ដោយ រ៉ាណេត
ខេត្តកែប៖ រដ្ឋបាលខេត្តកែប បាននឹងកំពុងអភិវឌ្ឍន៍តំបន់ឆ្នេរឱ្យក្លាយជាឋានសួគ៌ សម្រាប់ដើរលម្ហែរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំផែនទី និងគម្រោងប្លង់រៀបចំតំបន់ឆ្នេរឱ្យបាន ៣០០០ ម៉ែត្របន្ថែមទៀត ។
លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ការរៀបចំ និងអភិវឌ្ឍន៍តំបន់ឆ្នេរ ទៅជាឋានសួគ៌នេះគឺធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍ មកសម្រាក និងមានសុវត្ថិភាពពេលលេញ និងមានការឆក់ប្លន់ ឬ បាត់បង់អ្វីមួយនោះទេ ។ បញ្ហានេះខេត្តកែបបាននឹងកំពុងយកចិត្តទុដាក់ខ្ពស់បំផុត ក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់របៀបរៀបរយល្អ ។
លោក ថ្លែងថា «នៅពេលដែលគេមកលេងផ្ទះយើង យើងចង់ឱ្យផ្ទះស្អាត ម្ហូបឆ្ងាញ់ និងញញឹមរោះរាយរាក់ទាក់ យើងធ្វើរៀបចំឱ្យដូចគ្នាអីចឹងដែរ ។ ទៅថ្ងៃខាងមុខ រដ្ឋបាលខេត្តនឹងពង្រីកសក្តានុពលទេសចរណ៍ទាំងនៅលើគោក នៅក្នុងទឹក តំបន់កោះ និងព្រៃភ្នំ ខណៈតំបន់ទាំងនេះ មិនទាន់ប្រើប្រាស់អស់នៅឡើយទេ » ។
បើតាម លោក សោមពិសិដ្ឋ ឆ្នេរកម្សាន្តសាធារណៈរបស់ខេត្តកែបនាពេលបច្ចុប្បន្ននេះ មានប្រវែងត្រឹមតែ ៣០០ ម៉ែត្រ ប៉ុណ្ណោះ ដែលមានលក្ខណៈខ្លី មិនទាន់ឆ្លើយតបនឹង កំណើននៃភ្ញៀវទេសចរកើនឡើងជារៀងរាល់ឆ្នាំ ដែលមកលេងកម្សាន្តនៅទីនេះ ខណៈដែលខេត្តកែមានឆ្នេរប្រវែងសរុបចំនួនជិត ២៧ គីឡូម៉ែត្រ។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា ថ្លែងថា ខេត្តកែប និង ខេត្តកំពតមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ក្នុងអាណត្តិនីមួយៗរបស់ថា្នក់ដឹកនាំខេត្ត ដោយធ្វើយ៉ាងណាកែលម្អទៅតាមស្ថានភាពជាក់ស្តែងនៃកំណើនភ្ញៀវទេសចរ។
បើតាម លោក ហូ វណ្ឌី ខេត្តកែប បាននឹងកំពុងមានការទាក់ទាញទេសចរណ៍យ៉ាងខ្លាំង បន្ទាប់ពីខេត្តព្រះសីហនុ។ ទន្ទឹមគ្នានេះ ការរៀបចំផែនការមេ ក្នុងការអភិវឌ្ឍន៍ខេត្ត គឺមិនអាចខ្វះបាននោះទេ ។ បើទោះបីក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីដ ១៩ នេះ ក្តី ការរៀបចំផែនការមេ និងផែនទីអភិវឌ្ឍន៍តំបន់ឆ្នេរ ក៏ជារឿងចាំបាច់បំផុតក្នុងការស្រោចស្រងសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖ « បើយើងនិយាយពីកែប គឺកែបលំដាប់លេខរៀងទីពីរ ហើយបងប្អូនជាទេសចរ ជ្រើសរើសកែប ជាតំបន់ស្នាក់នៅបន្ទាប់ពីក្រុងព្រះសីហនុ និងតាមបណ្តាកោះផ្សេងៗទៀតច្រើនណាស់។ ការរៀបចំផែនការមេក្នុងការអភិវឌ្ឍន៍តំនបនឆឆ្នេរ គឺមិនអាចខ្វះបាន» ៕