រោងបុរីប៉េងហួតតែប៉ុណ្ណោះ។

លោកស្រីអាន សុធីតា បានបញ្ជាក់ថា ភាគច្រើនអ្នកដែលរស់នៅក្នុងបុរីប៉េងហួត និងបុរីផ្សេងៗទៀតក្នុងតំបន់ផ្លូវជាតលេខ១ក្នុងខណ្ឌច្បារអំពៅ ភាគច្រើនជាអ្នកមានកម្រិតជីវភាពធូរធា។ អ្នកដែលមានជីវភាពធូរធារ ភាគច្រើនតែងប្រាថ្នាការផ្តល់សេវាកម្ម និងការស្វែងរកផលិតផលប្រើប្រាស់ដែលមានគុណភាព ដូច្នេះ ប្រសិនមានផ្សារទំនើបដែលមានការផ្គត់ផ្គង់សេវាកម្មចម្រុះ នោះនឹងកាន់តែផ្តល់ភាពងាយស្រួលដល់ពួគគេ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងដំណាក់កាលនេះ សម្រាប់អ្នកអភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះក៏ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ជៀសវាងទទួករងនូវការខាតបង់ដោយសារឥទ្ធិពលនៃវិបត្តិកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here