ដោយស៊ីវ ម៉េង
ភ្នំពេញៈ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) មានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យវិស័យអចលនទ្រព្យ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចនៃបណ្តាប្រទសសនានាលើពិភពលោកអាចងើបឡើងវិញ។
តើលំហូរFDIមានសារៈសំខាន់បែបណា? លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ មិនានេះថា ការហូរចូលនូវវិនិយោគិនបរទេសចូលមកកាន់ទីផ្សារកម្ពុជា ត្រូវការរយៈពេលបន្ថែមបន្តទៀត ដោយសារវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩ ប៉ុន្តែបើសួរថា តើFDIមានសារៈសំខាន់បែបណា វាពិតជាមានសារៈសំខាន់ក្នុងការជម្រុញការរីកចម្រើនរបស់ប្រទេសជាតិមួយ។
លោកស្រីបន្តថា “ការហូរចូលនូវទុនវិនិយោគពីបរទេសឬFDI គឺវិនិយោគិនខាងក្រៅមានទំហំទុនធំជាង អ្នកវិនិយោគក្នុងស្រុក ការវិនិយោគរបស់ពួកគាត់ ផ្តល់នូវទំនុកចិត្តដល់ទីផ្សារក្នុងស្រុកផង និងទាក់ទាញការវិនិយោគបន្ថែមពីក្រៅប្រទេសផង”។លោកស្រីបន្តថា “ធម្មតាអ្នកវិនិយោគក្រៅប្រទេស ភាគច្រើនពួកគេវិនិយោគគំរោងធំៗ និងមានលក្ខណៈស្មុគស្មាញ ប៉ុន្តែសម្រាប់អ្នកវិនិយោគក្នុងស្រុកភាគច្រើន ពួកគេវិនិយោគតែដីធ្លី និងលំនៅដ្ឋានភាគច្រើន”។
បើតាមរបាយការណ៍របស់ក្រុមហ៊ុនCBRE Cambodiaបានបង្ហាញថា ក្នុងចំណោម ក្រុមហ៊ុនលំដាប់យក្សទាំង៥០០លើពិភពលោក មានក្រុមហ៊ុនប្រមាណ៨០ កំពុងវិនិយោគនៅកម្ពុជា។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការហូរចូលនូវFDI មកកាន់កម្ពុជា មិនមានស្ថានភាពល្អទេ នាពេលឥលូវនេះ គឺងអ្វីៗមានសភាពស្ងប់ស្ងាត់ច្រើន ដោយសារវិបត្តិជំងឺកូវីដ១៩។
លោកបន្តថា “លំហូរFDIមានសារៈសំខាន់ណាស់ ព្រោះវានឹងមានលុយហូរចូលពីក្រៅប្រទេស ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាធ្វើឲ្យចរន្តសាច់ប្រាក់ក្នុងសេដ្ឋកិច្ចមានភាពរស់រវើក”។លោកបន្តថា “បើយើងពឹងផ្អែកតែទុនវិនិយោគក្នុងស្រុក សេដ្ឋកិច្ចយើងមិនរីកចម្រើនលឿននោះទេ ព្រោះមិនមានលុយថ្មីចូល គឺជាលុយនៅក្នុងស្រុកដដែល”។
លោកច្រឹក សុខនីមបានបន្តថា បណ្តាប្រទេសនានានៅលើពិភពលោក បានប្រកួតប្រជែងគ្នា ដើម្បីធ្វើយ៉ាងណាទាក់ទាញលំហូរទុនវិនិយោគពីបរទេស ដើម្បីជួយជំរុញកំនើនសេដ្ឋកិច្ចរបស់ប្រទេសពួកគេ ហើយនៅក្នុងឆាកអន្តរជាតិ គឺជាការដណ្តើមគ្នា ដណ្តើមយកផលប្រយោជន៍សម្រាប់ប្រទេសរៀងៗខ្លួន ហេតុនេះពួកគេប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីទាក់ទាញវិនិយោគិនបរទេស។
រដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបាន និងកំពុងសម្រួលច្បាប់ បទដ្ឋានគតិយុត្តិនានាជាច្រើន ដើម្បីធ្វើឲ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានភាពល្អប្រសើរ ដូចជា អនុញ្ញាត្តឲ្យជនបរទេសមានសិទ្ឋបោះទុនឬបង្កើតក្រុមហ៊ុនខ្លួនឯង១០០ភាគរយ ដោយមិនចាំបាច់មានការសហការពីក្រុមហ៊ុនក្នុងស្រុក អនុម័តច្បាប់សហកម្មសិទ្ឋននៅឆ្នាំ២០១០ ដែលអនុញ្ញាត្តឲ្យជនបររទេស អាចទិញលំនៅដ្ឋានពីជាន់ទី១ឡើងទៅ។
សម្រួលដល់ការបង់ពន្ឋលើប្រាក់ចំណេញ និងអាចយកចេញក្រៅ ដោយមិនស្មុគ្រស្មាញ សម្រួលការបង់ពន្ឋប្រថាប់ត្រានានាមានភាពងាយស្រួល បង្កើ់តតំបន់សេដ្ឋកិច្ចពិសេស ដែលអនុញ្ញាត្តឲ្យក្រុមហ៊ុនពីក្រៅប្រទេស ចូលមកវិនិយោគដោយទទួលបានការលើកទឹកចិត្តពិសេសដទៃទៀតជាដើម។
បច្ចុប្បន្នក្រុមអ្នកជំនាញផ្នែកច្បាប់កម្ពុជា និងជប៉ុនកំពុងកសាងច្បាប់វិនិយោគថ្មី ដើម្បីជួយសម្រួល និងកាត់បន្ថយការិយាធិបតេយ្យ ដល់អ្នកវិនិយោគជាតិ អន្តរជាតិ ដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពររីកចម្រើនបន្ថែមទៀត៕