ក្រុមហ៊ុនអន្តរជាតិព្យាករណ៍ថាទីផ្សារអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២១នៅតែ បន្តរក្សាបានភាពវិជ្ជមាន

0

ដោយៈ រ៉ាណេត
ភ្នំពេញៈ យោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុនជំនាញភ្នាក់ងារអចលនទ្រព្យអន្តរជាតិបានអះអាងថា នៅក្នុងឆ្នាំ២០២១បើទោះជាកម្ពុជា ទទួលរងនូវឥទ្ធិពលពីវិបត្តិកូវីដ១៩ក៏ដោយ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ នៅតែអាចរក្សាបាននូវភាពវិជ្ជមាន ជាពិសេសនៅក្នុងទីផ្សារសំណង់លំនៅដ្ឋាន និងសំណង់ផ្សេងៗទៀតនៅតែបន្តសកម្មភាពនៅឡើយ។
យោងតាមរបាយការណ៍សិក្សាដោយក្រុមហ៊ុនជំនាញអន្តរជាតិ CBRE Cambodia ដែលបានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះបានបង្ហាញថា ព្រឹត្តិការណ៍នៃវិបត្តិជំងឺឆ្លងកូវីដ១៩ បានជះឥទ្ធិពល និងផ្លាស់ប្ដូរសេដ្ឋកិច្ចជាសាកល ដែលក្នុងនោះកម្ពុជាក៏បានទទួលរងនូវផលប៉ះពាល់ផងដែរ ទៅលើវិស័យសំខាន់ៗមួយចំនួន ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យ ហាក់មានភាពធូរស្រាលជាងវិស័យដទៃ ជាពិសេសនៅក្នុងឆ្នាំ២០២១នេះ នៅតែមានសញ្ញាវិជ្ជមានមិនធ្លាក់ចុះនោះទេ។


នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ហេតុផលសំខាន់ៗមួយចំនួនបានជួយឱ្យវិស័យអចលនទ្រព្យកម្ពុជា នៅតែអាចរក្សាបានភាពវិជ្ជមាន ដូចជា ការចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងជាសាកល ហើយកម្ពុជាក៏បាននាំយកមកប្រើប្រាស់ដើម្បីទប់ស្កាត់ និងឈានទៅលុបបំបាត់ការចម្លង។ ក្រៅពីនេះ តម្រូវការក្នុងស្រុកនៅតែបន្តមានខណៈដែលក្រុមអ្នកអភិវឌ្ឍន៍ នៅតែបន្តសកម្មភាពសាងសង់ដើម្បីផ្គត់ផ្គង់ទីផ្សារជាក់ស្ដែង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍នៅព្រឹកថ្ងៃជាមួយគ្នានេះថា ឆ្នាំ២០២១ និងដើមឆ្នាំ២០២២ គឺជាពេលវេលាមួយបង្ហាញពីសញ្ញាវិជ្ជមានសារជាថ្មី នៃវិស័យអចលនទ្រព្យនៅកម្ពុជា ប្រសិនបើការទប់ស្កាត់ការរីករាលដាល នៃជំងឺដែលកំពុងអនុវត្តព្រមគ្នា ជាសាកលនាពេលបច្ចុប្បន្នមានប្រសិទ្ធភាព។
លោកបានបន្តថា “ឆ្នាំ២០២១នេះ វិស័យអចលនទ្រព្យកម្ពុជាមិនធ្លាក់នោះទេ ប៉ុន្តែបើព្យាករណ៍ថា នឹងអាចមានកំណើនខ្លាំងឡើងវិញក្នុងឆ្នាំជាមួយគ្នា វាហាក់ពិបាកក្នុងការវាយតម្លៃបន្តិច ព្រោះស្ថានការណ៍នៅមានភាពផុយស្រួយនៅឡើយ”។
លោកច្រឹក សុខនីម បានមានប្រសាសន៍បន្តថា នៅពេលបច្ចុប្បន្ននេះ ទីផ្សារនៃវិស័យអចលនទ្រព្យកម្ពុជា នៅតែបន្តមានសកម្មភាព ក្រោមការចូលរួមពីសំណាក់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងស្រុក បើទោះជាវាមិនមែនទ្រង់ទ្រាយធំ ដែលមានដើមទន់រាបសិបលានដុល្លារ ប៉ុន្តែក៏ជាការបង្ហាញពីភាពវិជ្ជមាននៃវិស័យមួយនេះ ហើយអាចនឹងកាន់តែល្អប្រសើរជាងនេះនៅឆ្នាំបន្ទាប់ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here