សម្តេចតេជោ ជំរុញឲ្យមន្រ្តីត្រៀមបង្ការពីផលប៉ះពាល់ទាក់ទងនឹងសង្រ្គាមពាណិជ្ជកម្មពិភពលោក

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែ​នាំឱ្យបញ្ញវ័ន្តខ្មែរ ជាពិសេសមន្រ្តី​រាជបណ្ឌិតសភាកម្ពុជា សិក្សាស្រាវជ្រាវ ប្រមើ​លមើលដើម្បីត្រៀមបង្ការអំពីផលប៉ះពាល់នានា ពាក់ព័ន្ធនឹងជំលោះ​សង្គ្រាម​ពាណិជ្ជកម្មសកលលោក។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ក្នុងឳកាសអញ្ជើញ​ជាអធិបតី ​ក្នុងពិធី​ប្រកាស​គោរមងារវិទ្យាសាស្ត្រ និងគោរមងារ​កិត្តិយស នៃ​រាជបណ្ឌិតសភាកម្ពុជាចំនួន៨រូបនៅវិមានសន្តិភាព  ទីស្តី​ការ​នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ខែមិថុនានេះថា សភាពការណ៍ថ្មី កំពុងតែស្ថិតនៅចំពោះមុខយើង នោះគឺសង្គ្រាមពាណិជ្ជកម្ម បានផ្ទុះឡើងពេញទំហឹង ដែលនៅតែប៉ុន្មានថ្ងៃទៀតគឺអាចនឹងឈានចូលទៅលើការអនុវត្ត ហើយក៏ជាលើកដំបូងនៅក្នុងប្រវត្តិសា ស្ត្រនៃប្រទេសអភិវឌ្ឍន៍ទាំង៧ ដែលមានការប្រឈមមុខដាក់គ្នា។

សម្តេចបានបន្តថា “វាមិនមែនតែជាបញ្ហានេះប៉ុណ្ណោះទេ ជំលោះពាណិជ្ជកម្ម ក៏បានកើតឡើងរវាងចិន និងអាមេរិក ដែលផ្តើមពីសហរដ្ឋអាមេរិក ប៉ុន្តែនៅជាមួយនឹងមិចស៊ិចដែលជាប្រទេសក្បែរខាង រួមជាមួយនឹង​ប្រទេស​ឥណ្ឌា​ ដែលនឹងធ្វើការឆ្លើយតបនៅពេលខាងមុខ”។ សម្តេចបានដាក់ជាសំណួរថា តើវាមាន​ផល​ប៉ះពាល់​យ៉ាងណាសម្រាប់កម្ពុជាយើង និងមានផលប៉ះពាល់យ៉ាងណា សម្រាប់តំបន់ និងកំណើនសេដ្ឋកិច្ចសកល​ដែលបញ្ហានោះ វាមិនអនុគ្រោះឱ្យអ្នកណាទាំងអស់ ហើយសម្តេចបានចាត់ទុកបញ្ហា​នេះថា វាក៏ជាល្បែង «ចាញ់-ចាញ់»មួយនៅលើពិភពលោក ប្រសិន​បើមិនមានការកែតម្រូវណាមួយ ហើយបន្ត​នៅក្នុង​ល្បែងដ៏មានគ្រោះថ្នាក់ស្តីពីសង្គ្រាមពាណិជ្ជកម្មនេះ។

សម្តេចបានបន្តថា ដូច្នេះទាមទារឱ្យថ្នាក់ដឹកនាំ បញ្ញវ័ន្តរបស់យើងធ្វើការសិក្សា ស្រា​​វជ្រាវអំពីលទ្ធភាព ដែលអាចកើតមានបែបនេះ លទ្ធភាពកើតមានបែបនោះ  គឺមានលទ្ធភាពច្រើនដែលអាចដាក់​ចេញ ដែលតាមរយៈនោះជម្រើសគោលនយោបាយរបស់យើង ក៏ត្រូវឆ្លើយតបទៅតាមបរិបទនីមួយៗផងដែរ។

សម្តេចបានគូសបញ្ជាក់ថា​ “នេះគឺមិនមែនជាបញ្ហាដ៏តូចនោះទេ ពិតមែនតែឧបទ្វីបកូរ៉េត្រូវបានធូរស្រាល។ ប៉ុន្តែបញ្ហាសកលបានកើត​ឡើងហើយ ដែលជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាបញ្ហាសេដ្ឋកិច្ច នៅក្នុងតំបន់​របស់​យើង​ផងដែរ”។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ប្រសិនជាបញ្ហានេះវិវត្តន៍កាន់តែធ្ងន់ធ្ងរវាអាចធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចសាកលកើតឡើង តែលោកតែងតែគិតថាដោយសារលោកដូណាល់ ត្រាំជាបុគ្គលជំនួញ គាត់អាចនឹងគិតពីផលប្រយោជន៍នៃជំនួញ ដែលគាត់អាចបន្ឋូរបន្ថយភាព​តានតឹងបាននាពេលខាងមុខ។លោកបន្តថា ផ្ទុយទៅវិញបើវិវត្តិនេះកើតឡើង កម្ពុជាកាន់​តែពិបាក ដោយសារយើងជាផ្នែកតូចមួយនៃពិភពលោក ហើយពឹងផ្អែកលើការនាំចេញទៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ហេតុនេះយើងនឹងរងផលប៉ះពាល់មិនខាន។

លោកបន្តថា“ហេតុនេះដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះ យើងគួរមានភា​ព​​ឈ្លាសវៃខាងនយោបាយ ដោយកុំឈរនៅតែខាងណាមួយ ប៉ុន្តែយើងឈរលើមូលដ្ឋាន ដែលគិតពីផលប្រយោជន៍សេដ្ឋកិច្ចជាធំ”។លោកបន្តថា “វាដូចជាកប៉ាល់មួយ ហើយ​កម្ពុជាមិនមែនជាអ្នកកាច់ចង្កូតកប៉ាល់នោះទេ តែយើងអាចធ្វើជារលកដែលជួយធ្វើឲ្យកប៉ា​ល់បើកបរទៅមុខ ក្នុងទិសដៅត្រឹមត្រូវមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here