ដោយ គង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យបញ្ញវ័ន្តខ្មែរ ជាពិសេសមន្រ្តីរាជបណ្ឌិតសភាកម្ពុជា សិក្សាស្រាវជ្រាវ ប្រមើលមើលដើម្បីត្រៀមបង្ការអំពីផលប៉ះពាល់នានា ពាក់ព័ន្ធនឹងជំលោះសង្គ្រាមពាណិជ្ជកម្មសកលលោក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ក្នុងឳកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយស នៃរាជបណ្ឌិតសភាកម្ពុជាចំនួន៨រូបនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ខែមិថុនានេះថា សភាពការណ៍ថ្មី កំពុងតែស្ថិតនៅចំពោះមុខយើង នោះគឺសង្គ្រាមពាណិជ្ជកម្ម បានផ្ទុះឡើងពេញទំហឹង ដែលនៅតែប៉ុន្មានថ្ងៃទៀតគឺអាចនឹងឈានចូលទៅលើការអនុវត្ត ហើយក៏ជាលើកដំបូងនៅក្នុងប្រវត្តិសា ស្ត្រនៃប្រទេសអភិវឌ្ឍន៍ទាំង៧ ដែលមានការប្រឈមមុខដាក់គ្នា។
សម្តេចបានបន្តថា “វាមិនមែនតែជាបញ្ហានេះប៉ុណ្ណោះទេ ជំលោះពាណិជ្ជកម្ម ក៏បានកើតឡើងរវាងចិន និងអាមេរិក ដែលផ្តើមពីសហរដ្ឋអាមេរិក ប៉ុន្តែនៅជាមួយនឹងមិចស៊ិចដែលជាប្រទេសក្បែរខាង រួមជាមួយនឹងប្រទេសឥណ្ឌា ដែលនឹងធ្វើការឆ្លើយតបនៅពេលខាងមុខ”។ សម្តេចបានដាក់ជាសំណួរថា តើវាមានផលប៉ះពាល់យ៉ាងណាសម្រាប់កម្ពុជាយើង និងមានផលប៉ះពាល់យ៉ាងណា សម្រាប់តំបន់ និងកំណើនសេដ្ឋកិច្ចសកលដែលបញ្ហានោះ វាមិនអនុគ្រោះឱ្យអ្នកណាទាំងអស់ ហើយសម្តេចបានចាត់ទុកបញ្ហានេះថា វាក៏ជាល្បែង «ចាញ់-ចាញ់»មួយនៅលើពិភពលោក ប្រសិនបើមិនមានការកែតម្រូវណាមួយ ហើយបន្តនៅក្នុងល្បែងដ៏មានគ្រោះថ្នាក់ស្តីពីសង្គ្រាមពាណិជ្ជកម្មនេះ។
សម្តេចបានបន្តថា ដូច្នេះទាមទារឱ្យថ្នាក់ដឹកនាំ បញ្ញវ័ន្តរបស់យើងធ្វើការសិក្សា ស្រាវជ្រាវអំពីលទ្ធភាព ដែលអាចកើតមានបែបនេះ លទ្ធភាពកើតមានបែបនោះ គឺមានលទ្ធភាពច្រើនដែលអាចដាក់ចេញ ដែលតាមរយៈនោះជម្រើសគោលនយោបាយរបស់យើង ក៏ត្រូវឆ្លើយតបទៅតាមបរិបទនីមួយៗផងដែរ។
សម្តេចបានគូសបញ្ជាក់ថា “នេះគឺមិនមែនជាបញ្ហាដ៏តូចនោះទេ ពិតមែនតែឧបទ្វីបកូរ៉េត្រូវបានធូរស្រាល។ ប៉ុន្តែបញ្ហាសកលបានកើតឡើងហើយ ដែលជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាបញ្ហាសេដ្ឋកិច្ច នៅក្នុងតំបន់របស់យើងផងដែរ”។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានថ្លែងថា ប្រសិនជាបញ្ហានេះវិវត្តន៍កាន់តែធ្ងន់ធ្ងរវាអាចធ្វើឲ្យមានវិបត្តិសេដ្ឋកិច្ចសាកលកើតឡើង តែលោកតែងតែគិតថាដោយសារលោកដូណាល់ ត្រាំជាបុគ្គលជំនួញ គាត់អាចនឹងគិតពីផលប្រយោជន៍នៃជំនួញ ដែលគាត់អាចបន្ឋូរបន្ថយភាពតានតឹងបាននាពេលខាងមុខ។លោកបន្តថា ផ្ទុយទៅវិញបើវិវត្តិនេះកើតឡើង កម្ពុជាកាន់តែពិបាក ដោយសារយើងជាផ្នែកតូចមួយនៃពិភពលោក ហើយពឹងផ្អែកលើការនាំចេញទៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ហេតុនេះយើងនឹងរងផលប៉ះពាល់មិនខាន។
លោកបន្តថា“ហេតុនេះដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះ យើងគួរមានភាពឈ្លាសវៃខាងនយោបាយ ដោយកុំឈរនៅតែខាងណាមួយ ប៉ុន្តែយើងឈរលើមូលដ្ឋាន ដែលគិតពីផលប្រយោជន៍សេដ្ឋកិច្ចជាធំ”។លោកបន្តថា “វាដូចជាកប៉ាល់មួយ ហើយកម្ពុជាមិនមែនជាអ្នកកាច់ចង្កូតកប៉ាល់នោះទេ តែយើងអាចធ្វើជារលកដែលជួយធ្វើឲ្យកប៉ាល់បើកបរទៅមុខ ក្នុងទិសដៅត្រឹមត្រូវមួយ”៕