គំរោងD.I REVIERAបាននិងកំពុងផ្លាស់ប្តូរផែនការមេអភិវឌ្ឍន៍របស់ខ្លួន

0

ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនOCIC បានឲ្យដឹងថា គំរោងD.I REVIERA ដែលគ្រោងវិនិយោគ៧០០លានដុល្លារអាមេរិក ស្ថិតនៅលើទីក្រុងកោះពេជ្រ បាននិងកំពុងផ្លាស់ប្តូរផែនការមេអភិវឌ្ឍន៍របស់ខ្លួនហើយ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ក្រុមហ៊ុនបាននិងកំពុងផ្លាស់ប្តូរផែនការមេ លើការអភិវឌ្ឈន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន ដែលបច្ចុប្បន្នបាននិងកំពុងដំណើរការសាងសង់ឡើងវិញ នាពេលបច្ចុប្បន្ននេះ។ លោកបន្តថា អាគារមេក្នុងគំរោងនេះ ដែលដើមឡើយមានចំនួនបី និងគ្រោងសាងសង់អាងទឹកនៅពីខាងលើ ប្រវែងប្រមាណ២០០ម៉ែត្រ នឹងត្រូវផ្លាស់់ប្តូរ ដោយមិនមានការសាងសង់អាងទឹកពីលើអាគារនេះនោះទេ។

លោកបន្តថា “ជាមួយគ្នានេះ គម្រោងអាគារកំពស់៣៨ជាន់ នៅផ្នែកខាងក្រោយចំនួនបីនឹងលុបចោលមួយអាគារ ហើយយក្រុមហ៊ុននឹងបន្តការសាងសង់ តែអាគារចំនួនពីរប៉ុណ្ណោះ”។ លោកបន្តថា “ក្រុមហ៊ុនសហគ្រាសកាណាឌីយ៉ា បានយកគំរោងនេះ ត្រលប់មកវិញពីអ្នកវិនិយោគ ដោយសារពួកគេមានបញ្ហាទុនវិនិយោគ និងធ្វើឲ្យគំរោងនេះជាប់គាំង ហេតុនេះទើបយើងទទួលយកគំរោងនេះមកអភិវឌ្ឍន៍ឡើងវិញ”។

ដើមឡើយក្រុមហ៊ុនGreenland Groupដែលមានមូលដ្ឋាននៅប្រទេសចិន គ្រោងដាក់ទុន៧០០លានដុល្លារអាមេរិក ដើម្បីវិនិយោគលើគម្រោងនេះ ដែលរួមមានអាផាតម៉ិន សណ្ឋាគារផ្កាយ៥ ខុនដូ ផ្សារទំនើប។

លោកទូច សំណាងបានបន្តឲ្យដឹងទៀតថា ការសាងសង់គំរោងនេះកំពុងដំណើរការរលូនឆ្ពោះទៅមុខ ខណៈការលក់ខុនដូក្នុងគំរោងនេះកំពុងបន្តផងដែរ ដោយយើងរំពឹងថា ការលក់នឹងទទួលបានជោគជ័យ ដោយសារគំរោងនេះស្ថិតនៅលើទីក្រុងកោះពេជ្រ ដែលមានទន្លេព័ទ្ឋជុំវិញ ផ្តល់បរិយាកាសរស់នៅប្រកបដោយផាសុខភាព ពិសេសជាតំបន់ប្រមូលផ្តុំដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមមាន ផ្សារទំនើប សណ្ឋាគារ ការិយាល័យ ក៏ដូចជាកាស៊ីណូផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here