ដោយ គង់ សូរិយា
ភ្នំពេញ៖ ជាដំណឹងរីករាយមួយ សម្រាប់ខេត្តព្រះសីហនុដែលមានការរីកចម្រើនយ៉ាងលឿនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទាក់ទាញអ្នកវិនិយោគជាច្រើន ពិសេសកំនើននៃអ្នកវិនិយោគចិន។
ជាក់ស្តែងនាពេលថ្មីៗនេះ ក្រុមហ៊ុនចិនចំនួនពីរបានសម្រេចចិត្តបោះទុនវិនិយោគជាង១២៥លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារផ្កាយ៥ និងផ្កាយបួនចំនួនពីរក្នុងខេត្តនេះ ដែលកំពុងប្រឈមមុខនឹងកង្វះបន្ទប់ស្នាក់នៅជាប្រចាំ។
ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តយល់ព្រមតាមសំណើរសុំរបស់ពួកគេ។ ក្រុមហ៊ុនទាំងពីរនោះរួមមាន ក្រុមហ៊ុន NAN HAI Real Estate Development Co, Ltd ដែលនឹងសាងសង់សណ្ឋាគារកម្រិតផ្កាយ៥ចំនួន៥០០បន្ទប់ ស្ថិតក្នុងសង្កាត់លេខ៣ ខ័ណ្ឌមិត្តភាព ដែលគ្រោងបោះទុនវិនិយោគ៨៦,៥៦លានដុល្លារអាមេរិក និងបង្កើតការងារបាន១៨៤៨កន្លែង។
ចំណែកក្រុមហ៊ុន HEIN LI Property Co, Ltd ក៏ទទួលបានការអនុម័តយល់ព្រមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអនុញ្ញាត្តឲ្យក្រុមហ៊ុននេះសាងសង់សណ្ឋាគារផ្កាយ៤ចំនួន១៤៩បន្ទប់ និង Resort ដែលស្ថិតនៅភូមិ១ សង្កាត់បី ខេត្តព្រះសីហនុផងដែរ។ គំរោងនេះគ្រោងបោះទុនវិនិយោគ ៣៩,៣៧លានដុល្លារអាមេរិក។
រដ្ឋាភិបាលបានដាក់ខេត្តព្រះសីហនុ ទាំងមូលជាតំបន់ឧស្សាហកម្ម នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដោយសារខេត្តនេះមានសក្តានុពលច្រើន ដូចជា កំពង់ផែទឹកជ្រៅ ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ព្រលានយន្តហោះអន្តរជាតិ ការតភ្ជាប់ផ្លូវគោកកាន់តែងាយស្រួល និងការតភ្ជាប់ការដឹកជញ្ជូនតាមខ្សែរថភ្លើង៕