ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យត្រូវបានគេមើលឃើញថាមានសន្ទុះខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងប្រទេសកម្ពុជា ហើយក៏មានបុគ្គលជាច្រើនទទួលបានជោគជ័យពីជំនួញមួយនេះ។ តើការវិនិយោគអចលនទ្រព្យ ដើម្បីទទួលបានជោគជ័យ អ្នកវិនិយោគគួរគិតពីចំនុចអ្វីខ្លះ។
យោងតាមក្រុមអ្នកជំនាញហិរញ្ញវត្ថុ និងអចលនទ្រព្យមួយក្រុមបានបញ្ជាក់ថា ដោយការវិនិយោគលើអចលនទ្រព្យ ត្រូវការដើមទុនច្រើន ខណៈដែលវិបត្តិកូវីដមិនទាន់ផុតរលត់ផងនោះ វិនិយោគិនត្រូវពិចារណាលើចំណុចសំខាន់ជាច្រើន ឱ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តវិនិយោគលើអចលនទ្រព្យក្នុងឆ្នាំ២០២១នេះ ។
១ ប្រភេទអចលនទ្រព្យដែលមានសក្ដានុពលចំណេញ
ប្រភេទអចលនទ្រព្យក្នុងទីផ្សារបច្ចុប្បន្នមាន ដូចជា លំនៅដ្ឋាន ដីធ្លី ខុនដូ អាគារ ការិយាល័យ។ល។ សម្រាប់ឆ្នាំ២០២១នេះ ប្រភេទអចលនទ្រព្យ ដូចជា ដីធ្លីសម្រាប់អភិវឌ្ឍគម្រោង ត្រូវបានវាយតម្លៃថា នឹងមានសក្ដានុពលចំណេញសម្រាប់ការវិនិយោគ ។
បើយោងតាមការលើកឡើងរបស់លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ខេត្តដែលមានសក្ដានុពលក្នុងការទិញដី សម្រាប់វិនិយោគ ឬអភិវឌ្ឍន៍គម្រោងផ្សេងៗក្នុងឆ្នាំ២០២១នេះ គឺខេត្តកំពត និងខេត្តកែប មានសក្ដានុពលផ្នែកទេសចរណ៍។
២ គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល
គម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលដូចជា ទីក្រុងរណប ផ្សារទំនើប ផ្លូវថ្នល់ អាកាសយានដ្ឋានជាដើម អាចជះឥទ្ធិពលធំទៅលើតម្លៃ និងសក្ដានុពលសម្រាប់ភាពជោគជ័យក្នុងការវិនិយោគអចលនទ្រព្យ។ ហេតុនេះ វិនិយោគិន ចាំបាច់គួរតាមដានព័ត៌មានពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍នានា ចក្ខុវិស័យ និងផែនការទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់រដ្ឋាភិបាលជាប់ជានិច្ច។ គម្រោងអភិវឌ្ឍន៍មួយចំនួននាពេលបច្ចុប្បន្ន មានដូចជា គម្រោងផ្លូវល្បឿនលឿន គម្រោង ព្រលានយន្ដហោះ ជាដើម ដែលអាចញ៉ាំងឱ្យដីឡើងថ្លៃ ឬ មានឥទ្ធិពលវិជ្ជមានឬអវិជ្ជមានដល់ដំណើរការសេដ្ឋកិច្ច។
៣ ផ្ដោតលើការវិនិយោគរយៈពេលវែង
វត្តមាននៃវិបត្តិកូវីដ១៩ អាចនឹងមិនទាន់ផុតរលត់នៅឆ្នាំ២០២១ នៅឡើយទេ ដរាបណាវ៉ាក់សាំងដែលមានប្រសិទ្ធភាព នៅមិនទាន់ទទួលបានប្រើប្រាស់ទូលំទូលាយទូទាំងពិភពលោកនៅឡើយ។ ហេតុនេះ វិនិយោគិនគប្បីពិចារណា នូវការវិនិយោគរយៈពេលយូរ ជាជាងរំពឹងផលចំណេញក្នុងរយៈពេលខ្លី ។
ថ្វីត្បិតថាសកម្មភាពវិនិយោគអចលនទ្រព្យ រងផលប៉ះពាល់ខ្លាំងក្នុងឆ្នាំ២០២០ ក៏ពិតមែន ប៉ុន្តែដើមឆ្នាំ២០២១ ជាពេលដែលយើងអាចចាប់ផ្ដើមគិតគូរ ដើម្បីឈានជើងចូលក្នុងវិស័យនេះ ព្រោះថាទោះក្នុងស្ថានភាពវិបត្តិក៏ពិតមែន ឱកាសទទួលបានផលចំណេញក៏អាចមានដែរនៅក្នុងវិបត្តិនោះដែរ ។
យ៉ាងណាមិញ ដើម្បីកាត់បន្ថយហានិភ័យ ក៏ដូចជា បង្កើនសក្តានុពលនៃផលចំណេញពីការវិនិយោគរបស់អ្នក អ្នកគួរតែប្រឹក្សាយោបល់បន្ថែម ជាមួយអ្នកជំនាញច្បាស់លាស់ផ្នែកអចលនទ្រព្យ ដ្បិតថាពួកគាត់មានចំណេះជំនាញ និងមានប្រភពព័ត៌មានច្រើន ៕