ដោយៈគង់ សូរិយា
ភ្នំពេញៈ គម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះ Naga 3 តម្លៃជិត៤ពាន់លានដុល្លារបាននិងកំពុងសាងសង់យ៉ាងរលូន បើទោះបីជាកម្ពុជាកំពុងហែលឆ្លងវិបត្តិកូវីដ១៩ក្តី។
របាយការណ៍របស់ក្រុមហ៊ុន NagaCorp ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា គិតត្រឹមខែមីនា ការដ្ឋានស្ថិតនៅដំណាក់បុកគ្រឹះ ដែលកំពុងអនុវត្តដោយក្រុមហ៊ុនម៉ាឡេស៊ី Econpile។ ការងាររបស់ក្រុមហ៊ុនEconpileនេះ រួមមានការងារបុកគ្រឹះ និងផ្នែកខ្លះនៃគ្រឿងបង្គុំ ដែលជាកិច្ចសន្យារងពីក្រុមហ៊ុនចិនMCC International Incorporation Ltd។
ក្រុមហ៊ុនម៉ាឡេស៊ី Econpile ដែលជាក្រុមហ៊ុនមានជំនាញខ្ពស់លំដាប់អន្តរជាតិលើការងារខួងគ្រឹះ បានទទួលកិច្ចសន្យារងនេះក្នុងតម្លៃ៨៥,៧លានដុល្លារ តាំងពីខែធ្នូ ឆ្នាំ ២០២០ មកម្លេះ។
យោងតាមសេចក្ដីប្រកាសរបស់ NagaCorp បានឲ្យដឹងថា គម្រោង Naga 3 នេះ នឹងត្រូវសាងសង់លើទឹកដីអតីតអគារប៊ូលឌីងចាស់ ដែលរួមបញ្ចូលអគារកម្ពស់៦៥ជាន់ ចំនួន២អគារ អគារកម្ពស់៤៥ជាន់ចំនួន២អគារ ប៉ុន្តែក្រោយមកគំរោងនេះបានកែប្រែដោយមានអាគារត្រឹម៣ប៉ុណ្ណោះ ក្នុងនោះអាគារមេចំនួន១មានកំពស់៦៩ជាន់។
គំរោងដ៏ឆើតឆាយនេះ ផ្តោតលើសេវាកម្មចម្រុះ ដូចជា ខុនដូបែបសណ្ឋាគារ សួនកំសាន្តឌីជីថល ស្ប៉ា ក្លឹបរាត្រី ផ្សារទំនើប សណ្ឋាគារ និងកន្លែងជាច្រើនទៀត។
NagaCorp ក៏បានបញ្ជាក់ទៀថា ប្រមាណជាង៩៣ភាគរយនៃផ្ទៃគម្រោងទាំងមូល នឹងអភិវឌ្ឍន៍ ជាអគារកំសាន្តចម្រុះមិនមែនកាស៊ីណូ ដែលជាយុទ្ធសាស្រ្តរយៈពេលវែងរបស់ក្រុមហ៊ុន។ ក្រោយសាងសង់រួច NagaWorld Complex ដែលរួមមានNaga ១ ទី២ និង៣ នឹងក្លាយទៅជាកន្លែងកម្សាន្តចម្រុះ តាមដងទន្លេដ៏ធំបំផុតនៅលើពិភពលោក៕