ដោយៈ រ៉ាណេត
ភ្នំពេញៈ បើទោះជាមានការរំខានដោយបញ្ហារាលដាល នៃការឆ្លងជំងឺកូវីដនៅក្នុងសហគមន៍ ប៉ុន្តែគម្រោងធំៗដែលជាយុទ្ធវិធីនៃការជំរុញ និងពង្រីកទំហំពាណិជ្ជកម្ម ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអនុវត្តដើម្បីធ្វើយ៉ាងអាចសម្រេចបាន ទៅតាមផែនការដែលបានគ្រោងទុក។
ស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ធំៗជាច្រើន បាននិងកំពុងដំណើរការយ៉ាងរលូន ដែលក្នុងនោះ រួមមាន ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសដូចជាផ្លូវជាតិសំខាន់ៗ គម្រោងសាងសង់អាកាសយានដ្ឋានទាំង៣ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមជាមួយនឹងការធ្វើវិសោធនកម្មច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
អ្នកវិភាគនិងស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានមានប្រសាសន៍ប្រាប់ឱ្យដឹងនៅថ្ងៃចុងសប្ដាហ៍នេះថា គ្រប់គម្រោងទាំងអស់ដូច ដែលបានលើកឡើងខាងលើនេះ គឺជាយុទ្ធវិធីយ៉ាងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាដែលបង្កើតឡើង និងកំពុងអនុវត្តទៅតាមជំហាន ដែលគ្រោងទុកក្នុងគោលបំណងកែប្រែ និងធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពល្អប្រសើរ។
លោកបានបញ្ជាក់ថា “ដូចដែលយើងបានឃើញហើយថា នៅក្នុងយុទ្ធវិធី ក៏ដូចជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាអាចបង្កភាពងាយស្រួល ដល់បណ្តាវិនិយោគិនទាំងអស់ ដែលមានបំណងចងសម្ព័ន្ធ វិនិយោគពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈការយកចិត្តទុកដាក់ លើការសម្រួលដល់ច្បាប់វិនិយោគថ្មី។ ការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ធ្វើដំណើរ និងដឹកជញ្ជូន ការចងសម្ព័ន្ធជាដៃគូយុទ្ធសាស្ត្រ ជាមួយបណ្តាប្រទេសនាននៅក្នុងតំបន់ ក៏ដូចជានៅលើសាកលលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី” ។
លោកបន្តថា នៅក្នុងឆ្នាំ២០២១នេះ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួន ដូចជា មហាអំណាចសេដ្ឋកិច្ចចិន កូរ៉េ ជប៉ុន ឥណ្ឌ ក៏ដូចជាចក្រភពអង់គ្លេង ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូគ្រប់ជ្រុងជ្រោយ (RCEP) ដែលជាទីផ្សារដ៏ធំជាសាកល រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ លើការស្ថាបនាផ្លូវជាតិសំខាន់ៗជាច្រើន ដូចជា ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ៣៣ លេខ៤១ លេខ២ ក៏ដូចជាផ្លូវ៣៨ខ្សែនៅក្រុងសៀម និងស្ពានជាដើម។
បន្ថែមពីនេះនៅមានផ្លូវល្បឿនលឿនភ្នំពេញ -ព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រួមជាមួយនឹងផ្លូវដែកឆ្លងប្រទេសផងដែរ។
លោកបណ្ឌិតហុង វណ្ណៈ បានបញ្ជាក់ឱ្យដឹងទៀតថា ក្រៅពីគម្រោងខាងលើនេះ បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងអភិវឌ្ឍន៍ពង្រីកវិសាលភាពរបស់ខ្លួន តាមរយៈការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានជាច្រើនទីតាំង រួមមានអាកាសយានដ្ឋានភ្នំពេញអន្តរជាតិថ្មី អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ការពង្រីកវិសាលភាព និងលទ្ធភាពអាកាសយានដ្ឋានកងកេងក្រុងព្រះសីហនុ គម្រោងអាកាសយានដ្ឋានចំនួន២ នៅខេត្តកោះកុង គម្រោងអាកាសយាដ្ឋាននៅខេត្តបាត់ដំបង រួមជាមួយនឹងគម្រោងអាកាសយានដ្ឋានក្នុងតំបន់ខេត្តមណ្ឌលគីរី ដែលកំពុងទទួលសិទ្ធិសិក្សា ដោយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន។
លោកបន្តថា “គោលនយោបាយ និងផែនការអភិវឌ្ឍន៍ទាំងអស់នេះ គឺជាផ្នែកមួយនៃគម្រោងផែនការរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែមានភាពល្អប្រសើរជាងពេលបច្ចុប្បន្ន” ៕