ដោយៈគង់ សូរិយា
ព្រះសីហនុៈ តំបន់រាម នាទឹកដីក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងដ៏ស៊ីវិល័យមួយនៅរយៈពេល៤ទៅ៥ឆ្នាំខាងមុខនេះ ខណៈបច្ចុប្បន្នគំរោងវិនិយោគធំៗចំនួនពីរ ដែលមានតម្លៃរាប់ពាន់លានដុល្លារបាន និងកំពុងចាប់ផ្តើមស្ថាបនា គំរោងរបស់ខ្លួន។
គំរោងដ៏លេចធ្លោមួយ ក្នុងចំណោមគំរោងធំៗជាច្រើនទៀត គឺការបង្កើតតំបន់ទេសចរណ៍នាគរាជតេជោ ដែលវិនិយោគដោយក្រុមហ៊ុនចិន Canopy Sands Development ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សចិន Prince Holding Group នៅលើផ្ទៃដីសរុបប្រមាណ ៨៣៤ហិចតា ជាមួយទុនវវិនិយោគ១៦ពាន់លានដុល្លារអាមេរិក និងគំរោង Cristalville Ream Beach តម្លៃ ១០០០លានដុល្លារ បាននិងកំពុងសាងសង់បណ្តើរៗផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានបង្ហាញពីក្ដីសាទរទៅនឹងផែនការ លើគម្រោងរៀបចំបង្កើតជាទីក្រុងថ្មី ដែលមានតម្លៃរាប់សិបពាន់លានដុល្លារខាងលើនេះ ជាមួយនឹងការបង្ហើបពីឱកាសល្អ ក្នុងការវិនិយោគដីធ្លីនៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។
លោកបញ្ជាក់ថា វាជារឿងល្អសម្រាប់កម្ពុជា ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍ធំៗពីសំណាក់ក្រុមហ៊ុនអន្តរជាតិ ដែលមានតម្លៃយ៉ាងសន្ធឹកសន្ធាប់ ដែលក្រៅពីអាចជួយដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់កម្ពុជា វាក៏បានក្លាយជាចំណុចពិសេសមួយ ក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាផងដែរ ហើយប្រសិនបើគម្រោងខាងលើនេះជាគម្រោងដែលនឹងត្រូវអភិវឌ្ឍន៍ពិតមែន វាគឺជារឿងល្អបំផុតសម្រាប់កម្ពុជា ជាពិសេសខេត្តព្រះសីហនុដែលកំពុងរៀបចំ និងអភិវឌ្ឍន៍ទៅជាប៉ូលសេដ្ឋកិច្ចប្រចាំប្រទេស និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មពហុបំណង។
លោកបានបន្តថា “តំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ ខ្ញុំជឿថាក្រុមហ៊ុនអភិវឌ្ឍន៍បានទិញរួចរាល់ហើយ មុនពេលគេប្រកាសពីគម្រោង ប៉ុន្តែវានៅតែជាឱកាសសម្រាប់អ្នកដែលមានបំណងវិនិយោគដីធ្លី នៅក្បែរតំបន់អភិវឌ្ឍន៍ទាំងនេះនៅឡើយ” ។
លោកបន្តថា បច្ចុប្បន្នក្រៅពីគម្រោងអភិវឌ្ឍន៍បង្កើត មជ្ឈមណ្ឌលពាណិជ្ជកម្មពីវិស័យឯកជន រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ដូចជាផ្លូវថ្នល់ជាដើម ដែលកាន់តែងាយស្រួលដល់ការធ្វើដំណើរ។ ដោយឡែកសម្រាប់អ្នកដែលចង់វិនិយោគក្នុងវិស័យដីធ្លី ក៏អាចស្វែងរកទិញនៅតំបន់ក្បែរទីតាំងគម្រោងអភិវឌ្ឍន៍ធំៗទាំងនោះ ជាពិសេសនៅក្នុងកាលទេសនេះតែម្ដង ដោយសារតែតម្លៃដីនៅមានកម្រិតនៅឡើយ បើរង់ចាំ២-៣ឆ្នាំទៀតតម្លៃអាចនឹងឡើងថ្លៃ និងបាត់បង់ឱកាសចំណេញ។
លោកឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការបង្កើតតំបន់ទេសចរណ៍តេជោនាគរាជ នៅតំបន់រាមបាននិងកំពុងដំណើរការបណ្តើរៗហើយ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងចាក់ដីចូលសមុទ្រ ដើម្បីកសាងទីក្រុងនេះឡើង។
លោកបន្តថា “គំរោងនេះនៅក្បែរព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុដែលបាននិងកំពុងដំណើរការពង្រីកនាពេលបច្ចុប្បន្ននេះ” ៕