ខេត្តមណ្ឌលគីរី មានតំបន់ទាក់ទាញការវិនិយោគ៣៦ទីតាំងកំពុងរង់ចាំវិស័យឯកជនចូលរួមអភិវឌ្ឍន៍

0

ដោយៈ រ៉ាណេត

មណ្ឌលគីរីៈ ក្រៅពីគម្រោងសាងសង់ព្រលានយន្តហោះខ្នាតតំបន់ ដែលផ្តួចផ្តើមឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងកំពុងទាក់ទាញការវិនិយោគនានា ដែលស្ថិតនៅក្បែ​រគម្រោង ខេត្តមណ្ឌលគីរីនៅមានតំបន់ទាក់ទាញការវិនិយោគ បម្រើដល់វិស័យទេស​ចរណ៍ចំនួន៣៦ទីតាំងផ្សេងទៀត ដែលកំពុងរង់ចាំវិស័យឯកជនចូលធ្វើការអភិវឌ្ឍបន្ថែម។

អភិបាលខេត្តមណ្ឌលគីរី លោកស្វាយ សំអ៊ាងបានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅថា នៅទូទាំងខេត្តមណ្ឌលគិរីមានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិជាច្រើនរហូតដល់ចំនួន៣៦កន្លែង ដែលបម្រើដល់វិស័យទេសចរណ៍ និងកំពុងរង់ចាំស្វាគមន៍វិស័យឯកជន ចូលធ្វើការអភិវឌ្ឍបន្ថែមពីលើអ្វី ដែលមានស្រាប់នាពេលបច្ចុប្បន្ន។

លោកបន្តថា បច្ចុប្បន្នមានក្រុមហ៊ុនឯកជន កំពុងវិនិយោគលើវិស័យទេសចរណ៍សរុបមានចំនួន១១ទីតាំង ក្នុងនោះ មាន ទឹកជ្រោះប៊ូស្រា, អូរផ្លាយ, រមនា១, រមនា២, ជ្រៃយស់, ចំការកាហ្វេ , អូររមីស , ជ្រៃធំ,ដំណាក់ស្តេច,ក្បាលព្រះ ដែលជារៀងរាល់ឆ្នាំ ចាប់គិតពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០១៩ កំណើននៃចំនួនទេសចរជាតិ និងអន្តរជាតិមានការកើនឡើងជាបន្តបន្ទាប់។

តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី កាលពីពេលកន្លងទៅថ្មីៗនេះបានបង្ហាញថា ទីតាំងផ្តល់សេវាកម្មទេសចរណ៍ នៅទូទាំងខេត្តមានជាច្រើន ដែលក្នុងនោះមានសណ្ឋាគារ១១កន្លែង ស្មើនឹង៤២៨បន្ទប់, ផ្ទះសំណាក់៥១កន្លែង ស្មើនឹង៧៣៥បន្ទប់, ម៉ូតែល២កន្លែង ស្មើនឹង៦៧បន្ទប់ បឹងកាឡូ១កន្លែង ស្មើនឹង៦បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន៣៤កន្លែង ហើយក្រៅពីនេះនៅមានគម្រោង វិនិយោគអភិវឌ្ឍទេសចរណ៍ក្នុងតំបន់អភិរក្សធនធានធម្មជាតិ សរុបចំនួន៤០គម្រោងទៀត ក្នុងនោះមាន ដែនជម្រកសត្វព្រៃកែវសីមា១០គម្រោង ដែនជម្រកសត្វព្រៃភ្នំណាមលៀរ២គម្រោង និងរបៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធតំបន់ការពារធនធានធម្មជាតិ ២៨គម្រោង។

លោកបណ្ឌិត តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R’ Investment Group ដែលជាអ្នកអភិវឌ្ឍន៍លំដ្ឋានបែបលំហែរបានមានប្រសាសន៍ថា ខេត្តមណ្ឌលគីរីមានសក្តានុពលខ្ពស់ក្នុងវិស័យទេសចរណ៍ ប៉ុន្តែក៏អំណោយផលដល់វិស័យសំណង់ ដែលពាក់ព័ន្ធផងដែរថា ដូចជាការវិនិយោគ និងអភិវឌ្ឍសណ្ឋាគារ ផ្ទះសំណាក់ ជាពិសេសលំនៅដ្ឋានបែបលំហែរដែលកំពុងមានប្រជាប្រិយភាព។

លោកបញ្ជាក់ថា “ភាគច្រើនអ្នកអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរ ដែលកំពុងបោះទុនចូលទៅក្នុងខេត្តមណ្ឌលគីរី គឺច្រើនមើលទៅលើទីតាំង ដែលស្ថិតនៅក្បែរតំបន់ភ្នំ ដោយសាងសង់ជាលំនៅដ្ឋានតម្លៃមធ្យម ចាប់ពី៥ម៉ឺនដុល្លារចុះក្រោយ ដែលជាប្រភេទលំនៅដ្ឋានមានទីផ្សារទូលាយ”។ លោកបន្តថា “ដោយឡែកសម្រាប់លំនៅដ្ឋានលំហែរ ដែលមានតម្លៃខ្ពស់ជាង១០ម៉ឺនដុល្លារមិនសូវមាននោះទេ ព្រោះពិបាករកអតិថិជនដែលជាទីផ្សារគោលដៅ”។

លោកបានបន្តឱ្យដឹងថា ការអភិវឌ្ឍលំនៅដ្ឋានបែបលំហែរកាយយ នៅក្នុងខេត្តមណ្ឌលគីរីគឺមាន២ប្រភេទ ទី១ជាក្រុមអ្នកវិនិយោគ និងអភិវឌ្ឍន៍សម្រាប់លក់ចេញយកចំណេញ និងទី២ជាក្រុមអ្នកបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍ទុកជួលឱ្យទេសចរសម្រា​កក្នុងរយៈពេលខ្លី ប៉ុន្តែការវិនិយោគប្រភេទនេះមានច្រើនគម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here