រដ្ឋបាលខេត្ត​កែប​បាន​នឹង​កំពុង​ប្រែក្លាយ​តំបន់ឆ្នេរ​ទៅជា​ឋានសួគ៌​ក្នុង​ការដើរ​លម្ហែ

0

ដោយ រ៉ា​ណេ​ត

ខេត្ត​កែប៖ រដ្ឋបាលខេត្ត​កែប បាន​នឹង​កំពុងអភិវឌ្ឍន៍​តំបន់ឆ្នេរ​ឱ្យក្លាយ​ជា​ឋានសួគ៌ សម្រាប់​ដើរ​លម្ហែ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ខណៈពេល​បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត​បាន​នឹង​កំពុង​រៀបចំ​ផែនទី និង​គម្រោង​ប្លង់​រៀបចំ​តំបន់ឆ្នេរ​ឱ្យបាន ៣០០០ ម៉ែត្រ​បន្ថែមទៀត  ។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បានឱ្យដឹងថា ការរៀបចំ និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ ទៅជា​ឋានសួគ៌​នេះ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវ​ទេសចរណ៍ មក​សម្រាក និង​មាន​សុវត្ថិភាព​ពេល​លេញ  និង​មាន​ការឆក់ប្លន់ ឬ បាត់បង់​អ្វីមួយ​នោះទេ ។ បញ្ហា​នេះ​ខេត្ត​កែប​បាន​នឹង​កំពុង​យកចិត្ត​ទុ​ដាក់​ខ្ពស់បំផុត ក្នុងការ​ថែរក្សា សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​ល្អ  ។

លោក ថ្លែងថា «នៅពេលដែល​គេ​មកលេង​ផ្ទះ​យើង យើង​ចង់ឱ្យ​ផ្ទះ​ស្អាត  ម្ហូប​ឆ្ងាញ់ និង​ញញឹម​រោះ​រាយ​រាក់ទាក់ យើង​ធ្វើ​រៀបចំ​ឱ្យ​ដូចគ្នា​អីចឹង​ដែរ ។ ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាលខេត្ត​នឹង​ពង្រីក​សក្តានុពល​ទេសចរណ៍​ទាំង​នៅលើ​គោក នៅក្នុង​ទឹក តំបន់​កោះ និង​ព្រៃភ្នំ ខណៈ​តំបន់​ទាំងនេះ មិនទាន់​ប្រើប្រាស់​អស់​នៅឡើយ​ទេ » ។

បើតាម លោក សោម​ពិសិដ្ឋ  ឆ្នេរ​កម្សាន្ត​សាធារណៈ​របស់​ខេត្ត​កែប​នាពេល​បច្ចុប្បន្ននេះ មាន​ប្រវែង​ត្រឹមតែ ៣០០ ម៉ែត្រ ប៉ុណ្ណោះ ដែលមាន​លក្ខណៈ​ខ្លី មិនទាន់​ឆ្លើយតប​នឹង កំណើន​នៃ​ភ្ញៀវទេសចរ​កើនឡើង​ជា​រៀងរាល់ឆ្នាំ ដែល​មកលេង​កម្សាន្ត​នៅទីនេះ ខណៈដែល​ខេត្ត​កែ​មាន​ឆ្នេរ​ប្រវែង​សរុប​ចំនួន​ជិត ២៧ គីឡូម៉ែត្រ។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា ថ្លែងថា ខេត្ត​កែប និង ខេត្តកំពត​មានការ​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ក្នុង​អាណត្តិនីមួយៗរបស់​ថា្នក់​ដឹកនាំ​ខេត្ត ដោយ​ធ្វើយ៉ាងណា​កែលម្អ​ទៅតាម​ស្ថានភាព​ជាក់ស្តែង​នៃ​កំណើន​ភ្ញៀវទេសចរ។

បើតាម លោក ហូ វណ្ឌី  ខេត្ត​កែប បាន​នឹង​កំពុងមាន​ការទាក់ទាញ​ទេសចរណ៍​យ៉ាងខ្លាំង បន្ទាប់ពី​ខេត្ត​ព្រះសីហនុ។ ទន្ទឹមគ្នានេះ ការរៀបចំ​ផែនការមេ ក្នុងការ​អភិវឌ្ឍន៍​ខេត្ត គឺ​មិនអាច​ខ្វះ​បាន​នោះទេ  ។ បើទោះបី​ក្នុងអំឡុងពេល​នៃ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ ១៩ នេះ ក្តី  ការរៀបចំ​ផែនការមេ និង​ផែនទី​អភិវឌ្ឍន៍​តំបន់ឆ្នេរ ក៏​ជា​រឿង​ចាំបាច់​បំផុត​ក្នុងការ​ស្រោចស្រង​សេដ្ឋកិច្ចជាតិ។

លោក​ថ្លែងថា៖ « បើ​យើង​និយាយ​ពី​កែប គឺ​កែប​លំដាប់​លេខ​រៀង​ទី​ពីរ ហើយ​បងប្អូន​ជា​ទេសចរ ជ្រើសរើស​កែប ជា​តំបន់​ស្នាក់នៅ​បន្ទាប់ពី​ក្រុងព្រះសីហនុ  និង​តាម​បណ្តា​កោះផ្សេងៗទៀត​ច្រើនណាស់។ ការរៀបចំ​ផែនការមេ​ក្នុងការ​អភិវឌ្ឍន៍​តំន​បន​ឆ​ឆ្នេរ គឺ​មិនអាច​ខ្វះ​បាន» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here