ដោយៈសុខុម
ឌូបៃៈ អ្នកទិញបានចាប់ផ្ដើមសម្រុកទិញអចលនទ្រព្យក្នុងក្រុងឌូបៃ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារពួកគេទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាលក់ថោកជាងតម្លៃទីផ្សារ ដែលអាចធៀបបានទៅនឹងតម្លៃលក់កាលពីមួយទសវត្សរ៍មុន។
ការផ្ដល់ហិរញ្ញប្បទានងាយស្រួល និងសេដ្ឋកិច្ចបើកចំហ សម្រាប់អាជីវកម្មជាដើម ទោះបីជាមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ សុទ្ឋតែជាកំលាំងជម្រុញឲ្យទីផ្សារនៅទៅក្រុងដ៏ល្បីល្បាញនេះមានភាពប្រសើរឡើង។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃទី១៦ មីនាម្សិលម៉ិញ។
សកម្មភាពលក់ផ្ទះវីឡាប្រណីត អាផាតម៉ិន ដែលមើលឃើញទេសភាពសមុទ្រ និងផ្ទះលក្ខណៈគ្រួសារដែលគេប្រើរួច មានសន្ទុះកើនឡើងខ្លាំងគួរសម ក្រោយដាំក្បាលចុះខ្លាំងអំឡុងស្ថានភាពឆ្លងរាតត្បាតវីរុសកូវីដ-១៩ ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត។
ប៉ុន្តែដោយសារថ្លៃឈ្នួលផ្ទះនៅតែធ្លាក់ចុះ ហើយការផ្គត់ផ្គង់នៅតែលើសតម្រូវការនៅឡើយ ដែលធ្វើឲ្យទីផ្សារនៅទីនោះ ត្រូវការពេលវេលាយូរណាស់ ទម្រាំវិស័យអចលនទ្រព្យ ដែលស្ថិតក្នុងចំណោមវិស័យសេដ្ឋកិច្ចសំខាន់ៗ របស់ប្រទេសអារ៉ាប់រួមអេមីរ៉ាត អាចវិលទៅរកស្ថានភាពមុនផ្ទុះវិបត្តិកូវីដ-១៩ ។
សេដ្ឋកិច្ចរបស់ក្រុងឌូបៃ ដែលពឹងផ្អែកលើពាណិជ្ជកម្ម ទេសចរណ៍ និងកេរ្តិ៍ឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ ជាមជ្ឈមណ្ឌលសេវាកម្មពាណិជ្ជកម្មប្រចាំតំបន់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាតវីរុសកូវីដ-១៩ កាលពីឆ្នាំមុន នៅពេលក្រុមហ៊ុននានាបានបង្ខំចិត្តជម្រុះបុគ្គលិកចោល។ ជាលទ្ធផល ពលករចំណាកស្រុកជាច្រើន ដែលជាកម្លាំងដ៏សំខាន់ ក្នុងការជួយគាំទ្រតម្រូវការក្នុងវិស័យអចលនទ្រព្យ ដែលស្មើនឹង ៧,២% នៃ GDP (ផលិតផលក្នុងស្រុកសរុប) ក្នុងឆ្នាំ២០១៩ បានចាកចេញទៅប្រទេសកំណើតរបស់ពួកគេវិញ។
ទោះជាយ៉ាងណា ក្រុមភ្នាក់ងារអចលនទ្រព្យនិយាយថា សកម្មភាពទីផ្សារអចលនទ្រព្យមានសន្ទុះកើនឡើងខ្លាំង គួរសមក្នុងរយៈពេល ៦ ខែចុងក្រោយនេះ បន្ទាប់ពីបម្រាមមិនឱ្យចេញពីផ្ទះ និងបម្រាមគោចរណ៍ត្រូវបានដកចេញ។
លោក Matthew Bate ប្រធានទីភ្នាក់ងារអចលនទ្រព្យ Nest និយាយថា សកម្មភាពក្នុងទីផ្សារអចលនទ្រព្យ មានសន្ទុះមមាញឹកជាងមុន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយពលរដ្ឋអារ៉ាប៊ីសាអូឌីត អ្នកស្នាក់នៅ និងទេសចរបរទេសក៏ឆ្លៀតចាប់យកឱកាសដ៏ល្អនេះ ទិញអចលនទ្រព្យទុក។
ខណៈប្រទេសជាច្រើនទូទាំងពិភពលោក បានដាក់ចេញវិធានការរឹតបន្តឹងជាថ្មីអំឡុងរដូវរងានេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ក្រុងឌូបៃបានបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរវិញហើយ ហើយប្រទេសអារ៉ាប់រួមអេមីរ៉ាតនេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលឿនបំផុតមួយរបស់ពិភពលោក។
លោក Matthew Bate បានលើកឡើងថា “យើងមានភ្ញៀវទេសចរណ៍ មកលេងក្រុងឌូបៃយ៉ាងច្រើន។ ភ្ញៀវពីរបីនាក់ចុងក្រោយរបស់យើង ដែលទិញអចលនទ្រព្យតម្លៃ ៤,០៨លានដុល្លារអាមេរិក។ ពួកគេក៏មានអចលនទ្រព្យនៅក្រុងញូវយ៉ក និងក្រុងឡុងដ៍ ដែរ ហើយពេលនេះពួកគេមកទិញនៅក្រុងឌូបៃ ទៀត” ៕