ដោយ ៖ រ៉ាណេត
កំពង់ឆ្នាំង ៖ ដោយមើលឃើញពីសកម្មភាពប្រាសចាកពីច្បាប់មួយចំនួនទៅលើការប្រកាសដាក់លក់ដីឡូតិ៍គ្មានច្បាប់ដែលកំពុងកើតមាននៅតាមតំបន់មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំតាមរយៈមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដី សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលទិញគម្រោងដីឡូតិ៍ត្រូវពិនិត្យមើលរាល់ឯកសារដែលពាក់ព័ន្ធស្របច្បាប់ជាមុនជៀសវាងចាញ់បោកជនខិលខូច។
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះបាន ចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយច្បាប់បន្ទាប់ឃើញមានការបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមពីគម្រោងលក់ដីឡូតិ៍ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងដែលមិនមានច្បាប់អនុញ្ញាតនៅឡើយ។
តាមរយៈសេចក្ដីប្រកាសដដែលនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ថ្មីៗនេះមានករណីបង្ហោះវីដេអូផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ” តារាបញ្ញា អចនទ្រព្យ” ជាបន្តបន្ទាប់អំពីគម្រោងដីឡូតិ៍ស្ថិតក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តាមការពិនិត្យលើវីដេអូផ្សព្វផ្សាយនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង សូមបញ្ជាក់ជូនថាៈ
-គំរោងដីឡូ ឬការអភិវឌ្ឍដីដែលកំពុងផ្សព្វផ្សាយសម្រាប់ធ្វើអាជីវកម្មនេះ ពុំមានសុំលិខិតអនុញ្ញាតត្រឹមត្រូវស្របតាមប្រកាសលេខ ០៨៧ ដ.ន.ស ប្រក/នក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នោះទេ។
-ទីតាំងដីឡូតិ៍ដែលបានផ្សព្វផ្សាយធ្វើអាជីវកម្មក្នុងបណ្ដាញទំនាក់ទំនងសង្គមខាងលើនេះពុំទាន់មានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ទេ។
-ទីតាំងនេះស្ថិតក្នុងតំបន់ ២ នៃអាជ្ញាធរបឹងទន្លេសាប និងសារាចរណែនាំលេខ ០២ សរណន ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ របស់រាជរដ្ឋាភិបាល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មានកុំឱ្យមានការភាន់ច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍ ឬអាចមានបញ្ហាទំនាស់ផ្សេងៗកើតឡើងដោយសារតែការផ្ដល់ព័ត៌មានមិនបានត្រឹមត្រូវច្បាស់លាស់។
មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានលើកឡើងថា សកម្មភាពអភិវឌ្ឍន៍គម្រោងដីឡូតិ៍នៅក្នុងខេត្តកំពង់បច្ចុប្បន្នកំពុងមានភាពផុសផុល ដែលក្នុងនោះមានគម្រោងខ្លះអនុវត្តស្របតាមច្បាប់កំណត់ត្រឹមត្រូវ ប៉ុន្តែក៏មានឈ្មួញខិលខូចខ្លះប្រកាសលក់ដីខ្យល់ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួននោះឡើយ។ ដូច្នេះ ដើម្បីបង្ការនូវភាពខាតបង់ទ្រព្យសម្បត្តិ ឬផលប្រយោជន៍ សម្រាប់គម្រោងដីឡូតិ៍គឺត្រូវស្នើសុំលិខិតអនុញ្ញាធ្វើអាជីវកម្មឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដោយឡែកសម្រាប់អ្នកទិញក៏ត្រូវពិនិត្យទៅលើឯកសារពាក់ព័ន្ធនឹងផ្លូវច្បាប់នៃគម្រោងឱ្យបានរួចរាល់មុនពេលសម្រេចចិត្តទិញ៕