ដោយៈ រ៉ាណេត
ព្រះសីហនុៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានចុះសិក្សាស្រាវជ្រាវពីស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅក្រុងព្រះសីហនុ ជាពិសេសសម្រាប់ទីផ្សារនៃការជួល ដែលកំពុងមានភាពស្ងប់ស្ងាត់ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ ដែលអាចធ្វើឱ្យម្ចាស់អគារទទួលការខាតបង់។
ផ្អែកតាមការស្រាវជ្រាវថ្មីរបស់មជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យកម្ពុជាដែលបង្ហាញលទ្ធផល នៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថា ភាពស្ងប់ស្ងាត់នៃចរន្តទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ក្រោយការចាកចេញពីសំណាក់ជនជាតិចិន ចាប់តាំងពីដើមឆ្នាំ២០២០ បន្ទាប់ពីរដ្ឋាភិបាលប្រកាសបិទល្បែងអនឡាញ រួមជាមួយនឹងវិបត្តិនៃជំងឺកូវីដ១៩ ដែលបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ បានធ្វើឱ្យអ្នកជំនួញនៅក្នុងទីផ្សារអចលនទ្រព្យមួយចំនួនខាតបង់ ប៉ុន្តែការខាតបង់ទាំងនេះភាគច្រើន កើតមានតែចំពោះតែម្ចាស់អគារតូចៗ ឬអ្នកដែលចាប់ផ្តើមវិនិយោគត្រឹមដើមឆ្នាំ២០២០តែប៉ុណ្ណោះ។
លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា ចាប់តាំងពីដើមឆ្នាំ២០២០ ទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ មានការធ្លាក់ចុះយ៉ាងគំហុកបន្ទាប់ពីការចាកចេញរបស់ជនជាតិចិន ហើយបន្ថែមពីនេះវិបត្តិ ដែលកើតមានដោយសារជំងឺកូវីដ១៩ ក៏ជាមូលហេតុដែលសំខាន់ក្នុងការរួមចំណែកផងដែរ។
លោកបញ្ជាក់ថា “ជាធម្មតានៅពេលទីផ្សារវិស័យណាមួយ មានការធ្លាក់ចុះគឺតែងជះឥទ្ធិពលអាក្រក់ដល់អ្នកពាក់ព័ន្ធ ជាពិសេសវិនិយោគតែម្ដង”។ លោកបន្តថា “ជាក់ស្ដែងទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុ ដែលមានកំណើនទីផ្សារខ្ពស់ហួសពីការរំពឹងទុកកាលពីឆ្នាំ២០១៨-២០១៩ ដែលជំរុញឱ្យតម្លៃឡើខ្ពស់ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកវិញដោយសារតែបាត់បង់តម្រូវការ”។
លោកបណ្ឌិតបានលើកឡើងថា តាមការសិក្សាថ្មីៗនេះបានបង្ហាញថា អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យកម្រិតមធ្យម មួយចំនួនបានជួបការខាតបង់ ដែលក្នុងនោះមានប្រមាណ៤៥ភាគរយ កំពុងជាប់បំណុលធនាគារឯកជន ដោយសារខ្ចីលុយយកមកធ្វើជាដើមទុនសាងសង់អគារ ក្នុងគោលបំណងជួលឱ្យជនជាតិចិន។ ប៉ុន្តែបំណងនេះត្រូវបានបរាជ័យ ក្រោយការចាកចេញរបស់ជនជាតិចិនយ៉ាងឆាប់រហ័ស កាលពីដើមឆ្នាំ២០២០។
លោកបណ្ឌិតគី សេរីវឌ្ឍន៍បានបញ្ជាក់ថា ភាគច្រើនអ្នកដែលខាតបង់ គឺអ្នកទើបតែចាប់វិនិយោគ និងអភិវឌ្ឍន៍សំណង់នៅដើមឆ្នាំ២០២០ ដែលមានទ្រង់ទ្រាយតូច និងមធ្យម ប៉ុន្តែសម្រាប់អ្នកដែលជាម្ចាស់គម្រោងអគារធំៗ និងបានវិនិយោគតាំងពីមុនឆ្នាំ២០១៩ ភាគច្រើននៅមិនទាន់ទទួលរងនូវការខាតបង់នោះទេ ក្រោមហេតុផលថា អគារធំៗដែលជួលឱ្យក្រុមហ៊ុនវិនិយោគបន្តភាគច្រើន មានកុងត្រាជួលក្នុងរយៈពេលយូរចាប់ពី១៥ឆ្នាំ ឬ២០ឆ្នាំ ឬយូរជាងនេះ ដោយមានការកក់ប្រាក់ចាប់ពូ៣ឆ្នាំ ឬ៥ឆ្នាំមុនក៏មាន ដូច្នេះនៅក្នុងវិបត្តិប្រមាណ១ឆ្នាំកន្លងកមនេះ ពួកគេនៅមិនមានការខាតប្រយោជន៍នោះទេ។
លោកបន្តថា ទោះជាយ៉ាងណាភាពស្ងប់ស្ងាត់ នៃតម្រូវការជួលអគារទាំងនេះអាចនៅបន្ត ឬមានតម្រូវការឡើងវិញនៅពេលណានោះ នៅមិនអាចកំណត់បាននោះទេ ដែលវាអាស្រ័យទៅលើស្ថានការជាក់ស្ដែង នៃការទប់ស្កាត់ការរាលដាល នៃជំងឺឆ្លងមានប្រសិទ្ធភាពបានកម្រិតណា ខណៈដែលការប្រើប្រាស់វ៉ាក់សាំង នៅតាមបណ្តាប្រទេសលើសាកលចាប់ផ្តើមអនុវត្តជាបណ្តើរៗទៅហើយនោះ៕