សំណង់អគារថ្មីនៃក្រសួងព័ត៌មានសាងសង់សម្រេចបានជាង៦៥ភាគរយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អគារថ្មីនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ រួមនឹងអគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន សម្រេចសាងសង់បាន ៦៥ ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅត្រឹមដើមឆ្នាំ២០២២ខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានដំណើរការសាងសង់អគារថ្មីនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ថា អគារថ្មីនេះក្រោយពេលបញ្ចប់ការសាងសង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រឹមឆ្នាំ២០២២ខាងមុខនេះ នឹងជួយសម្រួលដល់ការបំពេញកិច្ចការងារដល់មន្ត្រីនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPបានយ៉ាងប្រសើរ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងារសាងសង់ទាំងអស់ធ្វើយ៉ាងណាប្រឹងប្រែងកសាងអគារថ្មីទាំង២នេះ ឱ្យស្រមតាមបទដ្ឋានស្តង់ដារបច្ចេកទេសនៃសំណង់អគារឱ្យបានត្រឹមត្រូវ រឹងមាំ ដើម្បីប្រើបាស់បានយូរអង្វែង។

លោកបន្តថា តាមរយៈអគារថ្មីនេះនឹងធ្វើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានទាំងពីរកាន់តែល្អ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើន ដែលត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាឱ្យវិស័យព័ត៌មាន និង សោតទស្សន៍កាន់តែរីកចម្រើន ស្របតាមការវិវត្តន៍នៃបច្ចេកវិទ្យាព័ត៌មាន វិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន។

បើតាមការបញ្ជាក់របស់គណៈកម្មការសាងសង់បានឱ្យដឹងថា អគារថ្មីនេះមានកំពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារជាង៣០០បន្ទប់។ អគារនេះសាងសង់ដោយក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុប សហការជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន ដោយគ្រោងហើយរួចរាល់ក្នុងរយៈពេល២៤ខែ បន្ទាប់ពីបានចាប់ដំណើរការបើកការដ្ឋានសាងសង់កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here