ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនធំមួយ គ្រោងបោះទុនវិនិយោគរាប់លានដុល្លារ ដើម្បីសាងសង់បុរីធំមួយ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលគម្រោងនេះនឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខ។
ប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុននេះ បាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនជប៉ុននេះ បានបើកការិយាល័យនៅទីក្រុងភ្នំពេញរួចហើយ និងកំពុងត្រៀមសាងសង់គំរោងរបស់ខ្លួននៅលើផ្លូវជាតិលេខ៣ ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីកណ្តាលក្រុងភ្នំពេញ។លោកបន្តថា ក្រុមហ៊ុននេះជាក្រុមហ៊ុនធំ និងមានកេរ្ត៍ឈ្មោះល្បី នៅប្រទេសជប៉ុន ដែលមានជំនាញផ្នែកអភិវឌ្ឍន៍អចលនទ្រព្យ ពិសេសផ្នែកលំនៅដ្ឋាន។
លោកបន្តថា “ទោះជាយ៉ាងណាយើងមិនអាចប្រាប់ពីឈ្មោះបុរីនេះ នៅឡើយទេ ដោយសារវាជាគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន”។
បច្ចុប្បន្នមានក្រុមហ៊ុនបរទេសជាច្រើន បានចាប់យកចំណែកទីផ្សារលំនៅដ្ឋាននៅកម្ពុជា ដោយសារផ្នែកលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់ និងមានផលចំណេញច្រើននៅក្នុងទីផ្សារនេះ។ បច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េ BOOYOUNG Group ក្រុមហ៊ុនជប៉ុនARAKAWA, ក្រុមហ៊ុនGREED ក្រុមហ៊ុនMorganជាដើម សុទ្ឋតែបានចាប់ផ្តើមវិនិយោគលើបុរី លំនៅដ្ឋាននៅកម្ពុជា។
សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងធ្វើការជិតស្និទ្ឋជាមួយក្រុមហ៊ុនជប៉ុនជាច្រើនបានមានប្រសាសន៍ថា ជប៉ុនបាននិងកំពុងក្រាលមូលដ្ឋាន ដើម្បីវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ តាមរយៈគំរោងវិនិយោគជាច្រើនដូចជាមន្ទីរពេទ្យ ខុនដូ អាផាតម៉ិន ទីលានវាយកូនហ្គោល និងការហោះហើរត្រង់របស់ក្រុមហ៊ុនANA Airway បានធ្វើឲ្យអ្នកវិនិយោគជប៉ុនកាន់តែមានទំនុកចិត្តលើទីផ្សារកម្ពុជា។
លោកបន្តថា “ជប៉ុនមុនវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែវិនិយោគរយៈពេលវែង ប៉ុន្តែមុនពួកគេទៅវិនិយោគនៅប្រទេសណាមួយ ពួកគេបានសិក្សារយៈពេលយូរណាស់ មុនសម្រេចចិត្តចូលប្រទេសណាមួយ ហើយនៅពេលពួកគេចូលវិនិយោគ ពួកគេមិនងាយចាកចេញនោះទេ”។
ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា ផ្លូវជាតិលេខ៣នឹងត្រូវបញ្ចប់ការស្ថាបនានាខែកញ្ញាខាងមុខនេះ ខណៈការស្ថាបនាពង្រីកផ្លូវនេះពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពតសម្រេចបានប្រមាណជាង៨០ភាគរយរួចហើយ។
ផ្លូវជាតិលេខ៣ ត្រូវពង្រីកជាបួនគន្លងរថយន្តចាប់ពីរង្វង់មូលចោមចៅ រហូតដល់តំបន់បែកគូស (ចំណុចផ្លូវបំបែកកំពត កែប) និងចាប់ពីតំបន់បែកគូសដល់ខេត្តកំពត ត្រូវបានពង្រីកក្នុងទំហំ១២ម៉ែត្រ សម្រាប់រថយន្តទៅមក ដោយមិនមានសួនច្បារកណ្តាល ដូចពីតំបន់បែកគូស ចូលមកកាន់រាជធានីភ្នំពេញនោះទេ៕