ដោយៈ ប៊ី
ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍អះអាងថា គម្រោងNaga3 ដែលគ្រោងចំណាយទុនវិនិយោគប្រាក់៣,៥ពាន់លានដុល្លារនឹងក្លាយអាគារខ្ពស់ជាងគេនៅកម្ពុជា ខណៈការដ្ឋានសាងសង់មជ្ឈមណ្ឌលកម្សាន្តចំរុះដ៏ធំនេះបានចាប់ផ្តើមជាផ្លូវការហើយ។
យោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះកាលពីថ្មីៗនេះបានឱ្យដឹងថា ក្រុមកម្មករ បានចាប់ផ្តើមបុកគ្រឹះ សម្រាប់គម្រោងដ៏ធំមួយនេះនៅក្នុងខែមករា។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣ នឹងជាប៉មសណ្ឋាគារកម្ពស់៧៥ជាន់។
ក្រុមអ្នកអភិវឌ្ឍគម្រោងនេះបានបញ្ជាក់ថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេ នៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។
គម្រោង ដែលមានទំហំគិតជាទឹកប្រាក់ចំនួន៣,៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់ ៥២ ជាន់ ចំនួនពីរផងដែរ។
នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារ ចំនួន ១៧ ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈមណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដី ចំនួន ៤ជាន់ សម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ។
ណាហ្គា៣ នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត ៣.០០០ ទៅលើមជ្ឈមណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុប សម្រាប់គម្រោង មានចំនួន ៥០០ ០០០ ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះ នឹងសាងសង់ ស្របតាមស្តង់ដារអន្តរជាតិ។
ការរចនាកំពុងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអន្ដរជាតិ ដែលទទួលបានពានរង្វាន់ចំនួនពីរ គឺក្រុមហ៊ុន Steelman & Partners និងក្រុមហ៊ុន Skidmore, Ownings & Merrill LLP (SOM) ។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន SOM បានឲ្យដឹងថា “ណាហ្គា ៣ នឹងក្លាយជាទីតាំងសម្គាល់ ដែលលិចធ្លោរបំផុត សម្រាប់ទីក្រុងភ្នំពេញ នាពេលអនាគត។ ជាមួយនឹងចំណុចខ្ពស់បំផុតនៃប៉មប៉ែកខាងជើង អាចឲ្យឃើញនូវទិដ្ឋភាព ដែលគ្មានគូប្រៀបនៃទីក្រុងភ្នំពេញ និងតំបន់ជុំវិញនេះ”៕