បច្ចុប្បន្នភាពៈ ចុង​ត្រីមាស​ទី១ឆ្នាំ២០២១ ទីផ្សារ​ទិញ​លក់​ដីធ្លី​មានការ​ធ្លាក់ចុះ​ខ្លាំង

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅត្រឹម​ចុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២១នេះ ខុសប្លែក​ពី​ទីផ្សារ​លំនៅដ្ឋាន​កម្រិត​ម​ធ្យ​ម ដែល​នៅតែ​បន្ត​ភាព​វិជ្ជមាន​នៅ​ទីផ្សារ​ទាំង​ការទិញ ទាំង​ការសាងសង់​នោះ សម្រាប់តែ​ទីផ្សារ​ដីធ្លី​ស្ទើរតែ​គ្រប់​តំបន់ តាម​បណ្តា​ខេត្ត​ក្រុង​មានការ​ស្ងប់ស្ងាត់ ក្រោ​ឥទ្ធិពល​នៃ​ព្រឹត្តិការណ៍២០កុម្ភៈ ដែល​កំពុង​បន្ត​រា​ត្បា​ត​ក្នុង​សហគមន៍​គួរឱ្យ​ព្រួយបារម្ភ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ DEYTHMEY Real Estate លោ​កវិន ឈុន​ហ៊ា​ត ដែល​កំពុងកាន់​គម្រោង​អភិវឌ្ឍន៍​ដី​ឡូ​តិ៍ នៅ​តំបន់​ជាយក្រុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួនទៀត បាន​មានប្រសាសន៍ប្រាប់​នៅ​ល្ងាច​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ថា ស្ថានភាព​នៃ​ទីផ្សារ​ដីធ្លី ជាពិសេស​ប្រភេទ​ដី​ឡូ​តិ៍​នៅ​ចុង​ត្រីមាស​ទី១ ឆ្នាំ២០២១នេះ គឺមាន​ភាពស្ងប់ស្ងាត់​ខ្លាំង ដោយសារតែ​បញ្ហា​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដដែល​កំពុង​បន្ត​រាតត្បាត។

លោក​បាន​លើកឡើងថា កាលពី​អំឡុង​ខែមករា ដើមឆ្នាំ២០២១ បន្ទាប់ពី​ជួប​ភាពស្ងប់ស្ងាត់​កាលពី​ចុងឆ្នាំ២០២០ ដែល​បណ្តាលមកពី​ព្រឹត្តិការណ៍២៣វិច្ឆិកា ទីផ្សារ​ដី​ឡូ​តិ៍​បានចាប់ផ្តើម​មាន​កម្រើក​ឡើងវិញ​បន្តិច ប៉ុន្តែ​នៅត្រឹម​ចុងខែ​កុម្ភៈ ដែលជា​ព្រឹត្តិការណ៍​ទី៣ នៃ​ការឆ្លង​នៅក្នុង​សហគមន៍ ទីផ្សារ​មួយ​នេះ​បាន​ធ្លាក់ចុះ​វិញ​សាជាថ្មី ហើយ​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ជាងពេលមុន។

លោ​កវិន ឈុន​ហ៊ា​ត បាន​មានប្រសាសន៍​បញ្ជាក់ថា “នៅក្នុង​ខែមករា និង​ពាក់​ក ណ្តា​ល​ខែកុម្ភៈ​ឆ្នាំនេះ មាន​ភ្ញៀវ​មក​មើល​គម្រោង និង​កក់​លុយ​ទិញ​គួរសម ប៉ុន្តែ​ចាប់តាំងពី​កើតមាន​ព​ញ​រឹ​ត្តិ​ការណ៍២០កុម្ភៈ ការទិញ​លក់​គឺ​ធ្លាក់ចុះ​ខ្លាំង” ។ លោក​បន្តថា “រហូតមកដល់​ពេលនេះ​គឺ​កាន់តែ​ស្ងាត់​ខ្លាំង។ ភាពស្ងប់ស្ងាត់​ទីផ្សារ​ដី​ឡូ​តិ៍​នៅពេលនេះ បណ្តាលមកពី​ភាពភ័យខ្លាច ពី​សុវត្ថិភាព​របស់​មនុស្ស​ទូទៅ ដែល​កុំថាឡើយ​ចេញ​ដើរ​មើល​គ​ម្រោ​ដី​ឡូ​តិ៍​នៅតាម​តំបន់​នានា សូម្បី​ចេញ​ប្រកប​អាជីវកម្ម​ប្រចាំ​គ្រួសារ ឬ​ចេញ​ដើរ​ទទួលទាន​នៅតាម​អាហា​រដ្ឋា​ន​នានា​ក៏​ស្ទើរតែ​មិន​ហ៊ាន​ចេញ​ផង” ។

លោក​បន្តថា ដូច្នេះ​វា​មិន​ចម្លែក​នោះទេ ដែល​ទីផ្សារ​ដីធ្លី​មាន​ភាពស្ងប់ស្ងាត់​នៅក្នុង​ដំណាក់កាល​បែបនេះ។

ដោយឡែក​លោក សុខ ប៊ុនធឿន ដែលជា​អ្នកគ្រប់គ្រង​ទីផ្សារ និង​ការលក់​គម្រោង​ដី​ឡូ​តិ៍​នៅ​តំបន់​ជាយក្រុង​កំពត ដែល​ធ្លាប់តែ​ទទួលបាន​អតិថិជនថ្មីៗ ជា​ហូរហែ​នោះបាន​លើកឡើងថា ស្ថានភាព​ទីផ្សារ​ដីធ្លី​នៅក្នុង​ខេត្តកំពត នៅពេលនេះ​ក៏​មិន​ខុសគ្នា​ឆ្ងាយ​ពី​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នោះទេ ពោល​គឺមាន​ភាពស្ងប់ស្ងាត់​ដូចគ្នា។

លោក​បញ្ជាក់ថា ក្រោយ​ការ​ផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍ ឆ្លង​ក្នុង​សហគមន៍​ដែល​គួរឱ្យ​បារម្ភ​នៅពេលនេះ មិន​ថា​ចំពោះ​អ្នក​ភ្នំពេញ ដែលជា​ទីផ្សារ​គោលដៅ របស់​គម្រោង​ដី​ឡូ​តិ៍​នានា​នៅក្នុង​ខេត្ត ក្រុង​កំពត​នោះទេ សូម្បីតែ​អ្នករស់នៅ​ក្នុង​ខេត្តកំពត​ផ្ទាល់ ក៏​មិនសូវ​ចេញ​ដើរ​ក្រៅ​ផ្ទះ​ដូច​កាលពី​មិនទាន់​ផ្ទុះ​ជំងឺឆ្លង​នោះដែរ។

លោក​បន្តថា “ពេលនេះ​ទាំង​អ្នកលក់ ទាំង​អ្នកទិញ គឺ​នៅ​រក្សា​ភាពស្ងប់ស្ងាត់​រៀងខ្លួន ហើយ​អ្វីដែល​ជាសំខាន់ គឺ​ស្ទើរ​គ្រប់​តំបន់​ដែល​ត្រូវ​ធ្វើដំណើរ ឆ្លងកាត់​ភាគច្រើន​ត្រូវ​ឆ្លងកាត់​ការ​ត្រួ​ពិនិត្យ ពី​សុខភាព​សុវត្ថិភាព​ជាមុន” ។ លោក​បន្តថា“ដូច្នេះ​ចង់​មិន​ចង់​ដំណើរ​នៃ​ការចាកចេញ​ពី​លំនៅដ្ឋាន របស់​មនុស្ស​ភាគច្រើន​គឺ​ត្រូវបាន​កាត់បន្ថយ” ។

លោក​បន្ថែមថា “ខ្ញុំ​យល់ថា ប្រសិនបើ​បញ្ហា​នៃ​ការ​រាលដាល នៃ​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍​នេះ នៅតែ​បន្ត​អូសបន្លាយ​ពេល​យូរ​ទៀត នោះ​វា​នឹង​ពិបាក​និយាយថា​ទីផ្សារ​ដីធ្លី​អាច​នឹង​ជួប​ស្ថានការណ៍​ដល់​កម្រិតណា​នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here