ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ស្របពេលព៌តមានទាក់ទង នឹងការសាងសង់ព្រលានយន្តហោះថ្មីកំពុង ក្តៅគគុក អ្នកជំនាញផ្នែកអចលនទ្រព្យកម្ពុជាបានអះអាងថា ទោះបីគម្រោងព្រលានយន្តហោះនេះលេចចេញរូបរាង ឬអត់ ក៏តម្លៃដីធ្លីនៅស្រុកកណ្តាលស្ទឹងនៅតែមានតម្លៃល្អនាពេលអនាគត។
អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស្លឹករឹត លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ការសាងសង់ព្រលានយន្តហោះ ជាការពិបាកមួយ វាពិបាកជាងសាងសង់ចំណតឡាន ឬផ្សារទំនើបនានា ជាក់ស្តែងនៅប្រទេសម៉ិកស៊ិកកូ មានព្រលានយន្តហោះមួយបានប្រកាសសាងសង់នៅឆ្នាំ២០០១ រហូតដល់ឆ្នាំ២០១៤ ទើបបានប្រកាសថានឹងបញ្ចប់នៅឆ្នាំ២០២០ ដែលចំណាយពេលសាងសង់អស់១៩ឆ្នាំ។ លោកបន្តថា ថ្មីៗនេះនៅប្រទេសឥណ្ឌូនេស៊ី ដែលគ្រោងសាងសង់ព្រលានយន្តហោះមួយឈ្មោះ New North Bali ប៉ុន្តែក្រោយមកបានលុបចោល។
លោកបន្តថា “ដូចគ្នានេះដែរព្រលានយន្តហោះ នៅស្រុកកណ្តាលស្ទឹង ពិតជាត្រូវការពេលវេលាក្នុងការសិក្សា ហេតុនេះខ្ញុំសូមបញ្ជាក់ប្រាក់អ្នកវិនិយោគជាតិ អន្តរជាតិថា រដ្ឋាភិបាលមានគម្រោងវិនិយោគព្រលានយន្តហោះនៅស្រុកកណ្តាលស្ទឹង មិនមែនជាការជំរុញឲ្យអ្នកវិនិយោគទិញដីទុកយកចំណេញទេ គឺរដ្ឋាភិបាលចង់បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ”។លោកបន្តថា “រដ្ឋាភិបាលជំរុញការដឹកជញ្ជូន ព្រោះកាលណាការដឹកជញ្ជូនបានច្រើន និងមានតម្លៃទាបវានឹងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើង”។
លោកឃាង ពុទ្ឋីបានបន្តថា ហេតុនេះការទិញដី និងតម្លៃដីនៅស្រុកកណ្តាលស្ទឹង មិនមានហានិភ័យអ្វីនោះទេ ព្រោះមានទីតាំងនៅជិតរាជធានីភ្នំពេញ ដូច្នេះឧទាហរណ៍ថាព្រលានយន្តហោះនេះសាងសង់ក៏ល្អ ឬមិនសាងសង់ក៏មិនបញ្ហានោះទេ ព្រោះនៅតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ល្អប្រសើរ គឺមហាវិថីសម្តេចតេជោហ៊ុន សែន ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ហើយបើរដ្ឋាភិបាលសាងសង់ផ្លូវក្រវ៉ាត់ក្រុងទីបី ភ្ជាប់ទៅតំបន់នោះ គឺតម្លៃដីនៅទីនោះ នឹងកើនឡើងខ្ពស់បន្ថែមទៀត។
លោកបន្តថា “តំបន់នោះបើមិនសាងសង់ព្រលានយន្តហោះ តំបន់នោះអាចក្លាយជាតំបន់លំនៅដ្ឋាន និងឧស្សាហកម្មនានា ព្រោះតំបន់នោះមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រពីផ្លូវជាតិលេខ៣”។
លោកពុទ្ឋីបានបន្តថា នេះអាចជាបទពិសោធន៍មួយ សម្រាប់អ្នកវិនិយោគវិស័យអចលនវត្ថុ ព្រោះកុំលឺគំរោងអ្វីមួយប្រកាសនាំគ្នាជ្រួលច្របល់ ដោយសារតម្លៃអចលនវត្ថុឡើងថ្លៃ គឺមានកត្តាជាច្រើន មិនមែនតែកត្តាហេដ្ឋារចនាសម្ព័ន្ឋទេ គឺទី១ ទាក់ទងនឹងកំនើនប្រជាសាស្រ្ត ទី២ កំនើនសេដ្ឋកិច្ច ទី៣ កត្តាសន្តិភាព ស្ថិរភាពនយោបាយ ទី៤ គោលនយោបាយរបស់រដ្ឋាភិបាល និងគំរោងហេដ្ឋារចនាសម្ព័ន្ឋនានា និងទី៥ អត្រាការប្រាក់តាមធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុនានា៕